(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានលើកឡើងថា ការវិនិយោគសំខាន់ៗរបស់ចិន ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តកម្ពុជា បានរួមចំណែកទាក់ទាញ ការវិនិយោគផ្ទាល់ពីបរទេស ពិសេសវិស័យផលិតកម្ម ដែលកត្តាទាំងនេះ ជួយឲ្យប្រសើរឡើងនូវ ការប្រកួតប្រជែងរបស់កម្ពុជា។

ការលើកឡើងរបស់លោក សុក ស៊ីផាន់ណា ធ្វើឡើងក្នុងឱកាសដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំកំពូល «សេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកលឆ្នាំ២០២៣» ក្រោមប្រធានបទ ការបង្កើនអនុភាពនៃកំណើនបច្ចេកវិទ្យា និងវិបុលភាពក្នុងតំបន់ រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងសិនជិន ប្រទេសចិន។

កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណងជំរុញកាលានុវត្តភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងចំណោមប្រទេសជាសមាជិក នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ (អាសិប) និងផ្តោតលើកិច្ចពិភាក្សាទាក់ទង នឹងសក្តានុពលរបស់ក្រុមប្រទេស BRICS អាចក្លាយជាកម្លាំងសេដ្ឋកិច្ចដ៏មានឥទ្ធិពល ក្នុងពិភពលោកពហុប៉ូល និងបានស្វែងយល់បន្ថែមអំពីតួនាទីរបស់ប្រទេសចិន ក្នុងបម្លាស់ប្តូរអំណាចសកល។

លោកសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា បានលើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងអាសិបបានផ្លាស់ប្ដូរទិដ្ឋភាពពាណិជ្ជកម្ម របស់កម្ពុជាយ៉ាងខ្លាំង ដោយផ្ដល់នូវទីផ្សារថ្មី សម្រាប់ផលិតផលកសិកម្ម និងទំនិញរបស់កម្ពុជា។

លោកសាស្ត្រាចារ្យគូសបញ្ជាក់ពីការផ្លាស់ប្តូរសណ្តាប់ធ្នាប់ពិភពលោក និងភាពចាំបាច់នៃប្រព័ន្ធពហុភាគីនិយម ក្នុងការដោះស្រាយនូវបញ្ហាប្រឈមសកល នៃសតវត្សទី២១។

លោកសង្កត់ធ្ងន់ថា បច្ចុប្បន្នក្រុមប្រទេស BRICS បានក្លាយជាមហាអំណាច សេដ្ឋកិច្ចជាយុទ្ធសាស្ត្រ នៅក្នុងពិភពលោកពហុប៉ូល ធ្វើឱ្យចិនក្លាយជាទីផ្សារសេដ្ឋកិច្ចដ៏សំខាន់ របស់ពិភពលោក។

លោក Tan Sri Anifah Aman សមាជិកសភា និងជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ី និងជាប្រធានក្រុមហ៊ុន Invest Sahah បានគូសបញ្ជាក់អំពីការវិវត្តន៍ជាច្រើនទសវត្សន៍ នៃទំនាក់ទំនងរវាងប្រទេសចិន ជាមួយអាស៊ានក្នុងឆ្នាំ២០០៣ ប្រទេសជាសមាជិកបានលើកកម្ពស់ ទំនាក់ទំនងរបស់ពួកគេ ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ នាំឱ្យមានសមាហរណកម្ម សេដ្ឋកិច្ចកាន់តែស៊ីជម្រៅ ការពង្រឹងនៃការតភ្ជាប់ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើនទៀត ជាពិសេសតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយផ្លូវមួយ(BRI) និងផែនការមេស្តីពីការតភ្ជាប់អាស៊ាន។

អំឡុងពេលកិច្ចប្រជុំកំពូលនេះ លោកសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី សុក ស៊ីផាន់ណា មានកិច្ចប្រជុំទ្វេភាគីដាច់ដោយឡែកចំនួន ៥ជាមួយលោក Tan Sri Lim Gait Tong ប្រធានសមាគមធុរកិច្ចចិន-អាស៊ាន (CABA) លោកបណ្ឌិត Vincent Lo ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Shui On Group និងជាអតីតប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង (TDC) លោកបណ្ឌិត Edward Tse ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនពិគ្រោះយោបល់ Gao Feng និងជាអតីតប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Booz Allen និង Hamilton ប្រទេសចិន លោកបណ្ឌិត Guo Wanda អនុប្រធានប្រតិបត្តិនៃវិទ្យាស្ថានអភិវឌ្ឍន៍ចិន លោក Zhou Li អ្នកបោះពុម្ពផ្សាយ និងជានាយកកែសម្រួល នៃបណ្តាញព័ត៌មាន China Daily Asia Pacific។

កិច្ចប្រជុំទ្វេភាគីទាំង ៥នេះបានផ្តោតលើមធ្យោបាយ ជំរុញកាលានុវត្តភាពវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា ចិន និងហុងកុង៕