(ភ្នំពេញ)៖ រាជរដ្ឋាភិបាលនីតិកាលថ្មីដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់លើស្ថានភាពការងាររបស់ប្រជាពលរដ្ឋ ជាពិសេសការបង្កើតសមត្ថភាពផលិតភាពក្នុងវិស័យឧស្សាហកម្ម និងវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង កាបូប និងផលិតផលយកតាមខ្លួនជាដើម។
ឈរលើស្មារតីខាងលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាប់យកការងារចុះជួបកម្មករ និយោជិតមកពីបណ្តារោងចក្រ សហគ្រាសក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង កាបូប និងផលិតផលយកតាមខ្លួន ជាវេទិកាសាធារណៈលើកដំបូងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីរាជ រដ្ឋាភិបាលនីតិកាលថ្មីត្រូវបានបង្កើតឡើងនៅថ្ងៃទី២២ ខែសីហា។
ក្នុងជំនួបជាមួយកម្មករ និយោជិតនៅតំបន់ព្រៃស្ពឺ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែសីហានោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ចេញកម្មវិធីការងារអាទិភាពចំនួន៦ ជូនលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុវត្តន៍ឱ្យបានជោគជ័យ ដើម្បីជាប្រយោជន៍របស់កម្មករ និយោជិត។
កម្មវិធីទាំង៦នោះរួមមាន៖ ១) ការចរចាប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៤ឱ្យបានមុនភ្ជុំបិណ្ឌ, ២) គិតគូរដាក់ឱ្យអនុវត្តន៍របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិកបេឡាជាតិរបបសន្តិសុខសង្គម, ៣) ការបណ្តុះបណ្តាលជំនាញវិជ្ជាបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ, ៤) ការជំរុញកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង, ៥) កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះទាំងមុនពេលសម្រាល, ពេលសម្រាល និងក្រោយសម្រាល និង៦) កម្មវិធីប្រលងប្រណាំង «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ»។
បន្ទាប់ពីទទួលបានបទបញ្ជានេះ លោក ហេង សួរ ជាមួយថ្នាក់ដឹកនាំក្រសួង ព្រមទាំងសហការី បានយកចិត្តទុកដាក់ប្រឹងប្រែងអនុវត្តន៍ដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយសម្រេចបានលទ្ធផលដ៏ល្អប្រសើរជាបន្តបន្ទាប់ មិនឱ្យនាយករដ្ឋមន្ត្រីខកចិត្ត ឬខុសការសន្យាជាមួយកម្មករ និយោជិតនោះឡើយ។
១៖ ការងារចរចាប្រាក់ឈ្នួល៖
ការងារចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ គឺជារឿងស្មុគស្មាញមួយ ខណៈដែលភាគីនិយោជក និងនិយោជិតមានបំណង និងគោលដៅផ្សេងគ្នា។ បើទោះបីមានភាពស្មុគស្មាញ និងតានតឹងយ៉ាងណាក្តី តែក្រោមការសម្របសម្រួលប្រកបដោយភាពប៉ិនប្រសប់របស់លោក ហេង សួរ បន្ទាប់ពីការជួបជជែកគ្នាជាច្រើនលើក នៅថ្ងៃទី២៨ ខែកញ្ញា បញ្ហាប្រាក់ឈ្នួល បានឈានដល់ការឯកភាពលើតួលេខ២០២ដុល្លារ ហើយសម្តេចធិបតី ហ៊ុន ម៉ាណែត បន្ថែម២ដុល្លារ។ ដូច្នេះប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិតសម្រាប់ឆ្នាំ២០២៤ ទទួលបានចំនួន ២០៤ដុល្លារ។ តួលេខនេះមិនច្រើនយ៉ាងណាក្តី តែភាគីកម្មករ និយោជិត បានរីករាយទទួលយក ព្រោះពួកគេបានយល់ពីការលំបាករបស់ភាគីនិយោជកក្នុងដំណាក់កាលនៃវិបត្តិសកល។ កម្មករ និយោជិត ក៏រីករាយចំពោះកិច្ចប្រឹងប្រែងសម្របសម្រួលរបស់ក្រសួងការងារ ជាពិសេសការបន្ថែមប្រាក់២ដុល្លាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។
