(សៀមរាប)៖ ក្រុមការងារអន្ដរក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទ ដឹកនាំដោយលោក នួន ដាញិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលគុណភាពផ្លូវ បន្ទាប់ពីជួសជុលរួចរាល់មួយរយភាគរយដែលខូចខាតដោយសារទឹកជំនន់ និងរថយន្ដដឹកជញ្ជូនលើសទម្ងន់ នៅស្រុកសូទ្រនិគម និងស្រុកជីក្រែង ខេត្ដសៀមរាប។

លោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្ដសៀមរាប បានឱ្យដឹងថា ផ្លូវមួយខ្សែនេះ មានប្រវែងជាង១២គីឡូវម៉ែត្រ នៅចំណុចឃុំតាយ៉ែក និងឃុំពង្រលើ មានទំហំទទឹងខ្នងលើ៦ម៉ែត្រ ដោយប្រភពថវិការាជរដ្ឋាភិបាលជួលជុល ក្រោមគម្រោងថែទាំខួបក្រាលគ្រួសក្រហម ដោយមន្ទីរអភិវឌ្ឍន៍ជនបទ។

លោកបានបន្តថា ផ្លូវនេះបានជួសជុលឡើងវិញរយៈពេល ៣ខែ ដោយចាប់ពីខែកក្កដា ដល់ខែតុលា ឆ្នាំ២០២៣ ដែលមកដល់ពេលនេះជួសជុលរួរាល់១០០ភាគរយហើយ។

លោក ទូច ម៉ាឡា បានបន្ថែមថា ផ្លូវគ្រួសក្រហមមួយខ្សែនេះ បានសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ចាប់តាំងឆ្នាំ២០១៩មក ប៉ុន្ដែត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ពិបាកធ្វើដំណើរ ដោយមានគ្រហ៊ុកធំៗ ដោយសារទឹកជំនន់ផង និងដោយសាររថយន្ដដឹកជញ្ជូនលើសទម្ងន់ផង ទើបធ្វើឱ្យពិបាកធ្វើដំណើរ ខណៈដែលនៅតំបន់នោះ សំបូរដោយដំណាំកសិកម្មដូចដំឡូង និងស្វាយចន្ទីជាដើម។

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្ដសៀមរាប បានបញ្ជាក់ថា ក្រុមគណៈកម្មការនៃក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលស្គាល់ពីគុណភាពមួយរយភាគរយ បន្ទាប់ពីបានវាយតម្លៃលទ្ធផលរួចរាល់ ព្រោះផ្លូវមួយខ្សែនេះ មានសារៈសំខាន់សម្រាប់បម្រើផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅកាន់ទីផ្សារ មន្ទីរពេទ្យ វត្តអារាម សាលារៀន និងសេវាសាធារណៈផ្សេងៗ។

បើតាមរបាយការណ៍របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្ដសៀមរាប បានបង្ហាញថា ហេដ្ឋានរចនាសម្ព័ន្ធផ្លូវជនបទ ដែលបានទទួលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនៅអំឡុងខែតុលា ឆ្នាំ២០២៣ មានចំនួនជាង៦៨ខ្សែ ក្នុងនោះមានផ្លូវលិចទឹក ទឹកហូរដាច់តួផ្លូវ ទឹកច្រោះជើងទេរជាដើម៕