ផ្ទុះគ្រាប់បែកបង្កៃក្នុងរថយន្តនៅតួកគី បណ្តាលឲ្យមនុស្សស្លាប់៦នាក់ និងរបួសជាង ១២០នាក់
18-08-2016 15:08
(អង់ការ៉ា)៖ រថយន្តចំនួនពីរគ្រឿង ត្រូវបានគេដាក់បង្កៃគ្រាប់បែក និងបំផ្ទុះនៅក្បែរទីស្នាក់ការ ប៉ូលិសក្នុងខេត្ត Elazig ភាគខាងកើតប្រទេសតួកគី បានបណ្តាលឲ្យមនុស្ស ៦នាក់ស្លាប់ និង១២០នាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០១៦។
អាជ្ញាធរខេត្ត Elazig បានកំណត់មុខព្រួញក្រុម ដែលនៅពីក្រោយការវាយប្រហារ ខាងលើនេះថា ជាស្នាដៃរបស់ គណបក្សពលករឃើដ (PKK) ដែលបានធ្វើការបំផ្ទុះនៅវេលាម៉ោង ៩៖២០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ ម៉ោងនៅទីក្រុងអង់ការ៉ា។
តាមសេចក្តីរាយការណ៍ជាបឋម ផ្សែងហុយខ្មួលខ្មាញ់ ត្រូវបានគេប្រទះឃើញនៅតំបន់ខាងលើនេះ ខណៈអគារនានានៅជុំវិញកន្លែងបំផ្ទុះ ក៏បានទទួលរងការខូចខាតផងដែរ៕