(សៀមរាប)៖ លោក អ៊ុង សំអាត ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតំណាងរបស់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបណ្ឌិត LIM Sang-seop អនុរដ្ឋមន្ត្រីស្ថាប័នសេវាកម្មព្រៃឈើកូរ៉េ (KFS) បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ក្នុងតំបន់ព្រៃចម្ការ ពូជគ្រញូងសម្រាប់គម្រោង ស្តីពីការបង្កើតព្រៃលំហែកម្សាន្ត និងសួនអាស៊ាន-កូរ៉េ ស្ថិតនៅក្នុងតំបន់ស្តារ និងអភិវឌ្ឍន៍ព្រៃឈើ «បន្ទាយស្រី» នៅ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ពិធីនេះបានប្រារព្វធ្វើឡើងដោយមានការអញ្ជើញចូលរួមរបស់ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកអភិបាលរងខេត្តសៀមរាប គណៈប្រតិភូនៃស្ថាប័នសេវាកម្មព្រៃឈើកូរ៉េ (KFS) និងអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី (AFoCO) មន្ត្រីរាជការអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋមកពីសហគមន៍ នៅក្នុងតំបន់នោះផងដែរ។

នៅក្នុងឱកាសនោះ បណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ បានជម្រាបជូនអំពីសាវតានៃតំបន់ចម្ការពូជក្រញូង និងគោលបំណងសំខាន់ៗ នៃការរៀបចំគម្រោង ក្នុងនោះរួមមាន៖ (១) ការលើកកម្ពស់សេវាកម្មទេសចរណ៍ និងព្រៃលំហែធម្មជាតិក្នុងប្រទេសកម្ពុជា (២) ការលើកកម្ពស់សុខុមាលភាពរបស់មនុស្ស ការអភិរក្សនិងការពារប្រភេទដើមឈើ និងរុក្ខជាតិដែលរងការគំរាមកំហែង (៣) ការលើកកម្ពស់កម្មវិធីអប់រំ និងការយល់ដឹងស្តីពីការស្តារព្រៃឈើឡើងវិញ ការអភិរក្សជីវចម្រុះ និងការចែករំលែកចំណេះដឹងនៅក្នុងតំបន់ និង (៤) ការអភិវឌ្ឍទំនាក់ទំនងទីផ្សារទេសចរណ៍ និងការរៀបចំផែនការ ហិរញ្ញវត្ថុឱ្យមាននិរន្តភាព ដើម្បីទ្រទ្រង់ដំណើរការរបស់ព្រៃលំហែធម្មជាតិ និងសួនអាស៊ាន-កូរ៉េក្នុងរយៈពេលវែង។

ទន្ទឹមនឹងនោះផងដែរ លោក Jin Sunpil នាយកប្រតិបត្តិរងនៃអង្គការសហប្រតិបត្តិព្រៃឈើអាស៊ី (AFoCO) ក៏បានលើកឡើងដែរថា គម្រោងព្រៃលំហែរកម្សាន្ត និងសួនអាស៊ាន-កូរ៉េ គឺស្របតាមយុទ្ធសាស្ត្របញ្ចកោណជំហានទី១ ដែលទើបនឹងដាក់ឱ្យដំណើរការថ្មី របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយភាពធន់ រឹងមាំ និងនិរន្តរភាព ដោយរក្សាបាននូវការថែទាំ ដី ធនធានធម្មជាតិ និងជីវៈចម្រុះ ដែលជាមូលដ្ឋានគ្រឹះនៃផលិតកម្មសេដ្ឋកិច្ចរបស់ប្រទេស។
យុទ្ធសាស្ត្រនេះ គឺជាឧទាហរណ៍នៃវិធីសាស្រ្តរួមមួយ ចំពោះការអភិរក្សព្រៃឈើ និងបរិស្ថានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដោយមិនត្រឹមតែដោះស្រាយបញ្ហាបរិស្ថានប៉ុណ្ណោះទេ ថែមទាំងសុខុមាលភាពសេដ្ឋកិច្ចសង្គម របស់សហគមន៍មូលដ្ឋានផងដែរ។ វាពិតជាគួរឱ្យរំភើបចិត្តក្នុងការឃើញភាពស្របគ្នា របស់គម្រោងជាមួយនឹងគោលដៅសំខាន់ៗរបស់កម្ពុជា។

