(ភ្នំពេញ)៖ លោក ប៉ា ងួនទៀង  នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ  អះអាងថា លោកនឹងចូលបំភ្លឺ លើកក្រោយទៀត ប្រសិនបើតុលាការកោះហៅជាលើកទីពីរ ដោយលោកមិនគេចទៅណានោះទេ។

ការអះអាងបែបនេះបន្ទាប់ពី លោក ប៉ា ងួនទៀង ចូលបំភ្លឺតុលាការ នៅព្រឹកថ្ងៃទី១៨ ខែសីហា ក្នុងនាមជាសាក្សី ករណីសូកប៉ាន់សាក្សី។ ការសាកសួរនេះ ធ្វើឡើងដោយ លោក  ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។

ក្រោយបញ្ចប់ការសាកសួររយៈពេលជាង១ម៉ោង លោក ប៉ា ងួនទៀង ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា តុលាការបានសាកសួរ រូបលោកពីទំនាក់ទំនងរបស់ លោក កឹម សុខា និង លោក នី ចរិយា ហើយក៏សាកសួរពីទំនាក់ទំនងនាង ខុម ចាន់តារាទីផងដែរ ។

លោក ប៉ា ងួនទៀង បន្តថាមូលហេតុដែលតុលាការចាំបាច់ត្រូវសាកសួររូបលោកនាពេលនេះ ដោយសារមានចម្លើយខ្លះនិយាយ ពីរូបលោក។  ប៉ុន្តែលោក ប៉ា ងួនទៀង បដិសេធមិនបង្ហាញអត្តសញ្ញាណនោះទេ ។  លោក ប៉ា ងួនទៀង នឹងចូលបំភ្លឺនៅតុលាការជា បន្តទៀត បើតុលាការកោះហៅរូបលោក លើកក្រោយ ។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា  ធ្លាប់បានបញ្ជាក់ថា លោក ប៉ា ងួនទៀង ពាក់ព័ន្ធនឹង សំណុំរឿងមន្ត្រីសិទ្ធិមនុស្សអាដហុក៤រូប និងមន្ត្រី គ.ជ.ប ១រូប ដែលតុលាការបានចោទប្រកាន់ពីបទសូកប៉ាន់សាក្សី។
 
លោក បន្ថែមថា ដីកាកោះនេះជានីតិវិធីរបស់តុលាការ ករណីតុលាការយល់ថាសាក្សីមានប្រយោជន៍ក្នុងសំណុំរឿងនេះ។
មន្ត្រីអាដហុ ៤រូបនិងមន្ត្រីគជប  ជាប់ចោទពីបទសូកប៉ាន់សាក្សី និងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ដល់អ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដើម្បីកុំឲ្យអ្នកនាងនិយាយការពិតប្រាប់សមត្ថកិច្ចចំពោះរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា ៕