(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នីតិកាលទី៧ នឹងធ្វើការជ្រើសរើសបេក្ខជនឈរឈ្មោះជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អនុលោមតាមមាត្រា៥ និងមាត្រា៦ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

តាមរយៈសេចក្តីជូនដំណឹងដែលណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ឥស្សរជនដែលមានបំណងឈរឈ្មោះជាបេក្ខជនក្នុងការជ្រើសរើសនេះ ត្រូវដាក់ពាក្យសុំឈរឈ្មោះជាបេក្ខជន ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដោយមានភ្ជាប់មកជាមួយនូវ៖

១- ជីវប្រវត្តិសង្ខេប ០២ច្បាប់
២- សេចក្តីចម្លងសំបុត្រកំណើត ០២ច្បាប់
៣- ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០២ច្បាប់
៤- សេចក្តីប្រកាសអំពីសញ្ជាតិ (មានគំរូផ្តល់ជូន) ០២ច្បាប់
៥- សេចក្តីបញ្ជាក់អំពីការចុះឈ្មោះបោះឆ្នោត ដោយអាជ្ញាធរឃុំ សង្កាត់ ដែលសាមីខ្លួនបានចុះឈ្មោះបោះឆ្នោត ០២ច្បាប់
៦- សញ្ញាបត្រថ្នាក់ឧត្តមសិក្សា ឬលិខិតបញ្ជាក់ថាបានបញ្ចប់ការសិក្សាចាប់ពីថ្នាក់ឧត្ដមសិក្សាឡើងទៅ ០២ច្បាប់
៧- លិខិតបញ្ជាក់អំពីបទពិសោធន៍ការងារយ៉ាងតិច ១០ឆ្នាំ ដែលចេញដោយ អង្គភាពដែលសាមីខ្លួនបម្រើការងារ ០២ច្បាប់
៨- សេចក្តីប្រកាសអំពីចំណងសហព័ទ្ធ ញាតិលោហិត និងញាតិពន្ធ (មានគំរូផ្តល់ជូន) ០២ច្បាប់
៩- លិខិតថ្កោលទោស ០២ច្បាប់
១០-រូបថតទំហំ ៤ x ៦ (រូបថតថ្មី ថតចំពីមុខ គ្មានពាក់វ៉ែនតា) ០៣សន្លឹក

អគ្គលេខាធិការដ្ឋានរដ្ឋសភានឹងទទួលពាក្យសុំឈរឈ្មោះជាបេក្ខជនចាប់ពីថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២៣ រៀងរាល់ថ្ងៃ ពេលព្រឹកចាប់ពីម៉ោង ៧:០០ ដល់ម៉ោង ១១:៣០នាទី និងពេលរសៀលចាប់ពីម៉ោង ១៤:០០ ដល់ម៉ោង ១៧:៣០នាទី នៅនាយកដ្ឋានគ្រប់គ្រងបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។ កាលបរិច្ឆេទឈប់ទទួលពាក្យនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៧:៣០នាទីរសៀល៕