(ភ្នំពេញ)៖ ត្រីបបែលយក្សទម្ងន់៣០០គីឡូក្រាម​ ដែលត្រូវបានក្រុមអ្នកស្រាវជ្រាវប្រសិទ្ធនាមថា «បូណ៌មី» ត្រូវបានជាប់ក្នុងកំណត់ត្រាពិភពលោក (GUINNESS WORLD RECORDS) ជាត្រីទឹកសាបធំបំផុតនៅលើពិភពលោក។ ​

ក្នុងកម្មវិធីសិក្ខាសាលាស្តីពី ស្ថានភាពត្រីបបែលយក្សទឹកសាបក្នុងតំបន់ទន្លមេគង្គ និងពិធីប្រគល់វិញ្ញាបនបត្រកំណត់ត្រាពិភពលោក នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​បានថ្លែងថា នេះគឺជាមោទនភាពមួយរបស់កម្ពុជា ដែលត្រីបបែលរបស់កម្ពុជា ​បានបំបែកកំណត់ត្រាពិភពលោក ដែលជាត្រីទឹកសាបធំជាងគេបំផុតនៅលើពិភពលោក មានទម្ងន់រហូតដល់ ៣០០គីឡូក្រាម។

លោកបានឱ្យដឹងបន្តថា ការដែលត្រីបបែលនេះត្រូវបានក្រុមអ្នកស្រាវជ្រាវប្រសិទ្ធនាមថា «បូណ៌មី» ព្រោះត្រីនេះបានលែងចូល ក្នុងទន្លេមេគង្គវិញ នៅថ្ងៃពេញបូណ៌មី។ តាមលទ្ធផលនៃការស្រាវជ្រាវ បានបង្ហាញថា បូណ៌មី បាននិង កំពុងស្ថិតនៅក្នុងអន្លង់ដែលអ្នកនេសាទចាប់បានកន្លងមកដដែល។

បើតាមមន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្មរូបនេះ ក្នុងឆ្នាំ២០២២ត្រីបបែលយក្សទឹកសាបចំនួន០៣ក្បាល ត្រូវបានអ្នកនេសាទចាប់បានដោយចៃដន្យនៅ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ត្រីបបែលយក្សទី១ ទម្ងន់ ១៨០គីឡូក្រាម ទី២ ទម្ងន់១៤៣ គីឡូក្រាម និងត្រីបបែលយក្សទី៣ ទម្ងន់៣០០គីឡូក្រាម។ ​

លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅ​តាមដងទន្លេមេគង្គ ខិតខំចូលរួមថែរក្សា អភិរក្សធនធានជលផលឱ្យបានកាន់តែល្អប្រសើរ។ ហើយជាមួយគ្នានេះ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងសហការយ៉ាងជិតស្និទ្ធ ជាមួយស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍នានា ក្នុងការចូលរួមពង្រឹងការគ្រប់គ្រង ការការពារ និងការអភិរក្សធនធានជលផលឱ្យមាននិរន្តរភាព ជាពិសេសការការពារ និងអភិរក្សធនធាន ជលផលនៅតាមដងទន្លេមេគង្គក្នុងខេត្តក្រចេះ និងស្ទឹងត្រែង ដែលជាដែនជម្រកសត្វផ្សោត និងជាកន្លែង រស់នៅរបស់ត្រីមេពូជសំខាន់ៗ រួមទាំងប្រភេទត្រីដែលកំពុងរងគ្រោះថ្នាក់ ដូចជា ត្រីបបែលយក្សទឹកសាប ត្រីរាជ ត្រីគល់រាំង ត្រីត្រសក់ និងត្រីប៉ាសាណាក់។
ទន្ទឹមនេះ រដ្ឋបាលជលផល ក៏បានសហការជាមួយដ គូអភិវឌ្ឍន៍ ធ្វើការសិក្សាស្រាវជ្រាវបច្ចេកទេសវិទ្យាសាស្រ្តជលផល តាមដានការប្រែប្រួលធនធាន ជលផល និងលំនឹងប្រព័ន្ធអេកូឡូស៊ីជលផល។

លោក ប៉ាទ្រិក ម័រហ្វី ឯករដ្ឋទូតសហរដ្ឋអាមេរិកបានលើកឡើងថា នេះគឺជាក្តីរំភើបមួយ​ ដែលត្រីបបែលយក្សចាប់បាននៅក្នុងដងទន្លេមេគង្គរបស់កម្ពុជា បានបំបែកកំណត់ត្រាពិភពលោក ​និងជាការបង្ហាញពីមោទភាពរបស់ប្រទេស ផងដែរ។ នេះគឺជាឱកាសដ៏ល្អក្នុងការបង្ហាញសក្តានុពលនៃការអភិរក្ស នៅក្នុងតំបន់ទន្លេមេគង្គ និងបឹងទន្លេសាប​ ដែលពោពេញដោយជីវចម្រុះជាច្រើន។ ជាពិសេសគឺត្រីបបែលយក្សពិតជាមានទំហំធំ ហើយបើមេវាមានទំហំបែបនេះ កូនវាក៏អាចនឹងមិនតូចនោះទេ។

សូមជម្រាបថា ចាប់ពីឆ្នាំ២០២០ មករដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគម្រោង អច្ឆរិយភាពនៃទន្លេមេគង្គ បានលែងប្រភេទត្រីដែលកំពុងរងគ្រោះថ្នាក់ចំនួន ១៦,២៣៦ក្បាល ចូលក្នុងដែន ទឹកធម្មជាតិវិញ រួមមានត្រីគល់រាំងត្រីរាជត្រីត្រសក់ ត្រីប្រាធំ ក្នុនោះត្រីបបែលយក្ស ៣ក្បាល​៕