(សៀមរាប)៖ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) និងរដ្ឋបាលជលផល (FiA) ដែលទទួលបានមូលនិធិពីសហភាពអឺរ៉ុប (EU) កំពុងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី

ការគាំទ្រទៅលើការធ្វើឲ្យប្រសើរឡើង នូវកម្មវិធីសិក្សាបរិញ្ញាប័ត្រវិទ្យាសាស្ត្រជលផល ជាបន្តបន្ទាប់ជាមួយសាកលវិទ្យាល័យចំនួន៤ ដើម្បីកែលម្អការអប់រំផ្នែកជលផលនៅកម្ពុជា។
សាកលវិទ្យាល័យទាំង៤រួមមាន៖ សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម និងសាកលវិទ្យាល័យក្រចេះ។

ក្រៅពីការពង្រឹងសមត្ថភាពស្ថាប័នលើការអប់រំផ្នែកជលផល កម្មវិធីនេះក៏នឹងធានាបានថា និស្សិតដែលសិក្សានៅសាកលវិទ្យាល័យត្រូវទទួលបានចំណេះដឹង ជំនាញ ក៏ដូចជាសមត្ថភាពដែលសមស្របបំផុត ទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន។

សិក្ខាសាលានេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងទូលំទូលាយក្នុងគោលបំណងលើកកម្ពស់ការគ្រប់គ្រងជលផលក្នុងប្រទេស ដោយបង្កើតឲ្យមានជំនាញវិជ្ជាជីវៈ សម្រាប់យុវវ័យដែលអាចដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យជលផល។ សិក្ខាសាលាទាំងនេះ កំពុងតែប្រព្រឹត្តទៅនៅខេត្តសៀមរាបចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ និងចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។

លោក Eric Baran អ្នកជំនាញស្រាវជ្រាវជលផលអន្តរជាតិនៃអង្គការ FAO កម្ពុជា បានឲ្យដឹងថា «យើងកំពុងឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់មហាវិទ្យាល័យ ដែលបង្រៀនផ្នែកវិទ្យាសាស្ត្រជលផល ដើម្បីជួយពិនិត្យ និងធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាផ្នែកជលផល ដោយដាក់បញ្ចូលចំណេះដឹង និងបច្ចេកវិទ្យាបច្ចុប្បន្ន ព្រមទាំងសម្របខ្លួនទៅនឹងទីផ្សារការងារក្នុងស្រុក តំបន់និងអន្តរជាតិដែលកំពុងរីកចម្រើន ក្នុងវិស័យជលផល»

លោក ហែម វីរៈ នាយកវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម បានស្វាគមន៍ចំពោះការគាំទ្រដ៏ពិសេសនេះ លើការកែលម្អ និងអភិវឌ្ឍន៍កម្មវិធីសិក្សា តាមរយៈការសម្របសម្រួលពិគ្រោះយោបល់ ជាមួយសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យផ្សេងៗ។

ដូចគ្នានេះដែរ ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យ វិទ្យាសាស្រ្តព្រៃឈើ ជលផល និងបរិស្ថាននៃវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ក៏បានស្វាគមន៍ចំពោះការគាំទ្រផងដែរ។ អ្នកស្រី ផេន សុវត្ថិឌី បានថ្លែងថា «វាជាលើកទីមួយហើយដែលកម្មវិធីសិក្សាផ្នែកជលផល ត្រូវបានរៀបចំដោយមានការសម្របសម្រួលរវាងសាកលវិទ្យាល័យទាំងបួន»

ក្នុងអំឡុងពេលសិក្ខាសាលា ព្រឹទ្ធបុរស សាស្ត្រាចារ្យ អ្នកពាក់ព័ន្ធ និងតួអង្គសំខាន់ៗបានធ្វើការវាយតម្លៃលម្អិតអំពីលទ្ធផលរំពឹងទុកនៃមេរៀនសិក្សាសម្រាប់មុខវិជ្ជាជលផល ដើម្បីធ្វើឲ្យកាន់តែពាក់ព័ន្ធ ទៅនឹងតម្រូវការនៃវិស័យនេះ និងតម្រូវការរបស់ឧស្សាហកម្ម។ សាស្ត្រាចារ្យ និងបុគ្គលិកគ្រប់គ្រងសាកលវិទ្យាល័យក៏មានឱកាសផ្តល់មតិកែលម្អ និងចែករំលែកបទពិសោធជាក់ស្តែងលើកម្មវិធីសិក្សា និងមេរៀនដែលមានស្រាប់។

សិក្ខាសាលាផ្តួចផ្តើមដំបូងនេះ រៀបចំឡើងនៅខេត្តសៀមរាបដែលមានការចូលរួមពីតំណាង មកពីស្ថាប័នរាជរដ្ឋាភិបាលនិងសាកលវិទ្យាល័យចំនួនបួនចំនួន៣០នាក់។ សរុបមកសិក្ខាសាលានេះ មានគោលដៅចូលរួមពីភាគីពាក់ព័ន្ធចំនួន៦០នាក់។

បន្ទាប់ពីការពិគ្រោះយោបល់ទាំងនេះ កម្មវិធីសិក្សា និងមេរៀនសិក្សាពាក់ព័ន្ធនឹងត្រូវបានកែសម្រួល និងបញ្ចប់ មុនពេលដាក់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអនុម័ត និងក្លាយជាបទដ្ឋានសម្រាប់ឆ្នាំខាងមុខ៕