(ភ្នំពេញ)៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា បានផ្ញើសារលិខិតជូនពរ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។

ក្នុងសារលិខិតរបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមកោតសរសើរ និងសូមវាយតម្លៃខ្ពស់ចំពោះស្នាដៃដ៏ធំធេងរបស់ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងបុព្វហេតុចូលរួមកសាងប្រទេសជាតិពីបាតដៃទទេ រហូតទទួលបានសន្តិភាព ស្ថិរភាព ការអភិវឌ្ឍលើគ្រប់វិស័យ។ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត បានបំពេញបេសកកម្មជាប្រវត្តិសាស្ត្រ បម្រើជាតិ និងប្រជាជន តាមរយៈការដឹកនាំការងារទំនាក់ទំនងការទូត និងសហប្រតិបត្តិការអន្ដរជាតិ ធ្វើឱ្យ កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជា ត្រូវបានលើកតម្កើងលើឆាកអន្តរជាតិជាបន្តបន្ទាប់»។

ជាថ្មីម្ដងទៀត ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា និងភរិយា សូមយកឱកាសដ៏សិរីមង្គលនេះ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុ ស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនដល់ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត និងលោកជំទាវ ព្រមទាំង ក្រុមគ្រួសារ សូមបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