(ភ្នំពេញ)៖ លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការបដិសេធទាំងស្រុងចំពោះការចោទប្រកាន់របស់លោក ប៉ា ងួនទៀង មកលើមន្ត្រីនគរបាល ដែលប្រចាំការនៅសាលាដំបូងរាជធានីភ្នំំពេញ។
អ្នកនាំពាក្យនៅស្ថាប័នតុលាការក្រុងភ្នំពេញ ដែលមានទំនាក់ទំនងល្អជាអ្នកកាសែតរូបនោះ បានបញ្ជាក់បន្ថែមថា៖ មន្ត្រីរបស់លោកបានជួយសម្របសម្រួល និងរៀបចំ សណ្តាប់ធ្នាប់នៅបរិវេណសាលាដំបូងសម្រាប់ការធ្វើកិច្ចសម្ភាសន៍របស់លោក ប៉ា ងួនទៀង ជាមួយអ្នកសារព័ត៌មាន នៅពេលលោកចូលឆ្លើយបំភ្លឺជាសាក្សី។
លោក លី សុផាណា បានបញ្ជាក់ក្នុងនាមស្ថាប័នតុលាការយ៉ាងដូច្នេះថា៖ «យើងសូមបដិសេធទាំងស្រុង ចំពោះការចោទប្រកាន់របស់លោក ប៉ាង ងួនទៀង មកលើមន្ត្រីនគរបាលដែលប្រចាំការនៅសាលាដំបូងរាជធានីភ្នំំពេញ ដោយសារវាពុំមែនជាការពិត ។ មន្ត្រីរបស់យើងបានជួយសម្របសម្រួល និងរៀបចំ សណ្តាប់ធ្នាប់នៅបរិវេណសាលាដំបូង សម្រាប់ការធ្វើកិច្ចសម្ភាសន៍របស់លោក ប៉ា ងួនទៀង ជាមួយអ្នកសារព័ត៌មាន នៅពេលលោកចូលឆ្លើយបំភ្លឺជាសាក្សី»។
សូមជំរាបថា នៅព្រឹកមិញនេះ (ព្រឹកថ្ងៃទី១៧ ខែសីហានេះ) លោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានរិះគន់ ប៉ូលិសយាមសាលាដំបូងរាជធានីភ្នំពេញម្នាក់ថា អសីលធម៌ ដែលបានរុញច្រានរូបលោក ពេលសម្ភាសជាមួយអ្នកកាសែត នៅខាងមុខប៉ុស្តិ៍យាមតុលាការ។
ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពី នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) រូបនោះ បានចូលទៅបំភ្លឺក្នុងនាមជាសាក្សី នៅតុលាការក្រុងភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែសីហានេះ លើសំណុំរឿងសូកប៉ាន់សាក្សី ដែលពាក់ព័ន្ធនឹងចម្លើយរបស់ កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំនាពេលកន្លងទៅ៕