តុលាការ នឹងបើកសវនាការសំណុំរឿងលោក អ៊ុំ សំអាន ថ្ងៃទី៥ ខែកញ្ញា ពាក់ព័ន្ធរឿងផែនទីសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម
18-08-2016 14:45
(ភ្នំពេញ)៖ សំណុំរឿងលោក អ៊ុំ សំអាន តំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ នឹងត្រូវសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះ នាថ្ងៃទី៥ ខែកញ្ញា ខាងមុខនេះ ពាក់ព័ន្ធរឿងផែនទីសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម។
មិនអាចទំនាក់ទំនងសុំការបញ្ជាក់ពីលោក សំ សុគង់ មេធាវីការពារក្ដីលោក អ៊ុំ សំអាន បាននៅឡើយទេ កាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ដោយសារទូរស័ព្ទចូលជាច្រើនលើកគ្មានអ្នកទទួល។
ប៉ុន្តែលោក សំ សុគង់ បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការរឿងក្ដី លោក អ៊ុំ សំអាន នៅថ្ងៃទី៥ ខែកញ្ញា។
លោក អ៊ុំ សំអាន ជាប់ចោទពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ (បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម) និងបទញុះញង់ឲ្យមានការរើសអើង ពាក់ព័ន្ធផែនទីសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ និងព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦។
បទល្មើសញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ កំណត់ការផ្តន្ទាទោសពី៦ខែទៅ២ឆ្នាំនិងពិន័យជាប្រាក់ពី១លានរៀល ទៅ៤លានរៀល។
បទល្មើសញុះញង់ឲ្យមានការរើសអើង កំណត់ការផ្តន្ទាទោសពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀលទៅ ៦លានរៀល៕