(ស្ទឹងត្រែង)៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំពិធីផ្សព្វផ្សាយសេចក្តីសម្រេចគោលការណ៍ណែនាំនានា និងរបាយការណ៍វឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្ត ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគបាលជាតិ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ធូ ចាន់ពៅ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត។
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ និងលើកកម្ពស់ប្រសិទ្ធភាព ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន អនុលោមតាមស្មារតី នៃកិច្ចប្រជុំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ប្រកបដោយឆន្ទៈមុតស្រួច របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ធានាបាននូវសុវត្ថិភាព សណ្ដាប់ធ្នាប់ សន្តិសុខ និងការអភិវឌ្ឍន៍សង្គម ព្រមទាំងឈានទៅកាត់បន្ថយ និងលុបបំបាត់គ្រឿងញៀននៅកម្ពុជា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សូមដាក់ចេញគោលការណ៍ណែនាំ សម្រាប់ចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដូចខាងក្រោម៖
*ទី១៖ ជំរុញការងារផ្សព្វផ្សាយអប់រំ
*ទី២៖ ធ្វើផែនការសកម្មភាពបន្តសម្រាប់ដឹកនាំអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន
*ទី៣៖ ជំរុញការដឹកនាំអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៨។
ឆ្លៀតក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានថ្លែងសាទរ និងកោតសសើរគណៈកម្មាធិការត្រូតពិនិត្យគ្រឿងញៀនខេត្តស្ទឹងត្រែង និងអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានខិតខំរួមគ្នា ប្រកបដោយការទទួលខុសត្រូវ សម្រេចបាននូវលទ្ធផលបានល្អប្រសើរ លើការងារត្រួតពិនិត្យគ្រឿងញៀននាំមកនូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះដើម្បីឲ្យការចាត់តាំងអនុវត្តការងារខាងលើទទួលបានប្រសិទ្ធភាពល្អ, នាយឧត្តមសេនីយ៍ បានស្នើសុំឲ្យអភិបាល នៃគណៈអភិបាលខេត្ត ត្រូវម្ចាស់ការដឹកនាំ អនុវត្តការងារខាងលើទៅតាមជំនាញ និងវិស័យរបស់ខ្លួន ព្រមទាំងរៀបចំផែនការអនុវត្តជាក់ស្ដែង ដើម្បីឆ្លើយតបបានទៅនឹងសភាពការណ៍គ្រឿងញៀន តាមយុទ្ធសាស្ត្រពហុវិស័យ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់៕