(ព្រៃវែង)៖ គណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ ខេត្តព្រៃវែង សហការជាមួយ គណ:កម្មការផ្សារ ដឹកនាំដោយ លោក ទេស សាបាន នាយករដ្ឋបាលសាលាក្រុងព្រៃវែង និងជាអនុប្រធានគណៈកម្មការរៀបចំសណ្តាបធ្នាប់ផ្សារចាស់ នៅថ្ងៃ១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបន្តអនុវត្តរៀបចំសណ្តាប់ធ្នាប់ និងក្រើនរំលឹកដល់អាជីវករមិនឲ្យដាក់អីវ៉ាន់លក់ដូរលើដងផ្លូវសាធារណៈ លើសគំនូសដែលបានកំណត់ ជុំវិញផ្សារក្រុងព្រៃវែង ដើម្បីឱ្យមានរបៀបរៀបរយ។
សកម្មភាពនេះធ្វើឡើង ដោយសារបច្ចុប្បន្ននៅតែមានអាជីវករមួយចំនួន បន្តយកអីវ៉ាន់ដាក់លក់ដូរ លើសគំនូសកំណត់ នៅលើដងផ្លូវជុំវិញផ្សារជារៀងរាល់ថ្ងៃដោយគ្មានរបៀបរៀបរយ។
លោក ទេស សាបាន បានឲ្យដឹងថា នេះមិនមែនជាលើកទីមួយទេ ដែលអាជ្ញាធរខេត្តនិងក្រុង បានចុះរៀបចំសណ្តាប់ធ្នាប់ផ្សារក្រុងព្រៃវែង តែជាលទ្ធផលដូចជាវែកចកក្នុងទឹកអ៊ីចឹង ក៏ប៉ុន្តែអាជីវករមួយចំនួនទៀត គាត់ក៏បានអនុវត្តតាមការណែនាំរបស់គណៈកម្មការរៀបចំសម្រាប់ធ្នាប់ផ្សារផងដែរ។ ថ្ងៃនេះ គណៈកម្មកាក៏បានបានចុះណែនាំ និងបាញ់ថ្នាំកំណត់ទីតាំងឱ្យដាក់លក់ និងកន្លែងហាមលក់នៅលើទ្រូងផ្លូវ។
លោកបន្តថា គណៈកម្មាការរៀបចំសណ្តាប់ធ្នាប់ផ្សារ នៅបន្តចុះរៀបចំបន្តទៀត និងតម្រូវឱ្យអាជីវកររើគ្រែ រើឆ័ត្រចេញពីដងផ្លូវ ឬទ្រូងផ្លូវតែម្តង ព្រោះវាជាផ្លូវសាធារណ: ដោយមិនអនុញ្ញាតឱ្យពួកគាត់លក់លើផ្លូវបន្តទៀតទេ។ ក្នុងករណីអាជីវករ តវ៉ា ឬមិនសហការជាមួយអាជ្ញាធរទេ គណៈកម្មការ និងអនុវត្ដតាមច្បាប់។
លោកបានបញ្ជាក់ថា គោលបំណង ដែលគណៈកម្មការរៀចំសណ្តាប់ធ្នាប់ផ្សារចុះរៀបចំនេះ គឺដើម្បីបញ្ជៀស ការប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋនិងសន្ដិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ និងប៉ះពាល់ដល់ការធ្វើចរាចររបស់ប្រជាពលរដ្ឋទូទៅធ្វើដំណើរផងដែរ។
មិនតែប៉ុណ្ណោះក៏បង្កឲ្យប៉ះពាល់ដល់ការបង្ការទប់ស្កាត់ និងងាយស្រួលក្នុងការសង្រ្គោះពេលមានបញ្ហាកើតឡើងជាយថាហេតុដូចជា អគ្គីភ័យឆាប់ឆេះជាដើម។ ម្យ៉ាងទៀត ក៏បានប៉ះពាល់ដល់សោភណ្ឌភាពផ្សារ និងប៉ះពាល់ដល់បរិស្ថានអនាម័យផងដែរ ដូច្នេះគណៈកម្មការសង្ឃឹម និងជឿជាក់ថា អាជីវករលក់ដូរលើផ្លូវសាធារណៈ នឹងចូលរួមសហការដោយស្ម័គ្រចិត្ដ ជាមួយគណៈកម្មការឲ្យបានទាំងអស់គ្នាចាប់ពីពេលនេះតទៅ៕