(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានលបឆ្មក់បង្ក្រាបល្បែងស៊ីសងមួយកន្លែង (ចាក់ភ្នាល់ JOKER តាមប្រព័ន្ធអនឡាញ) និងឈានដល់ការឃាត់ខ្លួន អ្នកមើលការខុសត្រូវ និងអ្នកលេង៧នាក់ ព្រមទាំងរកឃើញគ្រឿងញៀនចំនួន៦កញ្ចប់ថង់តូច ហើយដកហូតវត្ថុតាងពាក់ព័ន្ធបទល្មើសល្បែងស៊ីសងមួយចំនួនផ្សេងទៀត។ នេះបើតាមរបាយការណ៍របស់លោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ប្រតិបត្តិការលបឆ្មក់បង្ក្រាបល្បែងស៊ីសង (ចាក់ភ្នាល់ JOKER តាមប្រព័ន្ធអនឡាញ) របស់កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនេះ បានអនុវត្តឡើងស្ថិតនៅត្រង់ចំណុចផ្ទះគ្មានលេខមួយកន្លែង តាមបណ្ដោយផ្លូវបេតុង ក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ វេលាម៉ោង១៤៖២៥នាទីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោកវរសេនីយ៍ទោ ម៉ម សាវន បានបញ្ជាក់ថា ចំពោះប្រតិបត្តិការលបឆ្មក់បង្ក្រាបល្បែងស៊ីសងនេះដែរ បានធ្វើឡើងក្រោមបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ , លោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ ក្រោមការឯកភាពពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

លោកវរសេនីយ៍ទោ ម៉ម សាវន បានបញ្ជាក់ទៀតថា ចំពោះវត្ថុតាងដែលសមត្ថកិច្ចចាប់យកនៅក្នុងប្រតិបត្តិការលបឆ្មក់បង្ក្រាបល្បែងស៊ីសងរួមមាន៖

*គ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន៦ កញ្ចប់តូចមានទម្ងន់ ០,៣៤ក្រាម (សូន្យក្បៀសសាមសិបបួនក្រាម)
*កុំព្យូទ័រឡេបថប់ម៉ាកហ្វុយជីតស៊ុយ ពណ៌ខ្មៅ ចំនួន១គ្រឿង
*ដុំវ៉ាយហ្វាយ ពណ៌ស១គ្រឿង
*ទូរសព្ទ័ចំនួន៦គ្រឿង ក្នុងនោះមានម៉ាកអុបប៉ូ៥ គ្រឿង (ពណ៌ទឹកមាស១-ពណ៌ផ្កាឈូក១-ពណ៌ ខ្មៅ៣) និងទូរស័ព្ទដៃម៉ាកអាយហ្វូន១១ប្រូ ពណ៌ ទឹកសណ្តែក១គ្រឿង
*ប្រាក់រៀល ១០០,០០០រៀល (ដប់ម៉ឺនរៀល)
*សៀវភៅកត់ត្រាទឹកប្រាក់មួយចំនួន។

ជនសង្ស័យអ្នកមើលការខុសត្រូវ និងអ្នកលេងល្បែងប្រុសស្រីទាំង៧នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖ ឈ្មោះ រិត ស្រីចាន់ ហៅជី អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកមើលការខុសត្រូវកន្លែងលេងហ្គេម ស្នាក់នៅផ្ទះជួល តាមបណ្ដោយផ្លូវលេខ២០០៤ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។ ចំណែក៦នាក់ទៀត ស្នាក់នៅផ្ទះជួលតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រួមមាន៖

*ទី១៖ ឈ្មោះ ម៉េត រដ្ឋា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកមើលការខុសត្រូវកន្លែងលេងហ្គេម
*ទី២៖ ឈ្មោះ ចែម សារ៉ា ហៅដា ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិកមើលការខុសត្រូវកន្លែងលេងហ្គេម
*ទី៣៖ ឈ្មោះ វណ្ណី សុខទី អាយុ៣៣ឆ្នាំ មុខរបរបុគ្គលិកខ្សែកាប
*ទី៤៖ ឈ្មោះ តុប នាង អាយុ៣២ឆ្នាំ មុខរបររើសអេតចាយ
*ទី៥៖ ឈ្មោះ ហែម វិចិត្រ អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ
*ទី៦៖ ឈ្មោះ ឃិន ប៉ាវឡុង អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកហាងបិតស្កុតរថយន្ត។

ក្រោយបង្ក្រាប និងរៀបចំកសាងសំណុំរួចរាល់ ចំពោះជនសង្ស័យប្រុសស្រីទាំង៧នាក់ និងវត្ថុតាងពាក់ព័ន្ធបទល្មើសល្បែងស៊ីសង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅកាន់អយ្យការនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនិតិវិធី៕