(ភ្នំពេញ)៖ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានថ្លែងបញ្ជាក់ថា វគ្គបណ្តុះបណ្តាលមន្ត្រីខុទ្ទកាល័យនៃក្រសួង ស្ថាប័ន ត្រូវបានរៀបចំឡើងគាំទ្រដល់ការ បំពេញតួនាទី ភារកិច្ចរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលទើបចូលកាន់មុខតំណែង ពិសេសក្នុងខុទ្ទកាល័យរបស់សមាជិករបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក យក់ ប៊ុនណា បានលើកឡើងយ៉ាងដូចនេះនាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នាឱកាសដែលលោកតំណាងលោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជួបសំណេះ​សំណាល និងបើកវគ្គបណ្តុះបណ្តាលមន្ត្រី ខុទ្ទកាល័យនៃក្រសួង ស្ថាប័ន ឆ្នាំ២០២៣ នៅសាលាភូមិន្ទរដ្ឋបាល និងដោយមានការចូលរួមពីអស់លោក លោកស្រី គណៈគ្រប់គ្រង និងមន្ត្រីរាជការ នៃសាលាភូមិន្ទរដ្ឋបាល រួមទាំងមានសិក្ខាកាម វគ្គបណ្តុះបណ្តាលមន្ត្រីខុទ្ទកាល័យនៃក្រសួង ស្ថាប័ន ជំនាន់ទី១ ឆ្នាំ២០២៣ នៅសាលាភូមិន្ទរដ្ឋបាលជាច្រើនរូបទៀត។

លោក យក់ ប៊ុនណា បន្ថែមទៀតថា វគ្គបណ្តុះបណ្តាលនេះនឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងការងារល្អរវាងក្រសួង ស្ថាប័ន តាមរយៈបណ្តាញខុទ្ទកាល័យដែលមានថ្នាក់ដឹកនាំ និងមន្ត្រីអញ្ជើញមកចូលរួម ក្នុងវគ្គនេះដើម្បីធានាបានថារាល់ការបំពេញបេសសកម្មដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព ស័ក្កិសិទ្ធភាព បរិយាបន្ន និងអាចព្យាករណ៍បានថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន ត្រូវការថ្នាក់ដឹកនាំនិងមន្ត្រីខុទ្ទកាល័យ ដែលប្រកាន់ឥរិយាបថការងារល្អសមស្រប និងការបំពេញការងារប្រកបដោយវិន័យ គុណភាព គុណធម៌ និងសមត្ថភាពវិជ្ជាជីវៈខ្ពស់។

ក្នុងក្របខណ្ឌនៃការអនុវត្តមុខងារ ថ្នាក់ដឹកនាំនិងមន្ត្រីខុទ្ទកាល័យ មានបន្ទុកការងារច្រើន ដែលទាមទារនូវភាពទន់ភ្លន់ បត់បែន និងការអត់ធ្មត់កម្រិតខ្ពស់ ក្រោមសម្ពាធនៃទំហំការងារដែលមានលក្ខណៈបច្ចេកទេសផង និងនយោបាយផង។ សមត្ថភាពទាំងផ្នែកជំនាញវិជ្ជាជីវៈនិងទាំងផ្នែកជំនាញទន់ គឺជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ការអនុវត្តមុខងារ និងភារកិច្ចរបស់ថ្នាក់ដឹកនាំនិងមន្ត្រីខុទ្ទកាល័យ។

បើតាមលោកនាយកសាលាភូមិន្ទរដ្ឋបាល នៅឆ្នាំ២០២៣នេះសាលាបានទទួលលិខិតចាត់បញ្ជូនមន្ត្រីខុទ្ទកាល័យមកពីខុទ្ទកាល័យសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី ខុទ្ទកាល័យទេសរដ្ឋមន្ត្រី ចំនួន១៥ និងពីទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង រដ្ឋលេខាធិការដ្ឋាន ចំនួន២៦ ដែលមានសិក្ខាកាមសរុបចំនួន ១៨៤នាក់ (ស្រីចំនួន៦១នាក់) ដើម្បីទទួលការបណ្តុះបណ្តាលក្នុងវគ្គទី១។

ការចាត់មន្ត្រីខុទ្ទកាល័យចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកខ្ពស់របស់ថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ន ក្នុងការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពមន្ត្រីក្រោមឱវាទ ដែលជាសេនាធិការដ៏សំខាន់ និងត្រូវបំពេញការងារផ្ទាល់ជាប់ជាមួយថ្នាក់ដឹកនាំ និងប្រធានស្ថាប័ន ហើយនេះក៏ជាការផ្តល់នូវភាពជឿជាក់ដល់សាលាភូមិន្ទរដ្ឋបាលក្នុងការរៀបចំ និងគ្រប់គ្រងវគ្គបណ្តុះបណ្តាល ដើម្បីគាំទ្រការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសាធារណៈផងដែរ៕