(បាត់ដំបង)៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សហការជាមួយសាខាសមាគមខេត្តបាត់ដំបង បានរៀបចំសិក្ខាសាលាជួបជុំគ្នាជាមួយម្ចាស់អាជីវកម្មដែលជាសហគ្រាសធុនតូចនិងមធ្យមក្នុងខេត្តបាត់ដំបង ដើម្បីពិភាក្សាគ្នាដកស្រង់បទពិសោធន៍ថ្មីៗ បញ្ហាប្រឈម និងគន្លឹះល្អៗសម្រាប់ផ្សព្វផ្សាយបញ្ជ្រាបដល់អាជីវករគ្រប់ប្រភេទ និងផ្តល់ចំណេះដឹងដល់សិស្ស និស្សិត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

សិក្ខាសាលានេះធ្វើឡើងនារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលាវេស្ទឡាញ ក្រុងបាត់ដំបង ក្រោមវត្តមានលោកស្រី ប៉ោ ជូ អគ្គនាយិកាក្រុមហ៊ុន Allcon Consulting និងជាសមាជិកាក្រុមប្រឹក្សាភិបាលសហគ្រិនវ័យក្មេងកម្ពុជា លោក ឡាយ គឹមសួរ អនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា លោក ហុង ស៊ីថា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តបាត់ដំបង លោក លាង វាសនា អភិបាលក្រុងបាត់ដំបង លោក ហ៊ិន វុឌ្ឍី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង និងម្ចាស់អាជីវកម្មជាច្រើននាក់ទៀតចូលរួមផងដែរ។

លោក ហុង ស៊ីថា បានលើកឡើងថា វេទិកាសហគ្រិនភាពកម្ពុជា២០២៣ «ការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនដែលមានភាពធន់ និងប្រកបដោយបរិយាបន្ន» ទិវាសប្តាហ៍សហគ្រិនភាពសកល គឺជាការអបអរសាទរដ៏ធំបំផុតនៅលើពិភពលោកដល់អ្នកផ្តួចផ្តើមគំនិត និងអ្នកបង្កើតការងារថ្មី ដែលបានចាប់យកនូវគំនិតល្អៗសម្រាប់ដឹកនាំឱ្យមានការរីកចម្រើនលើវិស័យសេដ្ឋកិច្ច។ ទិវានេះត្រូវបានរៀបចំឡើងនៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំក្នុងសប្តាហ៍ជាមួយគ្នា។ ចាប់តាំងពីកិច្ចខិតខំប្រឹងប្រែងលើកដំបូងក្នុងឆ្នាំ២០០៨ ទិវាសប្តាហ៍សហគ្រិនភាពសកល (GEW) បានជួយមនុស្សជាង៥០លាននាក់ស្វែងរកសក្តានុពលផ្ទាល់ខ្លួនក្នុងការចាប់ផ្តើម និងពង្រីកអាជីវកម្មថ្មី។ ជាមួយនឹងប្រមាណជាង៤៣,៥០០ព្រឹត្តិការណ៍ ដែលប្រារព្ធឡើងនៅជុំវិញពិភពលោកដោយដៃគូមានជាង១៩,៩០០។

លោក ហុង ស៊ីថា បានបន្តថា សម្រាប់ឆ្នាំ២០២៣ ទិវាសប្តាហ៍សហគ្រិនភាពសកល-កម្ពុជា នឹងប្រព្រឹត្តឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តក្រចេះ និងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ដើម្បីចែករំលែកនូវបទពិសោធន៍ដែលទាក់ទងនិងប្រធានបទខាងលើ ដើម្បីជាកាលានុវត្តភាពក្នុងការចាប់យកនូវគំនិតល្អៗសម្រាប់បង្កើនជាជំនាញក្នុងភាពជាអ្នកដឹកនាំ និងបណ្តុះនូវសហគ្រិនភាព ដើម្បីជាផលវិជ្ជមានក្នុងការរីកចម្រើនលើវិស័យសេដ្ឋកិច្ចជាតិ ដោយរំពឹងថាមានអ្នកចូលរួមជាសិស្ស-និស្សិត មន្ត្រីរាជការ និងម្ចាស់អាជីវកម្មដែលជាសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជាសរុបជាង២ពាន់នាក់។

ជារៀងរាល់ឆ្នាំ អង្គការបណ្តាញសហគ្រិនភាពសកល-កម្ពុជា (GEN Cambodia) ជាស្ថាប័នផ្លូវការក្នុងការរៀបចំទិវានេះសហការជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ព្រមទាំងទទួលបានការគាំទ្រ និងសហការពីស្ថាប័នរដ្ឋ ឯកជន និងដៃគូអភិវឌ្ឍន៍ជាច្រើនទៀត។ ចាប់ពីឆ្នាំ២០២៣នេះតទៅ ដើម្បីអបអរទិវាសប្តាហ៍សហគ្រិនភាពសកល-កម្ពុជា (GEW Cambodia) និងស្របតាមផែនការយុទ្ធសាស្រ្តរបស់ខ្លួន សមាគមសហគ្រិនវ័យក្មេងកម្ពុជានឹងបង្កើតវេទិកាធំជាងគេប្រចាំឆ្នាំរបស់ខ្លួន ដែលហៅថាវេទិកាសហគ្រិនភាពកម្ពុជា ឬជាភាសាអង់គ្លេស Cambodia Entrepreneurship Symposium ក្រោមប្រធានបទ «ប្រព័ន្ធអេកូសហគ្រិន និងការផ្លាស់ប្តូរឌីជីថលសម្រាប់សហគ្រាសធុនតូច និងមធ្យម» នៅរាជធានីភ្នំពេញ។

