(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃទីស្នាក់ការកណ្តាល បានរៀបចំពិធីអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពី «ជំងឺអេដស៍, កាមរោគ, សុខភាពផ្លូវភេទ, ការថែទាំសុខភាពបឋម, និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក» ដល់និស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ប្រមាណ ៣៦០នាក់។

ពិធីនេះបានប្រព្រឹត្ដទៅក្រោមអធិបតីភាលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងលោក លី ណាវុឌ្ឍ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។

លោកស្រី ម៉ែន នារីសោភ័គ បានសម្តែងនូវក្តីសោមនស្សរីករាយដោយបានជួបជាមួយនិស្សិត និងគណៈគ្រប់គ្រង សាស្តាចារ្យទាំងអស់ ដែលបានអញ្ជើញចូលរួមកម្មវិធីនេះ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកសាកលវិទ្យាធិការ ដែលបានផ្តល់ទីកន្លែង និងអនុញ្ញាតឱ្យនិស្សិតបានចូលរួមកម្មវិធីនាពេលនេះ។

លោកស្រីបានគូសបញ្ជាក់ថា វគ្គផ្សព្វផ្សាយនេះជាដំណើរឈានឆ្ពោះការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២៣ ក្រោមប្រធានបទ «សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍» ដែលកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បាននិងកំពុងចុះអនុវត្តនៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សាមួយចំនួនក្នុងរាជធានីភ្នំពេញ។ លោកស្រីបន្ដថា «គោលបំណងដែលជ្រើសរើសយុវជនក្នុងវគ្គផ្សព្វផ្សាយដោយហេតុផលថា «យុវជនជាទំពាំងស្នងឬស្សី យុវជនគឺជាអ្នកបន្តវេន ហើយដែលបញ្ហានៃការច្លងមេរោគអេដស៍នេះ ភាគច្រើនកើតឡើងក្នុងចំណោមយុវជន ដូច្នេះយុវជនត្រូវលើកកម្ពស់ការយល់ដឹងដើម្បីបង្ការខ្លួនពីមេរោគអេដស៍»។

លើសពីនោះក្នុងនាមកាកបាទក្រហមកម្ពុជា ជាជំនួយការងារឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌, ការងារអប់រំផ្សព្វផ្សាយ គឺដើរតួនាទីយ៉ាងសំខាន់ក្នុងនោះមាន ការអប់រំផ្សព្វផ្សាយខាងផ្នែកសុខភាពស្ត្រីនិងកុមារ សុខភាពមនុស្សចាស់ ជំងឺឆ្លងរាតត្បាតនានា ជំងឺមហារីកសុដន់ ជំងឺមហារីកមាត់ស្បូន និងជាពិសេសបញ្ហា ជំងឺអេដស៍, កាមរោគ, សុខភាពផ្លូវភេទ, ការថែទាំសុខភាពបឋម, និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដែលជាប្រធានបទផ្តោតនាថ្ងៃនេះ។

លោកស្រីក៏មានការជឿជាក់ថា ចំណេះដឹងដែលបានផ្តល់ជូននិស្សិតនាពេលនេះ ពិតជាមានគុណតម្លៃ ហើយក្មួយៗនិស្សិតទាំងអស់នឹងក្លាយជាមិត្តអប់រំមិត្តដ៏ល្អ គឺជាគំរូ សម្រាប់ធ្វើការអប់រំផ្សព្វផ្សាយបន្តដល់មិត្តភក្តិដទៃទៀត និងក្រុមគ្រួសាររបស់ខ្លួន ព្រោះថា ការយល់ដឹង និងការរួមចំណែកផ្សព្វផ្សាយបន្តរបស់ក្មួយៗគឺការចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧នៃរដ្ឋសភា ឱ្យសម្រេចបានជោគជ័យផងដែរ ព្រោះនិស្សិតទាំងអស់ ជាធនធានមនុស្ស ដែលមានទាំងសមត្ថភាព ជំនាញ បំនិនជីវិត និងមានសុខភាពល្អ។

