(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតប្រចាំកម្ពុជា បានចុះហត្ថលេខាផ្ដល់ថវិកាចំនួន ៤២៤,៩០៧ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួន៣ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ (គូសាណូណ៌) ដើម្បីស្តារប្រព័ន្ធធារាសាស្ត្រថ្នល់ដាច់ក្នុងខេត្តឧត្តរមានជ័យ, គម្រោងសាងសង់ស្ពានក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងគម្រោងសាងសង់ស្ពានក្នុងឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃថទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដោយលោក តានិណៃ អ៊ុំឈិតុម៉ុ ភារធារីស្តីទីនៃស្ថានទូត ជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង អ្នកតំណាងស្ថាប័នទទួលជំនួយទាំង៣។

គម្រោងដែលផ្ដល់ជំនួយដោយរដ្ឋាភិបាលជប៉ុននាពេលនេះ ដើម្បីអនុវត្តគម្រោងដូចតទៅ៖

ទី១៖ គម្រោងស្តារប្រព័ន្ធធារាសាស្ត្រថ្នល់ដាច់ក្នុងខេត្តឧត្តរមានជ័យ (ថវិកាចំនួន ១១៩,៤២៤ដុល្លារអាមេរិក) សា្ថប័នទទួលជំនួយ៖ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ។

ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីស្តារប្រព័ន្ធធារាសាស្ត្រមានស្រាប់ដែលមានមុខងារអាងស្ដុកទឹកអន់ថយ។ តំបន់នេះងាយរងគ្រោះរាំងស្ងួតក្នុងរដូវប្រាំង ដោយសារប្រព័ន្ធធារាសាស្ត្រមិនអាចស្តុកទឹកបានគ្រប់គ្រាន់ក្នុងរដូវវស្សា។ មិនតែប៉ុណ្ណោះ ដោយសារសមត្ថភាពស្តុកទឹកមិនគ្រប់គ្រាន់ តំបន់នេះជារឿយៗរង ផលប៉ះពាល់ដោយទឹកជំនន់។ ផ្លូវតភ្ជាប់ពីប្រព័ន្ធធារាសាស្ត្រនេះទៅតំបន់ដែលប្រជាជនរស់នៅមានស្ថានភាពយ៉ាប់យឺន ដែលដាក់បន្ទុកយ៉ាងធ្ងន់ដល់កសិករ។

តាមរយៈជំនួយនេះរំពឹងថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនមូលដ្ឋានប្រមាណ ១,០០០នាក់ តាមរយៈការកែលម្អប្រព័ន្ធធារាសាស្ត្រ ដើម្បីធានាការផ្គត់ផ្គង់ទឹកសម្រាប់កសិកម្មប្រកបដោយស្ថិរភាពពេញមួយឆ្នាំ។ លើសពីនេះ រំពឹងថាកម្រិតជីវភាពរស់នៅ និងប្រាក់ចំណូលរបស់ប្រជាជននឹងមានភាពប្រសើរឡើងដោយសារមានការកើនឡើងនៃបរិមាណស្រូវដែលផលិត បាននៅក្នុងតំបន់នេះ។

ទី២៖ គម្រោងសាងសង់ស្ពានក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង (ថវិកាចំនួន ១៣៧,២០៧ដុល្លារអាមេរិក) សា្ថប័នទទួលជំនួយ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង។

ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីសាងសង់ស្ពានបេតុងថ្មីមួយ ជំនួសឱ្យស្ថានបច្ចុប្បន្នដែលមានសភាពទ្រុឌទ្រោម។ ទោះបីមានការកើនឡើងនៃចំនួនប្រជាជនដែលធ្វើដំណើរទៅសាលារៀន និងកន្លែងធ្វើការជារៀងរាល់ថ្ងៃ ស្ពានចាស់នេះមានកន្លែងធ្លុះធ្លាយ ចេញដែកមកខាងក្រៅ ដែលគំរាមកំហែងដល់សុវត្ថិភាពអ្នកធ្វើដំណើរ។ លើសពីនេះឡាន និងរថយន្តសង្គ្រោះបន្ទាន់មិនត្រូវបានរអនុញ្ញាតឱ្យឆ្លងកាត់ស្ពាននេះទេ ព្រោះស្ពាននេះមិនអាចទ្រទម្ងន់បាន និងអាចរងការបាក់ស្រុត។ រំពឹងថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនមូលដ្ឋានប្រមាណ ១០,០០០នាក់ តាមរយៈការផ្ដល់លទ្ធភាពក្នុងការធ្វើដំណើរប្រចាំថ្ងៃប្រកបដោយសុវត្ថិភាព។ មិនតែប៉ុណ្ណោះ ក៏រំពឹងថាតាមរយៈការផ្ដល់លទ្ធភាពក្នុងការដឹកជញ្ចូនកសិផល ប្រាក់ចំណូលរបស់ប្រជាជននឹងមានការកើនឡើង។

ទី៣៖ គម្រោងសាងសង់ស្ពានក្នុងឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង (ថវិកាចំនួន ១៦៨,២៧៦ដុល្លារអាមេរិក) សា្ថប័នទទួលជំនួយ៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង។

ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីសង់ស្ពានបេតុងថ្មីមួយ ជំនួសឱ្យស្ពានឈើពុកផុយបច្ចុប្បន្ន ខណៈដែលប្រជាជនមូលដ្ឋានជាច្រើនតែងតែឆ្លងកាត់ស្ពាននេះដើម្បីទៅសាលារៀន កន្លែងធ្វើការ និងមន្ទីរពេទ្យ ព្រមទាំងដឹកជញ្ជូនកសិផល ស្ពាននេះបានរងការខូចខាត និងគ្មានសុវត្ថិភាព ជាពិសេសសម្រាប់កុមារ និងមនុស្សចាស់។ បន្ថែមពីនេះ ដោយសារចំនួនរថយន្តធុនធ្ងន់ត្រូវបានរំពឹងថានឹងមានការកើនឡើងស្ពាន បច្ចុប្បន្ននេះប្រហែលមិនអាចទ្រាំទ្របានទេ ហើយជាលទ្ធផលអាចនឹងមានការបាក់ស្រុត។

រំពឹងថា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនប្រមាណ ២,៨០០នាក់ ក្នុងភូមិចំនួន៤ តាមរយៈការធានាបាននូវផ្លូវធ្វើដំណើរប្រកបដោយសុវត្ថិភាពទៅសាលារៀន ផ្សារ និងមណ្ឌលសុខភាពដែលនៅជិតបំផុតពេញមួយឆ្នាំ។ ការសាងសង់ស្ពានថ្មីក៏នឹងជួយសម្រួលដល់ការដឹកជញ្ជូនកសិផលផងដែរ ដែលយើងរំពឹងថានឹងកែលម្អកម្រិតជីវភាពរស់នៅរបស់ប្រជាជន និងបង្កើនប្រាក់ចំណូលកសិកម្ម។

ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះមានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា៖ ភាពក្រីក្រ និង/ឬភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជា៖ ជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុន បានផ្ដល់ថវិកាជាង ៦៨លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោង គូសាណូណិចំនួន ៦៨៤គម្រោង នៅទូទាំងប្រទេសកម្ពុជា៕