សមាគមក៏អនុញ្ញាតនិងលើកទឹកចិត្តឱ្យសាខាសមាគមតាមខេត្តរៀបចំអបអរទិវានេះនៅតាមខេត្តរៀងៗខ្លួនផងដែរ។កាលវិភាគនៃការរៀបចំកម្មវិធីអបអរទិវានេះត្រូវបានសង្ខេបដូចក្នុងតារាងខាងក្រោម៖

*សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានបង្កើតឡើងក្នុងខែកញ្ញា ឆ្នាំ២០០៩ ដោយបណ្តុំសហគ្រិនវ័យក្មេងកម្ពុជាដែលមានចំណង់ចំណូលចិត្តនិងភាពមោះមុត មកពីវិស័យធុរកិច្ចផ្សេងៗក្នុងប្រទេសកម្ពុជា។ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ត្រូវបានបង្កើតឡើងក្នុងនាមជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលជំរុញដោយអ្នកស្ម័គ្រចិត្ត និងជឿថាការរីកចំរើននៃសេដ្ឋកិច្ចជំនាន់ក្រោយរបស់ប្រទេសមួយភាគច្រើន អាស្រ័យទៅលើការត្រៀមខ្លួនរបស់អ្នកជំនាញវ័យក្មេងជំនាន់ក្រោយក្នុងនាមជាសហគ្រិន និងអ្នកដឹកនាំអាជីវកម្មដែលបុគ្គលម្នាក់ៗចូលរួមយ៉ាងសកម្ម។

*អង្គការបណ្តាញសហគ្រិនភាពសកល (GEN) និងអង្គការបណ្តាញសហគ្រិនភាពសកល-កម្ពុជា (GEN Cambodia)
អនុវត្តគម្រោង និងកម្មវិធីជាមួយបណ្តាប្រទេសចំនួន១៧០ផ្សេងទៀត ដែលមានគោលបំណងធ្វើឱ្យមានភាពងាយស្រួលសម្រាប់សហគ្រិនកម្ពុជាក្នុងការចាប់ផ្តើម និងពង្រីកអាជីវកម្ម។ តាមរយៈការជំរុញកិច្ចសហការឆ្លងប្រទេសអោយកាន់តែស៊ីជម្រៅរវាងសហគ្រិន អ្នកវិនិយោគអ្នក ស្រាវជ្រាវ អ្នកបង្កើតគោលនយោបាយ និងអង្គការដែលគាំទ្រសហគ្រិនបណ្តាញសហគ្រិនភាពសកលកម្ពុជាធ្វើការដើម្បីបង្កើនប្រព័ន្ធអេកូឡូស៊ីដែលជួយបង្កើតការងារបន្ថែម អប់រំបុគ្គល ជំរុញល្បឿននៃការច្នៃប្រឌិត និងពង្រឹងកំណើនសេដ្ឋកិច្ចប្រទេស។

អង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជា ផ្តោតលើប្រតិបត្តិការថ្នាក់ជាតិ និងសកលលោក ក្នុងគោលនយោបាយ ការស្រាវជ្រាវ និងកម្មវិធីធានាដែលធានាថាសមាជិកទាំងអស់មានសិទ្ធិពិសេសអាចទទួលបាន ចំណេះដឹង បណ្តាញសហគមន៍ និងកម្មវិធីទាក់ទងទៅនឹងសេដ្ឋកិច្ច ប្រព័ន្ធអេកូឡូស៊ី វប្បធម៌ ភាសា ភូមិសាស្ត្រ និងកម្មវិធីជាច្រើនទៀត។ អង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជា ជួយអបអរសាទរ ស្វែងយល់ គាំទ្រនិងភ្ជាប់សហគ្រិន និងអ្នកដែលជាជើងឯកក្នុងវិស័យនេះ។

សិក្ខាសាលានោះដែរក៏មានចូលរួមពីវាគ្មិនចំនួន៣រូបមកចែករំលែកបទពិសោធន៍ដល់អង្គសិក្ខាសាលាទាំងមូល ព្រមទាំងមានការពិភាក្សា សួរសំណួរដល់វាគ្មិនបកស្រាយពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាទំនើបកម្ម ផ្នែកច្បាប់បានយ៉ាងល្អប្រសើរ ធ្វើឲ្យសិក្ខាកាមមានការយល់ដឹងកាន់តែច្បាស់ពីឱកាសក្នុងការវិនិយោគនៅក្នុងខេត្តបាត់ដំបង និងបរិវត្តកម្មឌីជីថលសម្រាប់សហគ្រាសធុនតូចនិងមធ្យមផងដែរ៕