(កំពង់ស្ពឺ)៖ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជនដៃដល់ចំនួន៤នាក់ ដែលបានធ្វើសកម្មភាពបាញ់បោះសេរីនៅផ្ទះលំហែលើភ្នំគិរីរម្យ ក្នុងពិធីខួបកំណើតនោះ បានចូលមកសារភាពកំហុស នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ជាមួយកាំភ្លើងខ្លី៣ដើម។

លោកឧត្តមសេនីយ៍ស្នងការ បានអះអាងទៀតថា ដោយឡែក ជនមេក្លោងដែលជាម្ចាស់ទីតាំងឈ្មោះ កង តារាវិឆៃ ហៅ កង ឆាយ កំពុងរត់គេចខ្លួន ហើយកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីស្វែងយកចាប់ខ្លួនផងដែរ។

បើតាមលោកឧត្តមសេនីយ៍ទោ សម សាមួន, ផ្ទះលំហែដែលកើតហេតុការណ៍បាញ់បោះសេរីនេះ មិនមែនជាកម្មសិទ្ធិរបស់ឈ្មោះ គៀង ចាន់តួ ដែលជាកូនរបស់នាយឧត្តមសេនីយ៍ គៀង សាវុធ នោះទេ ពោលលោកបានលក់មកឲ្យឈ្មោះ កង តារាវិឆៃ ហៅ កង ឆាយ ហើយ។

ឆ្លើយតាមការសាកសួរ និងចម្លើយសារភាព នៅចំពោះមុខសមត្ថកិច្ចជនដៃដល់ទាំង៤នាក់ខាងលើ បានសារភាពថា នៅថ្ងៃកើតហេតុពួកគេបាញ់កាំភ្លើងប្រហែលជិត៣០គ្រាប់ប៉ុណ្ណោះ។ ដោយឡែក សម្រាប់សំបកគ្រាប់ដែលរកឃើញនៅកន្លែងកើតហេតុ ប្រមាណ២០០គ្រាប់នោះ សមត្ថកិច្ចសន្និដ្ឋានជំហ៊ានដំបូងថា កន្លងទៅទីតាំងនេះក៏ធ្លាប់បាញ់បោះសេរីបែបនេះដែរ។

សូមរំលឹកថា ស្នូរគ្រាប់កាំភ្លើងជាច្រើនគ្រាប់បានបន្លឺឡើងយ៉ាងកងរំពងនៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលឮចេញពីក្នុងពិធីខួបកំណើតមួយស្ថិតនៅចំណុចផ្ទះលំហែ ភូមិថ្មី (ចំការតែ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (លើខ្នងភ្នំគិរីរម្យ) ដែលសមត្ថកិច្ចអះអាងថា ជាកម្មសិទ្ធិរបស់ឈ្មោះ ឆាយ ភេទប្រុស អាយុប្រហែល២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ។

ក្រោយមានការបាញ់បោះសេរី ដែលតែងតែកើតមានឡើងនៅបរិវេណផ្ទះខាងលើ នៅពេលមានការជួបជុំម្តងៗនោះ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចចំរុះបានចុះទៅពិនិត្យនៅកន្លែងកើតហេតុ ដោយរកឃើញសំបកគ្រាប់កាំភ្លើងវែង ខ្លីជាង២០០គ្រាប់។

សម្រាប់ករណីបាញ់បោះដោយសេរីនេះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ លោក ស៊ិន វិរៈ បានបញ្ជាឲ្យសមត្ថកិច្ចបើកការស្រាវជ្រាវតាមនីតិវិធីជាបន្ទាន់ចំពោះជនបង្ក។ នៅរសៀលថ្ងៃនេះ លោកព្រះរាជអាជ្ញា បានដឹកនាំកម្លាំងសមត្ថកិច្ចចំរុះ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យជាក់ស្តែង និងមានវិធានការបន្តទៀត៕