(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦តទៅ អង្គជំនុំជម្រះសាលាដំបូងនៃ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) នឹងធ្វើសវនាការដេញ ដោលភស្តុតាងលើការចោទប្រកាន់ពាក់ព័ន្ធទៅនឹងការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ និង ការរំលោភសេពសន្ធវៈ នៅអំឡុងរបបកម្ពុជាប្រជាធិបតេយ្យ។ ដើមបណ្តឹង រដ្ឋប្បវេណីចំនួន០៨រូប សាក្សីចំនួន០៣រូប និង អ្នកជំនាញចំនួន០២រូប ត្រូវបានសម្រេចយកមកស្តាប់សក្ខីកម្មនៅក្នុងផ្នែកនេះ ក្នុងការជំនុំជម្រះក្តីលើសំណុំរឿង ០០២/០២ ប្រឆាំងនឹងជនជាប់ចោទ នួន ជា និង ខៀវ សំផន។
យោងតាមដីកាដំណោះស្រាយ បក្សកុម្មុយនីស្តកម្ពុជាបានអនុវត្តគោលនយោបាយស្តីពីការដាក់កំហិតលើការរៀបអាពាហ៍ពិពាហ៍ តាមរយៈមធ្យោបាយចាំបាច់នានា ចាប់ពីមុនឆ្នាំ១៩៧៥ រហូតដល់យ៉ាងហោចណាស់ ថ្ងៃទី ០៦ ខែ មករា ឆ្នាំ១៩៧៩ ដើម្បីសម្រេចឲ្យបាន និង ការពារបដិវត្តន៍សង្គមនិយម។ យោងតាមការចោទប្រកាន់ នៅទូទាំងប្រទេសកម្ពុជា បុរស និងស្រ្តី ត្រូវបានគេបង្ខំឲ្យរៀបការ នៅក្នុងពិធីរួមគ្នាដែលមានចាប់ពី ០២ ទៅជាង ១០០ គូក្នុងមួយលើកៗ។ តាមការចោទប្រកាន់ដដែល ចារីបានតម្រូវឲ្យអ្នករៀបការទាំងនោះរួមដំណេកដោយបង្ខំ ដែលធ្វើឲ្យជនរងគ្រោះទទួលរងនូវការបំពារបំពានផ្លូវភេទតាមវិធីបង្ខំ ដោយមិនមានការព្រមព្រៀងពីជនរងគ្រោះ។
រហូតមកដល់ពេលនេះ អង្គជំនុំជម្រះសាលាដំបូងបានស្តាប់សក្ខីកម្មសាក្សីចំនួន៩២រូប ដើមបណ្តឹង រដ្ឋប្បវេណីចំនួន៤៨រូប និង អ្នកជំនាញចំនួន០៤រូប ក្នុងរយៈពេលសវនាការចំនួន២១៦ថ្ងៃ។ បន្ទាប់ពីបញ្ចប់ សវនាការលើការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ និងការរំលោភសេពសន្ធវៈ អង្គជំនុំជម្រះសាលាដំបូងនឹងធ្វើសវនាការដេញដោលលើភស្តុតាងពាក់ព័ន្ធនឹងអង្គហេតុជម្លោះប្រដាប់អាវុធរវាងប្រទេសកម្ពុជាជាមួយប្រទេសវៀតណាម ហើយចុងក្រោយបំផុត អង្គជំនុំជម្រះនឹងធ្វើសវនាការលើតួនាទីរបស់ជនជាប់ចោទ នួន ជា និង ខៀវ សំផន។ អង្គជំនុំជម្រះរំពឹងថា សវនាការលើភ័ស្តុតាងនឹងបញ្ចប់នៅចុងឆ្នាំនេះ ហើយសាលក្រមនឹងប្រកាសនៅចុងឆ្នាំ ២០១៧ ខាងមុខ៕