នេះជាការសម្រេចការងារទី១ ប្រកបដោយភាពរីករាយមុនពេលពិធីបុណ្យភ្ជុំបិណ្ឌមកដល់។
២,៣៖ កម្មវិធី «របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកបេឡាជាតិរបបសន្តិសុខសង្គម» និងកម្មវិធី «បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ»៖
កម្មវិធី «របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកបេឡាជាតិរបបសន្តិសុខសង្គម» និងកម្មវិធី «បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ» ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
តាមរយៈកម្មវិធី «របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកបេឡាជាតិរបបសន្តិសុខសង្គម» ធ្វើឱ្យបុគ្គលស្វ័យនិយោជន៍ (អ្នកប្រកបរបរផ្ទាល់ខ្លួន) និងអ្នកក្នុងបន្ទុកសមាជិកបេឡាជាតិរបបសន្តិសុខសង្គម រួមមានប្តី ឬប្រពន្ធ និងកូនក្នុងបន្ទុក អាចទទួលបានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដោយគ្រាន់តែបង់ភាគទានត្រឹមតែ ២.៦ភាគរយ នៃប្រាក់ចំណូលជាប់ភាគទាន ៦០ម៉ឺនរៀល ដែលស្មើនឹង ១៥,៦០០រៀល ហើយអាចទទួលបានសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដែលមានជម្រើសទៅព្យាបាលគ្រប់មន្ទីរ ពេទ្យនានាដែលជាដៃគូបេឡាជាតិរបបសន្តិសុខសង្គមបន្ថែមពីលើមន្ទីរពេទ្យរដ្ឋ។
បុគ្គលស្វ័យនិយោជន៍ ជាស្ត្រីដែលបង់ភាគទានបាន ៩ខែជាប់គ្នា នឹងទទួលបានប្រាក់បំណាច់លំហែមាតុភាពនៅពេលសម្រាលកូន, និងវិភាជន៍ប្រាក់បូជាសពនៅពេលទទួលមរណភាព។
ការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តនេះ នឹងគ្របដណ្តប់ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកបេឡាជាតិរបបសន្តិសុខសង្គមជាង ៣លាននាក់បន្ថែម ដែលនឹងធ្វើឱ្យរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព នឹងគ្របដណ្តប់ប្រជាជនសរុបជាង ៥លាននាក់។
ដោយឡែកកម្មវិធី «បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ» គឺក្រសួងនឹងផ្តល់ការសិក្សាដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ ១,៥លាននាក់។ សិស្សដែលបានចុះឈ្មោះចូលរៀន នឹងទទួលបានការសិក្សាដោយមិនបង់ថ្លៃ, ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល, ទទួលបានការប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ, ចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុនឯកជន, ជំនាញមួយពិតប្រាកដដែលទីផ្សារការងារកំពុងត្រូវការ និងឱកាសការងារធ្វើសមរម្យ និងប្រាក់ចំណូលទៀងទាត់។
កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកំណត់ជ្រើសរើសវិស័យ និងមុខជំនាញអាទិភាព ដោយធ្វើការសិក្សាលើស្ថានភាពសេដ្ឋកិច្ច តាមវិស័យ និងអនុវិស័យ, ការសិក្សាទីផ្សារការងារផ្អែកលើចំនួនរោងចក្រសហគ្រាស និងកម្មករនិយោជិត និងគោលនយោបាយអាទិភាពពាក់ព័ន្ធ ដោយបានកំណត់យកមុខជំនាញសម្រាប់ជំហានដំបូងចំនួន ៣៨មុខជំនាញ នៅក្នុងវិស័យអាទិភាពចំនួន១០ រួមមាន៖ សំណង់, អគ្គិសនីនិងថាមពល, អេឡិចត្រូនិក, បរិក្ខារត្រជាក់និងកម្ដៅ, កម្មន្តសាល, មេកានិកទូទៅ/មេកា និករថយន្ត, ទេសចរណ៍, សេវាកម្ម, កសិកម្ម និងកសិ-ឧស្សាហកម្ម, និងធុរកិច្ចនិងព័ត៌មានវិទ្យា។
៤៖ កាតព្វកិច្ចហ្វឹកហ្វឺនកូនជាង៖
ការជំរុញកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង គឺក្រសួងបាននឹងកំពុងពិភាក្សាជាមួយភាគីពាក់ព័ន្ធ ជាពិសេសភាគីនិយោជក កែសម្រួលយន្តការអនុវត្ត និងកែសម្រួលកម្មវិធីហ្វឹកហ្វឺនកូនជាងឱ្យស្រប តាមកញ្ចប់ស្តង់ដាបណ្តុះបណ្តាល សម្រាប់កម្មវិធីបង្កើនជំនាញ និងការរៀបចំជំនាញឡើងវិញ ដោយរួមបញ្ចូលកម្មវិធីហាត់ការ និងកម្មសិក្សាផងដែរ។
៥៖ ការអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះមុនពេលសម្រាល, ពេលសម្រាល និងក្រោយពេលសម្រាល៖
ការងារនេះក្រសួងបានយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាថាកម្មការិនីទទួលបានប្រាក់ឧបត្ថម្ភតាមកម្មវិធីរបស់រាជរដ្ឋាភិបាល។ គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឧបត្ថម្ភថវិកាដល់ កម្មការិនីជាស្ត្រីសម្រាលកូនចំនួន ៤៣៣,៦០០នាក់ មានកូនចំនួន ៤២១,៨៩០នាក់ ចំណាយថវិកាជិត ៤៤លានដុល្លា។ នេះសរបញ្ជាក់ឱ្យឃើញពីការគិតគូរដល់ការលើកកម្ពស់សុខភាព មាតា និងកុមារតូច ក្នុងការរួមចំណែកដោះស្រាយបញ្ហាកង្វះអាហាររូបត្ថម្ភរបស់កុមារតូចតាំងពីកូននៅក្នុងផ្ទៃ រហូតដល់កូនអាយុ២ឆ្នាំ និងជំរុញការលូតលាស់ទាំងកាយសម្បទាទាំងបញ្ញាស្មារតី របស់កុមារតូច ព្រមទាំងជួយសម្រាលបន្ទុកចំណាយកម្មករ និយោជិត។
៦៖ កម្មវិធីប្រលងប្រណាំង «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ»៖
ការងារនេះ លោក ហេង សួរ បានបង្កើតក្រុមការងារដើម្បីរៀបចំយន្តការវាយតម្លៃ និងកំណត់លក្ខណៈវិនិច្ឆ័យ «សហគ្រាស មួយជាសហគមន៍សុខសាន្តមួយ» ដោយពិគ្រោះយោបល់ និងសហការជាមួយដៃគូសង្គម សំដៅឈានទៅការដាក់ចេញយុទ្ធនាការប្រឡងប្រណាំងចាប់ពីឆ្នាំ២០២៤។
តាមរយៈលទ្ធផលការងារទាំង៦ខាងលើនេះ បានបង្ហាញឱ្យឃើញពីសមត្ថភាពនៃការដឹកនាំអនុវត្តន៍របស់លោក ហេង សួរ ហើយក៏បានបង្ហាញពីស្មារតីនៃការអនុវត្តន៍នូវបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រីផងដែរ។
ក្នុងពិធីដាក់ឱ្យអនុវត្តន៍ជាផ្លូវការកម្មវិធី «របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកបេឡាជាតិរបបសន្តិសុខសង្គម» និងកម្មវិធី «បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ» នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ ដែលបានយកចិត្តទុកដាក់អនុវត្តន៍ជោគជ័យលើកិច្ចការដែលសម្តេចបានដាក់ជូនក្នុងរយៈពេលត្រឹមជាង២ខែ៕