(បាងកក)៖ ក្រោយការបំផ្ទុះគ្រាប់បែកដ៏កក្រើក នៅបណ្តាទីក្រុងទេសចរណ៍ល្បីៗ នាភាគខាងត្បូងប្រទេសថៃនោះ ប៉ូលិសបានចាប់ខ្លួនជនសង្ស័យ ១៧នាក់ ក្នុងនោះ ០២នាក់ត្រូវបានដោះលែង និង១៥នាក់ទៀតបន្តឃុំខ្លួន ដើម្បីធ្វើការស៊ើបអង្កេតទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០១៦។
លោកមេបញ្ជាការយោធា Burin Tongprapai បានប្រាប់អ្នករាយការណ៍ព័ត៌មាននានាថា «អាជ្ញាធរបាន ចាប់ខ្លួនជនសង្ស័យ ១៧នាក់ និងបញ្ជូនមកកាន់ បន្ទាយកងទ័ពភូមិភាគ១១ ក្នុងទីក្រុងបាងកក ហើយយើងបានដោះលែងពីរនាក់ទៅវិញ បន្ទាប់ពីសាកសួររួច ប៉ុន្តែឥឡូវនេះអាជ្ញាធរកំពុងតែ តាមចាប់ជនសង្ស័យ ទាំងពីរនាក់ ដែលទើបត្រូវបានដោះលែងនោះមកឃុំខ្លួនវិញ ដោយសារតែទើបរកឃើញ ការសង្ស័យថ្មីទៀត»។
តាមការបញ្ជាក់តំណាក់កាលដំបូង ជនសង្ស័យដែលត្រូវបានចាប់ខ្លួនទាំងអស់ គ្មាននរណាម្នាក់ដែលបានសារភាពថា ស្ថិតនៅពីក្រោយ ឬជាប់ពាក់ព័ន្ធទៅនឹង ការវាយប្រហារដោយបំផ្ទុះគ្រាប់បែកចំនួន ១១លើកនោះឡើយ។ វាបានធ្វើឲ្យ រដ្ឋាភិបាលយោធាថៃ សន្មត់ថា ការបំផ្ទុះគ្រាប់បែកនៅខេត្តទាំង ០៥កន្លងទៅនេះ មិនបានជាប់ពាក់ព័ន្ធទៅនឹងការមិនពេញចិត្ត ឬ អំពើហិង្សា ប្រឆាំងនឹងរដ្ឋាភិបាល បច្ចុប្បន្ននេះឡើយ។
អ្នកវិភាគនានាក៏បានលើកឡើងកន្លងមកផងដែរថា ក្រុមជនជាតិភាគតិចម៉ូស្លីម អាចនឹងត្រូវទទួលខុសត្រូវចំពោះការ វាយប្រហារនេះ ប៉ុន្តែចំពោះទង្វើបំផ្ទុះគ្រាប់បែក ដែលស្ថិតនៅឆ្ងាយពីមូលដ្ឋានស្នូល របស់ពួកគេ គឺវាក៏មិនអាចទៅរួច នោះដែរ ក៏ព្រោះតែកន្លងមកការវាយប្រហារបែបនេះ ច្រើនតែកើតឡើងនៅបណ្តាខេត្តជាប់ ព្រំដែនម៉ាឡេស៊ី។ ដោយឡែកអ្នកតាមដាន ឯករាជ្យមួយចំនួនទៀត បានហៅការបំផ្ទុះគ្រាប់បែកខាងលើនេះ ថាជាការព្យាយាមបំផ្លាញ មុខមាត់របស់រដ្ឋាភិបាលយោធាបច្ចុប្បន្ន៕