(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃអង្គារទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំការងារជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីជួបសំណេះសំណាល និងសែ្វងយល់ពីបញ្ហាប្រឈម ក្នុងការបំពេញការងារ ក៏ដូចជាដើម្បីកំណត់ និងតម្រង់ទិសដៅអាទិភាពការងារ ក្នុងបរិការណ៍ថ្មី។

គួរបញ្ជាក់ដែរថា រាជបណ្ឌិត្យសភាកម្ពុជា មានបេសកកម្មដឹកនាំ គ្រប់គ្រង អភិវឌ្ឍការសិក្សាស្រាវជ្រាវ វិទ្យាសាស្ត្រ បច្ចេកទេស បណ្តុះបណ្តាល និងអភិវឌ្ឍធនធានបញ្ញាញាណជាន់ខ្ពស់របស់ជាតិ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះការខិតខំសម្រេចបាននូវសមិទ្ធផលការងារជាច្រើននាពេលកន្លងមក ជាពិសេសការងារសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្រ្តសង្គម និងការរៀបចំសនិ្នសិទ សិក្ខាសាលា និងវេទិកាជាច្រើនទៀត ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា ស្នាដៃការងារដ៏ធំមួយដែលរាជបណ្ឌិត្យសភាកម្ពុជា ទើបសម្រេចបាននាពេលថ្មីៗនេះ គឺវចនានុក្រមខ្មែរ ឆ្នាំ២០២២ ដែលជាគុណតម្លៃអក្សរសាស្រ្តជាតិ មិនអាចកាត់ថ្លៃបាន។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្តថា តាមរយៈបេសកកម្ម និងភារកិច្ចរបស់ខ្លួន ដូចមានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តជាធរមាន, ស្នាដៃនៃការសិក្សាស្រាវជ្រាវរបស់រាជបណ្ឌិត្យ សភាកម្ពុជាមានសក្តានុពលរួមចំណែកដល់ការកំណត់ចក្ខុវិស័យរបស់ប្រទេស និងការរៀបចំគោលនយោយបាយនានា សម្រាប់បម្រើឱ្យការអភិវឌ្ឍរយៈពេលវែង ក៏ដូចជាការអភិវឌ្ឍធនធានមនុស្សកម្រិតខ្ពស់ និងការអប់រំខាងផ្នែកសង្គម សីលធម៌ ចរិយាធម៌ ជាពិសេសការថែរក្សាអត្តសញ្ញាណជាតិ នៅក្នុងបរិការណ៍សកលភាវូបនីយកម្ម។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានផ្តល់ការណែនាំដល់ថ្នាក់ដឹកនាំរាជបណ្ឌិត្យ សភាកម្ពុជារៀបចំនូវផែនការអភិឌ្ឍន៍ស្ថាប័ន (IDP) របស់ខ្លួន ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងមាន សមត្ថភាព និងគុណវុឌ្ឍិជាស្ថាប័ននៃឧត្តមភាព (Center of Excellence) ទាំងជាសមត្ថភាពធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ ហើយអាចបំពេញតួនាទីជាផ្នែកមួយនៃធនាគារខួរក្បាលរបស់ប្រទេសជាតិ និងអាចប្រមូលបាននូវកម្លាំងបញ្ញាញាណរបស់ជាតិឱ្យបានកាន់តែច្រើនថែមទៀត។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានផ្តល់នូវការណែនាំមួយចំនួន ដើម្បីតម្រង់ទិសនៃ ការសិក្សាស្រាវជ្រាវរបស់រាជបណ្ឌិត្យ សភាកម្ពុជារៀបចំឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងមានលក្ខណៈផ្សារភ្ជាប់ការអនុវត្ត ដោយផ្តោតលើជំនាញជាក់លាក់ ដែលជាឧត្តមភាពប្រៀបធៀបកំពុងមានស្រាប់ និងផ្សព្វផ្សាយស្នាដៃស្រាវជ្រាវឱ្យកាន់តែទូលំទូលាយ និងអាចយកមកប្រើប្រាស់ជាគុណប្រយោជន៍នៃការអភិឌ្ឍប្រទេសជាតិ។ ទន្ទឹមនេះ ត្រូវបង្កើនការប្រាស្រ័យទាក់ទងជាមួយគ្រប់ក្រសួងស្ថាប័ននានា ដើម្បីជៀសវាងការស្រាវជ្រាវជាន់គ្នា និងបង្កើនថាមភាពរវាងគ្នា ទាំងជាមួយអង្គភាពនានារបស់ទីស្តីការគណៈរដ្ឋមន្រ្តី និងទាំងក្រសួងស្ថាប័ននានារបស់រដ្ឋ។ មួយវិញទៀត ក៏ត្រូវផ្តោតលើការសិក្សាស្រាវជ្រាវគោលនយោបាយផ្សេងៗ ដូចជាការប្រែប្រួលអាកាសធាតុដើម។ ជាមួយគ្នានេះ ត្រូវបង្កើនកិច្ចសហការជាមួយដៃគូពីខាងក្រៅ ដើម្បីបង្កើតជា គម្រោងសិក្សាស្រាវជ្រាវរួមគ្នាលើប្រធានបទនានា ពិសេសក្នុងផ្នែកវិទ្យាសាស្រ្ត ដែលសមត្ថភាពរបស់រាជបណ្ឌិត្យ សភាកម្ពុជាលើវិស័យនេះ នៅមានកម្រិតនៅឡើយ។

នៅក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានផ្តល់ការណែនាំ នូវគោលការណ៍ និងអភិក្រមការងារមួយចំនួនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់នៃរាជបណ្ឌិត្យ សភាកម្ពុជា សម្រាប់ជាមូលដ្ឋានគ្រឹះក្នុងការបំពេញការងារ ដូចជាវប្បធម៌នៃការបំពេញការងារជាក្រុម និងការប្រកាន់យកនូវទស្សនៈបើកចំហរជាដើម៕