មុននឹងការសំណេះសំណាល លោកស្រីក៏បានប្រគល់ជូនប័ណ្ណសរសើរ និងថ្លែងអំណរគុណ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនលោក លី ណាវុឌ្ឍ ព្រមទាំងបានប្រគល់ជូនសៀវភៅថ្នាក់ដឹកនាំសម្រាប់ទុកសិក្សាស្រាវជ្រាវពីសំណាក់និស្សិតផងដែរ។ ជាមួយគ្នានេះនិស្សិតដែលបានឆ្លើយនឹងសំណួរបានត្រឹមត្រូវក៏ទទួលបានវត្ថុអនុស្សាវរីយ៍ផងដែរ។

ក្នុងឱកាសនោះ លី ណាវុឌ្ឍ ក៏បានមានប្រសាសន៍ស្វាគមន៍ ដោយបានថ្លែងនូវការកោតសរសើរចំពោះគំរូវីរភាពរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឋានៈជាឥស្សរជនឆ្នើមថ្នាក់ជាតិ តែម្នាក់គត់នៅកម្ពុជា ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយអត្រាឆ្លងមេរោគអេដស៍ ពីស្វាមីទៅភរិយា ពីម្តាយទៅកូន ជាពិសេសក្នុងការចូលរួមអនុវត្តយុទ្ធសាស្ត្រសូន្យបីរបស់អង្គការសហប្រជាជាតិ គឺសូន្យ គ្មានការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍, សូន្យ គ្មានអ្នកឆ្លងថ្មីនៃមេរោគអេដស៍ និងសូន្យ គ្មានអ្នកស្លាប់ដោយមិនបានប្រើឱសថប្រឆាំងមេរោគអេដស៍។

គួររម្លឹកថា ក្នុងឱកាសផ្សព្វផ្សាយនេះ លោកបណ្ឌិត វ៉ា សុភ័ក្រ្ត ប្រធានការិយាល័យការពារជំងឺឆ្លង និងមិនឆ្លងនៃកាកបាទក្រហមកម្ពុជា និងជាលេខាធិការក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានគូសបញ្ជាក់អំពី សារបានរបស់ឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលអង្គការសហប្រជាជាតិ បានវាយតម្លៃខ្ពស់ចំពោះគំរូវីរភាពរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឋានៈជាប្រធានកាកបាទក្រហមកម្ពុជា និងជាស្ត្រីទី១នៃកម្ពុជា ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយអត្រាឆ្លងមេរោគអេដស៍ តាមរយៈការអប់រំផ្សព្វផ្សាយជាប្រចាំ ជាពិសេសការមិនរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ ទើបអង្គការសហប្រជាជាតិ បានសម្រេចប្រគល់ជូននូវគោរមងារដ៏ឧត្តុង្គឧត្តមចំនួន២ ជូនដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែម្នាក់គត់នៅក្នុងប្រទេស នោះគឺ ឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ទទួលបានថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៦ និងឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ទទួលបានថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១១។

ក្រៅពីការអប់រំផ្សព្វផ្សាយពីវាគ្មិនខាងលើ និស្សិតចំនួន១០នាក់ ក្នុងចំណោមជាង៣០០នាក់ ក៏បានឡើងបង្ហាញពីចំណាប់អារម្មណ៍និងការយល់ដឹងរបស់ខ្លួនពាក់ព័ន្ធទៅនឹង វិធីបង្ការខ្លួនពីការឆ្លងមេរោគអេដស៍, យល់ដឹងពីការរួមភេទប្រកបដោយសុវត្ថិភាព និងវិធីរក្សាសុខភាពផ្លូវភេទឱ្យបានល្អ, មានការប្តេជ្ញាចិត្តក្នុងការចូលរួមឈានទៅបញ្ចប់អេដស៍នៅឆ្នាំ២០២៥, ការការពារបរិស្ថាន តាមរយៈនាំគ្នាដាំដើមឈើ ឈប់ដុតសម្រាម និងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក, យល់ដឹងពីសារៈសំខាន់នៃការថែទាំសុខភាពបឋម ដើម្បីសុខភាពល្អរបស់បុគ្គលម្នាក់ៗ និងការចូលរួមថែរក្សាសុខសន្តិភាព ដើម្បីភាពរីកចម្រើនរបស់កម្ពុជា៕