(ពោធិ៍សាត់)៖ ដើម្បីជាការលើកទឹកចិត្តដល់ក្មួយៗ សិស្សានុសិស្ស ដែលរៀនពូកែជាប់ចំណាត់ថ្នាក់ ពីលេខ១ ដល់លេខ៥ ក្នុងដំណាច់ ឆ្នាំសិក្សា ២០១៥-២០១៦នេះ និងដោយមានការជួយឧបត្ថម្ភ ពីសំណាក់សប្បុរសជន មន្ទីរអង្គភាពនានាជុំវិញខេត្ត និងមាតាបិតាសិស្ស ជាសម្ភារៈ និងថវិការផងនោះ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ សាលាបឋមសិក្សាពោធិ៍សាត់ បានធ្វើពិធីជូនរង្វាន់និងចែក លិខិតសរសើរ ដល់សិស្សានុសិស្សចំនួន ៣៧៩នាក់ដែលជាប់ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៥។
ពិធីនេះមានការចូលរួមពី លោក ចាប នាង អភិបាលក្រុងពោធិ៍សាត់ តំណាងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ លោក លឹម វុទ្ធី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងលោកវរសេនីយ៍ឯក ព្រុំ សារុន ស្នងការរងនគរបាលខេត្ត លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ជាច្រើននាក់ផងដែរ។
លោក ឆេង រិទ្ធ នាយកសាលាបឋមសិក្សាពោធិ៍សាត់ បានឲ្យដឹងថា នៅក្នុងសាលាបឋមសិក្សាពោធិ៍សាត់ មានថ្នាក់រៀនសរុប៥៥ថ្នាក់ មានសិស្ស ២១៧៧នាក់ ស្រី១០១៩នាក់។ សិស្សជាប់មធ្យមភាគមានចំនួន ២០២៣នាក់ ស្មើនឹង ៩០.៩២% ស្រី ៩៦៨នាក់ ស្មើនឹង ៩២.៦៣%។
សិស្សធ្លាក់មធ្យមភាគមានចំនួន ១៥៤នាក់ ស្មើនឹង៦.៩២% ស្រី ៥១នាក់ ស្មើនឹង ៤.៨៨%។ សិស្សបោះបង់ការសិក្សាមានចំនួន ៤៨នាក់ ស្មើនឹង ២.១៦% ស្រី២៦នាក់ ស្មើនឹង ២.៤៩%។ ថ្ងៃនេះយើងធ្វើពិធីចែកលិខិតសរសើរ និងជូនរង្វាន់ដល់សិស្សានុសិស្សចំនួន ៣៧៩នាក់ដែលខិតខំរៀនសូត្រទទួលចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៥ ដើម្បីជាការលើកទឹកចិត្តដល់ពួកគេ ឲ្យខិតខំរៀនសូត្រ បន្តទៀត។ ក្នុងនាមគណៈគ្រប់គ្រង និងលោកគ្រូអ្នកគ្រូ លោកសូមអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន គណៈកម្មការទ្រទ្រង់សាលា មាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ មេត្តាបន្តការចូលរួមជួយឧបត្ថម្ភគាំទ្របន្តទៀត ដើម្បីអភិវឌ្ព្យន៍សាលារៀន ឲ្យមានការរីកចម្រើន ពិសេសជួយអប់រំកូនចៅឲ្យខិតខំរៀនសូត្រ ស្រលាញ់ប្រពៃណីវប្បធ៌ម និងអរិយធ៌មរបស់ជាតិយើងគ្រប់ៗគ្នា។
លោក ចាប នាង អភិបាលក្រុងពោធិ៍សាត់ បានសម្តែងការអបអរសាទរយ៉ាងកក់ក្ដៅ និងកោតសរសើរដោយស្មោះចំពោះលោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលា ដែលបានយកចិត្តទុកដាក់ខិតខំបំពេញការងារ តាំងពីដើមឆ្នាំរហូតដល់ដំណាច់ឆ្នាំសិក្សាក្នុងការ ផ្ដល់សេវាអប់រំដល់ក្មួយៗសិស្សានុសិស្ស ឲ្យទទួលបានលទ្ធផលគួរជាទីមោទនៈ។ទាំងអស់នេះពិតជាបានរួមចំណែកយ៉ាងធំធេង ក្នុងការអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសផែនការយុទ្ធសាស្ត្រវិស័យអប់រំ លើការបណ្ដុះបណ្ដាលធនធានមនុស្ស ឲ្យមានសមត្ថភាពពេញលេញ មានអាកប្បកិរិយាថ្លៃថ្នូរប្រកបដោយគុណធម៌ខ្ពស់ សម្រាប់អនាគតដ៏ភ្លឺស្វាង នៃមាតុភូមិកម្ពុជាដ៏រុងរឿង នៃយើង។
លោកបានបញ្ជាក់ថា នេះជាសកម្មភាពដ៏មានសារសំខាន់ និងមានអត្តន័យដ៏ធំធេង របស់លោកគ្រូអ្នកគ្រូដែលបានខិតខំពុះពារ រាល់ការលំបាក ដើម្បីសម្រេចទិសដៅផែនការយុទ្ធសាស្ត្រវិស័យអប់រំថ្មី ឆ្នាំ២០១៥-២០២០ ស្របតាមគោលនយោបាយ សម្រាប់ទាំងអស់គ្នា។
លោកអភិបាលក្រុងបានផ្ដាំផ្ញើដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ខិតខំរៀនសូត្រ គោរពវិន័យសាលា កសាងខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋថ្លៃថ្នូរ មានចំណេះដឹងមានសីលធ៌មល្អសម្រាប់អនាគតរបស់ខ្លួន និងប្រទេសជាតិ។ ម្យ៉ាងវិញទៀតក្មួយៗត្រូវចៀសឲ្យ ឆ្ងាយពីគ្រឿងញៀន និងគ្រឿងស្រវឹង ឫអំពើអបាយមុខផ្សេងៗ ដែលធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម និងអនាគតក្មួយៗពិសេស ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបាន ១០០%ទាំងអស់គ្នា។
សូមបញ្ជាក់ថា ពិធីនេះមិនត្រឹមតែចែកលិខិតសរសើរ និងជូនរង្វាន់ដល់សិស្សរៀនពូកែប៉ុណ្ណោះទេគឺបានជួយឧបត្ថម្ភដល់លោកគ្រូអ្នកគ្រូ ដែលចូលនិវត្តន៍ ព្រមទាំងមានការសម្ដែងសិល្បៈជូនទស្សនាកំសាន្តផងដែរ៕