(ហាណូយ)៖ មន្ត្រីរដ្ឋាភិបាលវៀតណាម ០២នាក់ត្រូវបានមិត្តរួមការងារម្នាក់ បាញ់សម្លាប់ ហើយជនបង្កខ្លួនឯងក៏បាន ធ្វើអត្តឃាតដោយកាន់កាំភ្លើងបាញ់ ទំលុះក្បាលខ្លួនឯងនាពេលបន្ទាប់ទៀត នៅក្នុងខេត្ត Yen Bai ភាគខាងជើង ប្រទេសវៀតណាម។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០១៦។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនាវេលាម៉ោង ៧៖៤៥នាទីព្រឹកថ្ងៃព្រហស្បតិ៍ ដោយក្នុងនោះលោក Do Cuong Minh អនុប្រធាននាយកដ្ឋានការពារ ព្រៃឈើក្នុងខេត្ត Yen Bai បានដើរចូលទៅក្នុងការិយាល័យ របស់លោក Pham Duy Cuong លេខាធិការបក្សប្រចាំខេត្ត Yen Bai និងលោក Ngo Ngoc Tuan ប្រធានក្រុមប្រឹក្សាប្រជាជននៅខេត្ត ដដែលនេះ ហើយក៏បានធ្វើការបាញ់រះទៅលើ មន្ត្រីទាំងពីររូបនេះ ឲ្យស្លាប់នៅហ្នឹងកន្លែងតែម្តង។
តាមសារព័ត៌មានវៀតណាមលោក Minh ត្រូវបានតែងតាំងឲ្យកាន់តំណែងខាងលើនេះ កាលពីខែមីនា ឆ្នាំ២០១៤។ ប៉ូលិសនៅមិនទាន់ដឹងថា ការបាញ់ប្រហារនេះ បណ្តាលមកពីរឿងអ្វីនៅឡើយទេ ប៉ុន្តែសម័យប្រជុំលើកទីពីរនៃ ក្រុមប្រឹក្សាប្រជាជនខេត្ត Yen Bai គ្រោងនឹងប្រារព្ធឡើងនៅវេលាម៉ោង ៨៖០០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែវាត្រូវបានលុបចោល ដោយសារតែការបាញ់ប្រហារនោះ កើតឡើង៕