(ភ្នំពេញ)៖ លោក ចៅ តុល នាយករងខុទ្ទកាល័យមហាបវរសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងចុះរៀបចំទីតាំងសម្រាប់ទទួលក្រុមកីឡាករចំណុះទូក របស់សម្ដេចតេជោ ហ៊ុន សែន សម្ដចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នៅកំពង់ផែស្វយ័តរាជធានីភ្នំពេញ (ផែថ្ម)។

លោក ចៅ តុល បានឲ្យដឹងថា រោងធំធំត្រូវបានរៀបចំឡើងជាមួយគ្រោងដែកយ៉ាងរឹងមាំ ជាមួយនឹងការរៀបចំប្រកបដោយផាសុកភាព មានការឈូសឆាយព្រៃតូចៗឲ្យស្អាត ការសម្អាតបរិស្ថាន រៀបចំឲ្យមានបន្ទប់ទឹកគ្រប់គ្រាន់ មានទីបញ្ជាការស្រាលសម្រាប់ផ្ដល់នូវរាល់តម្រូវការរបស់ក្រុមកីឡាករចំណុះទូកដូចពេទ្យសង្រ្គោះបឋម ឡានពេទ្យ ឡានទឹក ទីបញ្ជាការសម្រាប់កងកម្លាំងយាមកាមជាដើម។

លោក ចៅ តុល បានបន្តថា ដោយផ្អែកលើគុណភាពជាចម្បង និងធានាបានគុណភាពមិនអាចថ្លោះធ្លោយបាន លោកបានចុះមកពិនិត្យ និងបញ្ជាដឹកនាំដោយផ្ទាល់តែម្ដង សំដៅធានាបានការរៀបចំទីតាំងឲ្យបានល្អឥតខ្ចោះ គ្មានចន្លោះខ្វះខាត ធានាបាននូវសម្ភារចាំបាច់គ្រប់គ្រាន់សម្រាប់ក្រុមកីឡាករចំំណុះទូក និងក្រុមការងារទាំងអស់ ស្នាក់នៅប្រកបដោយផាសុកភាព ធានាបាននូវសន្តិសុខល្អ និងក្រុមគ្រូពេទ្យ ឡានពេទ្យប្រចាំការសម្រាប់ សង្រ្គោះបឋមជាដើម។

សូមជម្រាបថា សម្រាប់រោងធំធំទាំងនេះ ត្រូវបានធ្វើឡើងប្រកបដោយគុណភាពស្តង់ដាត្រឹមត្រូវ ដោយអាចផ្ទុកមនុស្សជាង៣ពាន់នាក់ ខណ:ដែលរោងទី១ សម្រាប់ផ្ទុកក្រុមកីឡាករចំណុះទូករបស់សម្ដេចតេជោ ហ៊ុន សែន , រោងទី២ សម្រាប់ផ្ទុកក្រុមកីឡាករចំណុះទូករបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សរុបទូករបស់សម្ដចទាំងទ្វេចំនួន២០ទូក និងរោងទី៣ សម្រាប់ផ្ទុកក្រុមកីឡាករចំណុះទូករបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំនួន១០ទូក។ មនុស្សប៉ាន់ស្មានដែលនឹងស្នាក់នៅអាចខ្ទង់ ៣,៥០០នាក់។

សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ នឹងរៀបចំធ្វើឡើងនៅរាជធានីភ្នំពេញចំនួន៣ថ្ងៃគឺថ្ងៃទី ២៦ ២៧ និង២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ៕