(ភ្នំពេញ)៖ មហាសន្និបាតសមាគមមិត្តនគរបាលជាតិកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបោះឆ្នោតជ្រើសរើស នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជា សម្រាប់អាណត្តិទី៥។

ក្នុងពិធីបិទមហាសន្និបាតដែលធ្វើឡើងក្រោមអធិបតីភាព លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា, នាយឧត្តមសេនីយ៍ ស ថេត បានប្រកាសជាឱឡារិក និងបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្រោយជាប់ឆ្នោតជាប្រធានសម្រាប់អាណត្តិថ្មីនេះ។

ក្នុងនាមប្រធានគណៈកម្មាធិការកណ្តាល នៃសមាគមមិត្តនគរបាលជាតិកម្ពុជា នាយឧត្តមសេនីយ៍ ស ថេត បានធ្វើការប្ដេជ្ញាចិត្តប្រកបដោយការទទួលខុសត្រូវ ដូចខាងក្រោម៖

*ទី១៖ ខិតខំយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវ ទៅតាមលក្ខន្តិកៈកំណត់របស់សមាគមមិត្តនគរបាលជាតិកម្ពុជា

*ទី២៖ ធ្វើការចង្អុលដឹកនាំ តម្រង់ទិសក្នុងជួរគណៈកម្មាធិការកណ្ដាល និងគ្រប់គណៈកម្មាធិការមូលដ្ឋាន ព្រមទាំងគណៈកម្មការទស្សនាវដ្ដីមិត្តនគរបាល ដើម្បីអនុវត្តឲ្យបានម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ តាមសេចក្តីសម្រេចចិត្តរបស់អង្គមហាសន្និបាត សមាគមមិត្តនគរបាលជាតិកម្ពុជា នាពេលនេះ

*ទី៣៖ ប្រមូលផ្ដុំការគាំទ្រពីសំណាក់សមាជិក សមាជិកា នៃសមាគមមិត្តនគរបាលជាតិកម្ពុជា ដោយខិតខំពុះពារស្វែងរកធនធាន ក៏ដូចជាវិធានការ និងវិធីសាស្ត្រថ្មីៗ ដើម្បីធ្វើការអភិឌ្ឍសមាគមមិត្តនគរបាលជាតិកម្ពុជា ឲ្យមានគុណភាព និងមានភាពរីកចម្រើនឡើងថែមទៀត ក្នុងគោលដៅពង្រីកនូវលទ្ធភាពទំនុកបម្រុង ឧបត្ថម្ភ គាំទ្រ និងដោះស្រាយទុក្ខធុរៈរបស់សមាជិក សមាជិកា នៃសមាគមមិត្តនគរបាលជាតិកម្ពុជា ឲ្យកាន់តែមានវិសាល ភាពទូលំទូលាយបន្ថែមទៀត

*ទី៤៖ រៀបចំសន្និបាតវិសាមញ្ញនៅក្នុងពេលវេលាដ៏សមស្រប ដើម្បីធ្វើវិសោធនកម្ម លក្ខន្តិកៈកែសម្រួលបំពេញបន្ថែម សមាសភាពគណៈកម្មាធិការកណ្តាល និងរៀបចំរចនាសម្ព័ន្ធចាត់តាំងឲ្យបានសមស្រប សំដៅពង្រឹងប្រសិទ្ធភាពការងាររបស់សមាគមឲ្យកាន់តែមានវឌ្ឍនភាពបន្ថែមទៀត នាពេលអនាគត។

គួរជម្រាបថា សមាគមមិត្តនគរបាលជាតិកម្ពុជា បានចាប់បដិសន្ធិឡើងដោយគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងការចូលរួមរបស់មន្ត្រីនគរបាលជាតិទូទាំងប្រទេស ដែលជាប្រវត្តិសាស្ត្រថ្មីមួយក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាពក្នុងកងកម្លាំងនគរបាលជាតិ ជាពិសេសការជួយ ឧបត្ថម្ភគា្នទៅវិញទៅមកនៅពេលមិត្តរួមវិជ្ជាជីវៈជួបប្រទះនូវទុក្ខធុរៈដូចជា ពលី មរណៈ ពិការ ចូលនិវត្តន៍ បាត់បង់សមត្ថភាពការងារ និងករណីជួបប្រធានស័ក្ដិជាដើម។

គិតត្រឹមខែសីហា ឆ្នាំ២០២៣ សមាគមមិត្តនគរបាលជាតិកម្ពុជា មានសមាជិកចំនួន៧៨,០៦៩នាក់ ក្នុងនោះមាន សមាជិកសមាគមជាមន្ត្រីនគរបាល ចំនួន៦,១៨៩៧នាក់ សមាជិកជាមន្ត្រីនគរបាលដែលបានចូលនិវត្តន៍ចំនួន ១៦,១៧០នាក់ និងមន្ដ្រីនគរបាលពិការដែលស្ម័គ្រចិត្តនៅបន្តជាសមាជិកភាពរបស់សមាគមចំនួន០២នាក់៕