(ភ្នំពេញ)៖ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានបង្ហាញបំណងចង់វិនិយោគលើវិស័យមួយចំនួននៅកម្ពុជា មាន​ដូច​ជា ប្រេង ថាមពល កសិកម្ម ចំណីអាហារ អាហារហាឡាល់ ការផ្តល់ហិរញ្ញវត្ថុ វិស័យកីឡា និង​ទេស​ច​រ​ណ៍​ជាដើម។

បំណងនេះត្រូវបានលើកឡើងដោយលោក Mohammed Ismaeil A.Dahlwy ឯកអគ្គរាជទូត​អារ៉ា​ប៊ី​សា​អ៊ូឌីត ប្រចាំនៅកម្ពុជា ក្នុងពេលជួបពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងជំនួបនោះ លោក Mohammed Ismaeil A.Dahlwy បានជម្រាបលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា​ដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺដើម្បីរិតចំណងមិត្តភាពកិច្ច​សហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណលោកឯកអគ្គរាជទូតដែលបានចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូនអំពីការងាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាអ្នកសម្របសម្រួលការ​វិនិយោគ​។

ក្រៅពីវិស័យដែលលើកខាងលើហើយនោះ លោក ស៊ុន ចាន់ថុល បានចង្អុលបង្ហាញឱ្យអារ៉ាប៊ីសាអ៊ូឌីត អាចពិនិត្យលទ្ធភាពវិនិយោគលើវិស័យមួយចំនួនទៀត ដូចជាវិស័យឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ជាដើម។ ជាមួយគ្នានេះប្រទេសទាំងពីរអាចពិនិត្យលទ្ធភាពជំរុញឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចវិនិយោគទៅវិញទៅមកដើម្បីទាក់ទាញ និងជួយឱ្យវិនិយោគិននៃប្រទេសទាំងពីរចាប់ដៃគ្នាធ្វើអាជីវកម្មផងដែរ៕