(រតនគិរី)៖ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ មានការភ្ញាក់ផ្អើលឆោឡោដោយមានស្ត្រីម្នាក់បានស្លាប់នៅក្នុងបន្ទប់ទឹកសង្ស័យគាំងបេះដូង នៅចំណុចផ្ទះជួលមួយកន្លែង ហាងកាត់សក់ ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំងនគរប៉ុស្តិ៍ឡាបានសៀក, កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌក្រុងបានលុង សហការជាមួយកម្លាំងជំនាញការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងគ្រូពេទ្យនៅមន្ទីរសុខាភិបាលខេត្ត ព្រមទាំងអាជ្ញាធរភូមិ-សង្កាត់ ចុះទៅដល់កន្លែងកើតហេតុ និងធ្វើការពិនិត្យសាកសពខាងលើ។

បើតាមសមត្ថកិច្ចដែលចុះដល់កន្លែងកើតហេតុប្រាប់ឲ្យដឹងថា សពមានឈ្មោះ ប៉ក់ ស្រីមុំ ហៅ ឡាំយ៉ង អាយុ២៦ឆ្នាំ មុខរបរជាងកាត់សក់។ បច្ចុប្បន្នជនរងគ្រោះមានទីលំនៅកន្លែងកើតហេតុ និងមានប្ដីឈ្មោះ ជ័យ ភ័ក្រ អាយុ ២៧ឆ្នាំ បុគ្គលិកធនាគារ មានទីលំនៅសព្វថ្ងៃភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

ឈ្មោះ អេង ឆាយហេង អាយុ៣៤ឆ្នាំ ជាអ្នកធ្វើការជាមួយជនរងគ្រោះបានរៀបរាប់ប្រាប់ថា ខ្លួនបានចេញពីផ្ទះមកដល់ហាងកាត់សក់ ក៏បានឮសម្លេងបើកទឹកហៀរចោលនៅក្នុងបន្ទប់ទឹក ព្រមទាំងស្រែកហៅឈ្មោះ ប៉ក់ ស្រីមុំ ហៅ ឡាំយ៉ង តែគ្មានសម្លេងឆ្លើយតបចេញមកសោះ។

ដោយមានការសង្ស័យឈ្មោះ អេង ឆាយហេង បានហៅឈ្មោះ ម៉ុង ស្រីមុំ ,ឈ្មោះ ម៉ែន ស្រីមុំ និងបុរសម្នាក់ទៀត មិនស្គាល់ឈ្មោះ ក៏សម្រេចទំលុះទ្វារបន្ទប់ទឹកនោះ ស្រាប់ឃើញជនរងគ្រោះ ដួលផ្កាប់មុខនៅក្នុងបន្ទប់ទឹក ក្នុងស្ថានភាពអាក្រាតកាយ។

ភ្លាមៗនោះឈ្មោះ ម៉ុង ស្រីមុំ ក៏បានរត់ទៅហៅពេទ្យដែលនៅក្បែរនោះ ពេលដែលគ្រូពេទ្យមកដល់ក៏ពិនិត្យឃើញជនរងគ្រោះស្លាប់បាត់ហើយគឺគាំងបេះដូង។

បើតាមការត្រួតពិនិត្យ និងសន្និដ្ឋានរបស់ការិយាល័យជំនាញបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងគ្រូពេទ្យនៅមន្ទីរសុខាភិបាលខេត្តរតនគិរី ព្រមទាំង អាជ្ញាធរមូលដ្ឋានភូមិ-សង្កាត់ បានបញ្ជាក់ថា ជនរងគ្រោះពិតជាបានជួលក្នុងបន្ទប់ទឹក ស្លាប់ដោយសារការគាំងបេះដូងពិតប្រាកដមែន រួចបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរដោយក្តីទុក្ខសោក៕