(សៀមរាប-កណ្តាល)៖ បណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក ហួត សារឹម អនុរដ្ឋលេខាធិការ នៅថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានដឹកនាំគណៈប្រតិភូអន្តរក្រសួងរួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារស្ថាបនាផ្លូវចំនួន ០២គម្រោង អនុវត្តដោយនាយកដ្ឋាននាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ប្រើប្រាស់ថវិកាជាតិ។

គម្រោងទី១៖ ផ្លូវប្រភេទកម្រាលកៅស៊ូពីរជាន់ (DBST) ចំនួន០១ខ្សែ ប្រវែង ៤ ០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតនៅភូមិអន្លង់សំណរ ឃុំអន្លង់សំណរ ទៅភូមិតាយ៉ុន ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប និងគម្រោងទី២៖ ផ្លូវប្រភេទកម្រាលបេតុងចំនួន ១ខ្សែ ប្រវែង ១ ២០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ស្ថិតនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។

ក្នុងឱកាសនោះដែរ លោកវរសេនីយ៍ឯក ខេង សាវុធ តំណាងអ្នកទទួលការ បានរាយការណ៍ជូនគណៈកម្មការអន្តរក្រសួង ជ្រាបអំពីសារៈសំខាន់នៃខ្សែផ្លូវទាំង ០២ខ្សែ ខាងលើ ដែលជាសសៃឈាមតភ្ជាប់សេដ្ឋកិច្ចពីតំបន់មួយទៅកាន់តំបន់មួយ ដូចជាការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ សិស្សានុសិស្សទៅសាលារៀន ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋបានគ្រប់រដូវកាល និងការដឹកអ្នកជម្ងឺទៅកាន់កាន់មណ្ឌលសុខភាពបានទាន់ពេលវេលា ពិសេសក្នុងរដូវវស្សា។

លើសពីនេះ លោកបណ្ឌិតរដ្ឋលេខាធិការ បានណែនាំដល់អ្នកទទួលការ ឲ្យជួយថែទាំផ្លូវនេះឲ្យបានដិតដល់ និងត្រូវចេះសហការណែនាំបំផុសប្រជាជន អាជ្ញាធរមូលដ្ឋាន ឱ្យចូលរួមជួយថែទាំផ្លូវខាងលើ ដោយចាត់ទុកថាផ្លូវនេះជារបស់ពួកគាត់ ព្រមទាំងមានការយាមកាមអោយបានហ្មត់ចត់ និងជៀសវាងកុំឱ្យមានរថយន្តដឹកលើសទម្ងន់កម្រិតកំណត់ ធ្វើចរាចរលើផ្លូវជនបទ ប្រយោជន៍ ដើម្បីរក្សាគុណភាពផ្លូវ និងប្រើប្រាស់បានយូរអង្វែង៕