(បន្ទាយមានជ័យ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំប្រតិភូ នាំយកអាវរងាដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បណ្តាអង្គភាពឈរជើងនៅតាមព្រំដែនទិសទី១ យោធភូមិភាគទី៥ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ស្ថិតក្នុងភូមិភ្នំជញ្ជាំង ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានសម្ដែងនូវការដឹងគុណយ៉ាងក្រៃលែងជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ និងគិតគូរពីសុខទុក្ខរបស់បងប្អូន នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ដែលជានិច្ចកាល សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែផ្តល់ និងចែកអំណោយជាអាវភ្លៀង អាវរងាចំនួន២លើក ក្នុងមួយឆ្នាំជូនដល់បនប្អូនយើងពុំដែលអាក់ខានឡើយ។

ឧត្តមសេនីយ៍ត្រី បានបន្ថែមទៀតថា ជាការពិតណាស់ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងការយកចិត្តទុកដាក់ខ្ពស់ពី នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បណ្ដាអង្គភាពចំណុះកងទ័ពជើងគោក ពិតជាបានបន្តការអភិវឌ្ឍខ្លួនយ៉ាងគាប់ប្រសើរទាំងសមត្ថភាព ចំណេះដឹង ការបំពេញភារកិច្ច ពិសេសកម្រិតនៃការរស់នៅប្រចាំថ្ងៃរបស់កងទ័ពកាន់តែមានភាពប្រសើរឡើង តាមរយៈការគាំទ្រទាំងស្មារតី និងសម្ភាររបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានថ្លែងថា ជានិច្ចកាលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែផ្តល់ និងចែកអំណោយជាអាវភ្លៀង អាវរងាចំនួន០២លើក ក្នុងមួយឆ្នាំ ជូនដល់បងប្អូនយើងពុំដែលអាក់ខានឡើយ ក្នុងនោះអាវភ្លៀង ១លើក សម្រាប់រដូវភ្លៀង និងអាវរងា ១លើក សម្រាប់រដូវត្រជាក់ជារៀងរាល់ឆ្នាំ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ចំពោះគំរូវីរភាពដ៏អង់អាចក្លាហានរបស់កងកម្លាំងប្រដាប់អាវុធដែលបានពុះពារឆ្លងកាត់គ្រប់ឧបសគ្គ បូជាទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបានលះបង់ពលីជីវិតដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជន។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានបន្ថែមថា កងកម្លាំងប្រដាប់អាវុធ ជាកម្លាំងដ៏សំខាន់ មិនអាចខ្វះបាន នៅក្នុងការរក្សាបាននូវការ ការពារអធិបតេយ្យភាព បូរណភាពទឹកដី ជូនប្រទេសជាតិ និងប្រជាជន។ ត្រូវគោរព និងការពារ ជាតិ សាសន ព្រះមហាក្សត្រ ការពារដាច់ខាតសុខសន្តិភាព និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើន៕