គម្រោងទាំងពីរនេះ នឹងបង្ហាញអំពីនិរន្តភាពព្រៃឈើនៅក្នុងតំបន់ ដែលជាដំណោះស្រាយផ្អែកលើធម្មជាតិ ឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្រោមវិបត្តិអាកាសធាតុ។ ស្របពេលដែលចាប់ផ្តើមសាងសង់គម្រោងព្រៃលំហែរកម្សាន្ត និងសួនអាស៊ាន-កូរ៉េ សូមឱ្យជានិមិត្តសញ្ញានៃការប្តេជ្ញាចិត្តរបស់យើង ក្នុងការអភិរក្សធនធានព្រៃឈើ ការលើកកម្ពស់អេកូទេសចរណ៍ ប្រកបដោយនិរន្តរភាព និងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងចំណោមភាគីពាក់ព័ន្ធ ព្រមទាំង មានជំនឿថា កន្លែងទាំងនេះនឹងមិនត្រឹមតែជាកន្លែង នៃសម្រស់ធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែជាពន្លឺនៃក្តីសង្ឃឹម និងការបំផុសគំនិតសម្រាប់មនុស្សជំនាន់ក្រោយ។

ស្របគា្ននេះដែរ បណ្ឌិត LIM Sang-seop អនុរដ្ឋមន្ត្រីស្ថាប័នសេវាកម្មព្រៃឈើកូរ៉េ (KFS) បានសំដែងនូវសេចក្តីអំណរសាទរយ៉ាងជ្រាលជ្រៅ ចំពោះការរៀបចំពិធីបើកការដ្ឋានសាងសង់ ក្នុងតំបន់ព្រៃចម្ការពូជគ្រញូងសម្រាប់គម្រោង ស្តីពីការបង្កើតព្រៃលំហែកម្សាន្ត និងសួនអាស៊ាន-កូរ៉េ នាពេលនេះ ដែលគម្រោងនេះគឺជានិមិត្តរូបបង្ហាញ ពីភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការព្រៃឈើរវាងកូរ៉េនិងកម្ពុជា។

លោកបណ្ឌិត LIM Sang-seop ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការធានាដំណើរការប្រតិបត្តិ និងបញ្ចប់គម្រោងនេះឱ្យទទួលបានជោគជ័យ។

ថ្លែងក្នុងឱកាសនោះដែរ លោក អ៊ុង សំអាត បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលព្រៃឈើ ក្រោមកិច្ចសហប្រតិបត្តិការល្អជាមួយដៃគូ ផ្តល់ជំនួយ ជាពិសេសស្ថាប័នសេវាកម្មព្រៃឈើកូរ៉េ (KFS) និងអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី (AFoCO)ចំពោះការរៀបចំ និងអនុវត្តនូវគម្រោងនេះ។ តាមរយៈការ អនុវត្តគម្រោងនេះ នឹងបង្កើនឱកាសការងារ ការលើកកម្ពស់សេវាកម្មទេសចរណ៍តាមរយៈព្រៃលំហែធម្មជាតិ ការលើកកម្ពស់សុខុមាលភាពរបស់មនុស្ស និងការលើកកម្ពស់កម្មវិធីអប់រំ ព្រមទាំងបង្កើនសមត្ថភាពយល់ដឹងស្តីពីការស្តារព្រៃឈើឡើងវិញ និងការអភិរក្សជីវចម្រុះ ដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅតំបន់ ដែលមកទស្សនា និងសម្រាកលំហែ។

លោករដ្ឋលេខាធិការសង្ឃឹមថា ការសាងសង់សមិទ្ធផលថ្មីដែលនឹងលេចចេញរូបរាងនាពេលខាងមុខនេះ នឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការការពារនិងថែរក្សាព្រៃឈើ និងការកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