(កំពង់ឆ្នាំង)៖ បទល្មើសនេសាទដោយប្រើឧបករណ៍ហ្ស៉ីប ឬហៅ «ជន» ខ្នាតធំចំនួន៥គ្រឿង ប្រើដោយកម្លាំងម៉ាស៊ីន ត្រូវបានក្រុមល្មើសច្បាប់ធ្វើសកម្មភាពរុញចាប់ត្រីនៅចំណុចកោះក្រញ៉ានក្នុងភូមិសាស្ត្រឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលក្រុមប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានបានប្រទះឃើញ កំពុងធ្វើសកម្មភាពកាលពីវេលាម៉ោង ៨៖០០នាទីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ និងបានរាយការណ៍ជូនមន្ត្រីជំនាញទាំងយប់ផងដែរ។

លោក រ៉េម ផល្លី បាននិយាយថា បន្ទាប់ពីលោកបានឃើញទូករុញជនប្រើដោយកម្លាំងម៉ាស៊ីនទំហំស៊ីឡាំង៣០សេះចំនួន៥គ្រឿង កំពុងធ្វើសកម្មភាពនៅចំណុចខាងលើនេះ លោកក៏បានរាយការណ៍ទៅមន្ត្រីជំនាញ ដើម្បីឲ្យចុះមកបង្ក្រាប និងនាំយកទូករុញជនទាំង៥គ្រឿងចាត់វិធានការតាមផ្លូវច្បាប់។

លោកបានបញ្ជាក់ថា បន្ទាប់ពីបានរាយការណ៍ទៅជំនាញរួចហើយ លោករង់ចាំនៅកន្លែងកើតហេតុអស់រយៈពេលជាងមួយម៉ោងទើបឃើញលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានទូរស័ព្ទមកប្រាប់លោកថា ក ម្លាំងជំនាញរដ្ឋបាលជលផលរបស់លោកមិនមាននោះទេ គឺនៅឆ្នុកទ្រូមានតែម្នាក់ បើលោកឱ្យកម្លាំងទៅពីកំពង់ឆ្នាំងខ្លាចក្រែងយូរ។

ខណៈនោះដែរលោកនាយខណ្ឌរដ្ឋបាលជលផល ក៏បានឱ្យក្រុមការងាររបស់លោកនាំយកទូកជនទាំង៥គ្រឿងនោះទៅដាក់នៅសង្កាត់រដ្ឋបាលជលផលឆ្នុកទ្រូផង។ តែលោកបានប្រាប់ទៅលោកនាយខណ្ឌវិញថា លោកមិនដឹងថា តើទូកនោះគេអាចទៅតាមលោកដែរ ឬអត់នោះទេ ព្រោះលោកមិនមែនជាសមត្ថកិច្ច ដោយឮមន្ត្រីជំនាញរដ្ឋបាលជលផលប្រាប់ថា មិនមានកម្លាំងមកយក ហើយយប់កាន់តែជ្រៅផងនោះ លោកក៏បាននាំទូកនោះបម្រុងយកទៅប្រគល់ជូនសង្កាត់រដ្ឋបាលជលផលឆ្នុកទ្រូ តែពេលចេញដំណើរបានតែបន្តិចទូករុញជនទាំងអស់នោះ មិនបានទៅតាមលោកនោះទេ ដោយពួកគេបានបើកទូកគេចបាត់អស់ ដោយសារលោកមិនមែនជាសមត្ថកិច្ច លោកក៏មិនអាចដេញតាមទូកល្មើសទាំងអស់នោះឡើយ។

ពាក់ព័ន្ធករណីខាងលើនេះលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News កាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ថា កម្លាំងរបស់លោកនៅសង្កាត់បរិបូណ៌មានតែម្នាក់ កម្លាំងជំនាញមានតែនៅក្រុងកំពង់ឆ្នាំង ដោយសុំឲ្យខាងអ្នកព័ត៌មានឃាត់ទូកទាំងនោះទុកសិន លោកនឹងបញ្ជូនកម្លាំងទៅ តែក្រោយមកលោកបានឲ្យអ្នកសារព័ត៌មាននាំយកទូករុញជនទាំង៥គ្រឿងនោះទៅដាក់នៅសង្កាត់រដ្ឋបាល ជលផលបរិបូណ៍ជំនួសមន្ត្រីនគរបាលយុត្តិធម៌ទៅវិញ។

ជុំវិញករណីខាងលើនេះ, លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ក៏បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ករណីទូករុញជនប្រើដោយកម្លាំងម៉ាស៊ីនខាងលើនេះ គឺច្បាប់ហាមដាច់ខាត់មិនអនុញ្ញាតនោះឡើយ ករណីនេះគឺជាបទល្មើសដែលមិនត្រូវលើកលែងឲ្យជាដាច់ខាត។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា ពាក់ព័ន្ធទៅនឹងមន្ត្រីជំនាញរបស់លោកដែលថា ខ្វះកម្លាំងក្នុងការចុះសហការជាមួយក្រុមអ្នកសារព័ត៌មានដែលពួកគាត់បានចំណាយទាំងពេលវេលា ទាំងថវិកា និងប្រឈមបញ្ហាជាច្រើនជា មួយក្រុមជនល្មើស បានឃាត់ទូករុញជនប្រើដោយកម្លាំងម៉ាស៊ីនបានចំនួន៥គ្រឿងហើយ គ្រាន់តែនាំកម្លាំងជំនាញទៅយកក៏ធ្វើមិនបានដែរ បែរជាឆ្លើយថាគ្មានកម្លាំងចុះទៅនាំយកទូករុញជនល្មើសទាំងនោះមកកាន់សង្កាត់រដ្ឋបាល ជលផលឆ្នុកទ្រូទៅវិញ។

ករណីនេះលោកមានការហួសចិ ត្តជាខ្លាំង ដោយសារតែនៅតំបន់ឆ្នុកទ្រូនោះ មាននាយរងខណ្ឌ១នាក់ នាយរងផ្នែក១នាក់ សង្កាត់២នាក់ និងក៏មានកម្លាំងអធិការរដ្ឋានខាងត្បូងបឹងទន្លេសាបនៅប្រចាំការទី នោះ ដើម្បីសហការបង្ក្រាបបទល្មើសនេសាទផងដែរ។ ទោះជាយ៉ាងណា ក្នុងនាមយើងជាមន្ត្រីជំនាញត្រូវទទួលខុសត្រូវ ហេតុអីបានជាប្រើឱ្យអ្នកសារព័ត៌មានដែលមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌នាំអ្នកប្រព្រឹ ត្តបទល្មើសជំនួសទៅវិញ។

ករណីនេះនៅយប់ថ្ងៃទី១៣ ខែវិច្ឆិកានេះដែរ អ្នកសារព័ត៌មានក៏បានរាយការណ៍ជូនទៅថ្នាក់ដឹកនាំមួយចំនួនមាន៖ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត, លោក ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំ ង និងលោកអភិបាលខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធនឹងការឃាត់បទល្មើសប្រភេទទូករុញជនប្រើដោយកម្លាំងម៉ាស៊ីនចំនួនគ្រឿង៥ខាងលើនេះ ដើម្បីឲ្យលោកទាំងអស់បានជ្រាបជាព័ត៌មានផងដែរ។

សូមបញ្ជាក់ថា ប្រភេទទូកបំពាក់ដោយឧបករណ៍នេសាទរុញដោយកម្លាំងម៉ាស៊ីនទំហំ៣០សេសទាំង៥គ្រឿងខាងលើនេះ គេហៅថាទូករុញហ្ស៉ីប ឬ ជន ឧបករណ៍ប្រភេទនេះមានមុខប្រមាណជា១០ម៉ែត្រ និងបណ្ដោយ សាច់អួន១៥ម៉ែត្រ ដែលមានសាច់អួនក្រឡាទហំ១លីកន្លះនៅផ្នែកខាងក្រោយ។

ឧបករណ៍នេះគេអាចចាប់ត្រីបានច្រើនគួរសម ហើយឧបករណ៍ប្រភេទនេះដែរ ច្បាប់ស្ដីពីជលផលមិនអនុញ្ញាតឱ្យប្រើនោះឡើយ ព្រោះវាអាចប៉ះពាល់ដល់ការនេសាទជាលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋ ដែលមានជីវភាព ខ្សត់ខ្សោយ ដូចជាអាចធ្វើឱ្យដាច់រហែកមង សន្ទូច និងឧបករណ៍នេសាទជាលក្ខណៈគ្រួសារតូចតាចរបស់ប្រជានេសាទជាច្រើនទៀត៕