(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានដាក់ពាក្យបណ្តឹងជាថ្មី ប្តឹងម្ចាស់សិដ្ឋានចិញ្ចឹមមាន់ជល់គ្មានច្បាប់អនុញ្ញាតមួយកន្លែង ដែលរំលោភកិច្ចព្រមព្រៀង នៅតែបង្កសម្លេងរំខាន និងក្លិនស្អុយ ដល់អ្នករស់នៅជុំវិញ។

លិខិតរបស់ប្រជាពលរដ្ឋ គោរពជូនលោកអភិបាលខណ្ឌច្បារអំពៅ មានខ្លឹមសារដូច្នេះថា «យើងខ្ញុំជាប្រជាពលរដ្ឋរស់នៅ ក្នុងបូរីមង្គលភ្នំពេញ ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ សូមគោរពជម្រាបជូន លោកអភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅជ្រាបថា កន្លងមកយើងខ្ញុំបានជួបសម្របសម្រួលច្រើនលើក និងព្រមព្រៀងទុករយៈ ៩ខែអោយម្ចាស់កសិដ្ឋានរកទីតាំងថ្មី ហើយក្នុងរយៈពេលនេះត្រូវកាត់ បន្ថយសម្លេងរំខាន និងក្លិនស្អុយចេញពីកសិដ្ឋាន ដែលប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅជិតខាង។ ប៉ុន្តែម្ចាស់កសិដ្ឋាន មិនបានគោរពតាមការព្រមព្រៀង ដោយមិនមានវិធានការកាត់បន្ថយ សម្លេងមាន់រងាវរំខាន និងក្លិនស្អុយចេញពីកសិដ្ឋានឡើយ។ ដូចនេះ យើងខ្ញុំសំណូមពរលោកអភិបាល ចាត់វិធានការបិទតាមនីតិវិធីកសិដ្ឋានគ្មានច្បាប់អនុញ្ញាតនេះ ដើម្បីជៀសវាងការឆ្លងរាលដាល នូវជំងឺផ្តាសាយបក្សី (H5N1) ព្រមទាំងផលរំខានផ្សេងៗ ដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញទីតាំង ដែលមានសាលារៀន និងទីប្រជុំជនរស់នៅ»។

សូមជម្រាបថា ករណីកសិដ្ឋានចិញ្ចឹមមាន់ជល់ដែលបង្កសម្លេងរំខាន និងក្លិនស្អុយនេះ ត្រូវបានប្រជាពលរដ្ឋរស់នៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ប្តឹងទៅអាជ្ញាធរម្តងរួចមកហើយ។ កាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣កន្លងទៅ អាជ្ញាធរខណ្ឌច្បារអំពៅ និងមន្ទីរកសិកម្មរាជធានីភ្នំពេញ បានប្រជុំដោះស្រាយផងដែរ។ ក្រោយពីបានប្រជុំពិភាក្សាជាមួយភាគីតំណាងប្រជាពលរដ្ឋ ភាគីតំណាងម្ចាស់អាជីកម្មចិញ្ចឹមមាន់ និងអ្នកពាក់ព័ន្ធរួចមក អង្គប្រជុំសម្រេចដូចខាងក្រោម៖

១៖ សូមឲ្យភាគីម្ចាស់អាជីវកម្មចិញ្ចឹមមាន់ រុះរើផ្លាស់ប្តូរទៅទីតាំងផ្សេង ដែលឆ្ងាយពីទីប្រជុំជនរស់នៅ។

២៖ នៅទីតាំងនេះមិនអនុញ្ញាតច្បាប់ ឲ្យបើកអាជីវកម្មចិញ្ចឹមមាន់បានទេ។

៣៖ ទុកពេលវេលាប្រាំបួន(៩)ខែ សម្រាប់ទុកពេលឲ្យម្ចាស់អាជីវកម្មចិញ្ចឹមមាន់ រុះរើផ្លាស់ប្តូរទៅទីតាំងផ្សេង ដោយគិតចាប់ពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ជាកំហិត។

៤៖ មិនអនុញ្ញាតឲ្យម្ចាស់អាជីវកម្ម យកមាន់ថ្មីផ្សេងទៀតចូលទីតាំងកសិដ្ឋាននេះ។

៥៖ ម្ចាស់អាជីកម្មចិញ្ចឹមមាន់ត្រូវសំអាត និងមានអនាម័យល្អនៅទីតាំងចិញ្ចឹម និងជៀសវាងសំឡេងរំខាន និងមានក្លិនស្អុយប៉ះពាល់ដល់អ្នកជិតខាង។

ប៉ុន្តែដោយសារម្ចាស់កសិដ្ឋាន មិនបានគោរពតាមការព្រមព្រៀង ដោយមិនមានវិធានការកាត់បន្ថយ សម្លេងមាន់រងាវរំខាន និងក្លិនស្អុយចេញពីកសិដ្ឋាន ទើបប្រជាពលរដ្ឋដាក់ពាក្យបណ្តឹងជាថ្មី និងស្នើឱ្យបិទកសិដ្ឋានគ្មានច្បាប់អនុញ្ញាតនោះ៕