(ភ្នំពេញ)៖ ដោយមានការយក ចិត្តទុកដាក់ជាប្រចាំពីលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងការលើកកម្ពស់ សុខុមាលភាព សុខភាពប្រជាពលរដ្ឋ តាមរយៈការត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារ និងដោយមានការណែនាំពីលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ឱ្យបន្តពង្រឹងយុទ្ធនាការចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញ ពិសេសម្ហូបអាហារ នៅតាមបណ្តាទីផ្សារនានា ក្នុងក្របខណ្ឌទូទាំងប្រទេស ។

ជាក់ស្តែងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សាខា ក.ប.ប. រាជធានីភ្នំពេញ បានសហការជាមួយនាយកដ្ឋានមន្ទីរពិសោធន៍ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័ត ចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារ នៅទីតាំងកែច្នៃខ្ញីហាន់ និងចែកចាយ ចំនួន៣ទីតាំង ដោយមួយកន្លែង ក្នុងភូមិសាស្រ្តសង្កាត់បឹងសាឡាង និង២ទីតាំងទៀត នៅតំបន់ផ្សារនាគមាស សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជាលទ្ធផលវិភាគបឋមទៅលើខ្ញីហាន់ និងទឹកត្រាំខ្ញី ពុំទាន់កំណត់រកឃើញវត្តមាន Sodium Hydrosulfite នៅឡើយ។ យ៉ាងណាក៏ដោយក្រុមការងារបានយកគំរូទៅវិភាគ នៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. បន្តទៀត។

ក្នុងប្រតិបត្តិការនេះ ក្រុមមន្រ្តីជំនាញបានរកឃើញទីតាំងមួយកន្លែង មានសារធាតុគីមីគ្មានស្លាកសញ្ញាជាម្សៅស ចំនួន៨៥ គីឡូក្រាម និងសាជូរចំនួន២៨បាវ ស្មើនឹង ៨៣០គីឡូក្រាម សម្រាប់យកទៅប្រើប្រាស់លាយជាមួយទឹក និងដាក់ខ្ញីហាន់រួចត្រាំជាមួយ មុននឹងចែកចាយ។

តាមការវិភាគបឋម ទៅលើគំរូម្សៅស បង្ហាញថា គឺជាសារធាតុគីមីម្យ៉ាងមានឈ្មោះ Sodium Hydrosulfite ដែលជាប្រភេទសារធាតុគីមី មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាសារធាតុបន្ថែមក្នុងម្ហូបអាហារទេ។ ការទទួលទានផលិតផលម្ហូបអាហារ ដែលមានសារធាតុគីមីហាមឃាត់ Sodium Hydrosulfite ទៅក្នុងសារពាង្គកាយមនុស្ស អាចបណ្តាលឱ្យពិបាកដកដង្ហើម សម្ពាធឈាមចុះទាប វិលមុខ ឈឺពោះ ក្អួតចង្អោរ រាគរូស។ សម្រាប់អ្នក Allergic ធ្ងន់ធ្ងរជាមួយសារធាតុខាងលើនេះ ឬអ្នកមានជំងឺហឺត អាចបណ្តាលឱ្យពិបាកដកដង្ហើម និងអាចបាត់បង់ជីវិតបាន។

តាមការអះអាងពីម្ចាស់ទីតាំងខាងលើ គឺសារធាតុគីមីទាំងនេះ គាត់បានបញ្ជាទិញពីផ្សារច្បារអំពៅ។

ជាវិធានការ មន្ត្រីជំនាញបាន ដកហូតនូវសារធាតុគីមីជាម្សៅស Sodium Hydrosulfite ចំនួន ៨៥គីឡូក្រាម យកមករក្សាទុកជាបណ្តោះអាសន្ននៅសាខា ក.ប.ប. រាជធានីភ្នំពេញ, ឃាត់ជាបណ្តោះអាសន្ននៅនឹងកន្លែង (សៀលទុក) នូវខ្ញីហាន់ដែលកំពុងដាក់ត្រាំក្នុងធុងជ័រចំនួន ៣ធុង សរុបប្រមាណ ២៥០គីឡូក្រាម, ឃាត់ជាបណ្តោះអាសន្ននៅនឹងកន្លែង (សៀលទុក) នូវសារធាតុសាច់ជូរចំនួន ៨៣០គីឡូក្រាម ដើម្បីតាមដានអំពីគោលដៅប្រើប្រាស់ និងត្រូវមានច្បាប់អនុញ្ញាត ក្នុងករណីប្រើជាសារធាតុ បន្ថែមក្នុងម្ហូបអាហារ, យកគំរូទៅវិភាគនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. បន្តទៀត។ ករណីរកឃើញមានសារធាតុគីមី ហាមឃាត់ធ្វើឱ្យប៉ះពាល់ដល់សុខភាព អគ្គនាយកដ្ឋាន ក.ប.ប. នឹងចាត់វិធានការតាមផ្លូវច្បាប់។

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សូមអំពាវនាវដល់បុគ្គលធ្វើធុរកិច្ចម្ហូបអាហារ ជាអាទិ៍ អ្នកនាំចូល ផលិតករ សិប្បករ អ្នកកែច្នៃ អ្នកស្តុកទុក អ្នកចែកចាយ អ្នកលក់ដូរម្ហូបអាហារទាំងអស់ សូមមេត្តាកុំប្រើប្រាស់សារធាតុគីមី ហាមឃាត់ក្នុងចំណីអាហារ ដែលធ្វើឱ្យប៉ះពាល់ ដល់សុខភាពអ្នកទទួលទាន ករណីធ្ងន់ធ្ងរអាចបណ្ដាលឱ្យបាត់បង់ជីវិតភ្លាមៗ ឬបង្កជាជំងឺរ៉ាំរ៉ៃ ឬជំងឺប្រចាំកាយរយៈពេលជាយូរអង្វែង។

ទន្ទឹមនឹងនេះ ក៏សូមអំពាវនាវដល់គ្រប់តួអង្គ ពាក់ព័ន្ធទាំងអស់ មេត្តាចូលរួមទប់ស្កាត់ នូវផលិតផលមានសារធាតុគីមី ហាមឃាត់ ផលិតផលខូចគុណភាព ផលិតផលពុំមានអនុលោមភាពតាមបទប្បញ្ញត្តិ តាមរយៈការដាក់ពាក្យបណ្តឹង ឬផ្តល់ព័ត៌មានអំពីករណីខាងលើនេះ ទៅកាន់ក្រសួង ស្ថាប័ន មានសមត្ថកិច្ចពាក់ព័ន្ធ ពិសេសមកអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ដែលមានអាសយដ្ឋាន ផ្លូវ១៨ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឬទូរស័ព្ទលេខ (១). 0២៣ ២៣១ ៨៥៦ និង(២). 0៩២ ៨៣០ ៨៥៦ ដើម្បីអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម មានវិធានការតាមនីតិវិធីច្បាប់ជាធរមាន៕