(ព្រះវិហារ)៖ កំណាត់ផ្លូវខេត្តលេខ២ PVH3 ប្រវែង១៧គីឡូម៉ែត្រ​ ជាផ្លូវយុទ្ធសាស្ត្រក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងនារដូវវស្សាកន្លងមក ត្រូវបានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារជួសជុលឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើររវស់ប្រជាពលរដ្ឋ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងថា កំណាត់ផ្លូវខេត្ត២ PVH3 ប្រវែង១៧គីឡូម៉ែត្រនេះ គឺជាប្រភេទផ្លូវក្រាលល្បាយថ្ម លាតសន្ធឹងពីជើងភ្នំទ្រព្យដល់ភូមិអង្រ្គង ឃុំស្រអែម ស្រុកជាំក្សាន្ត ជាផ្លូវយុទ្ធសាស្ត្ររបស់កងទ័ព និងជាផ្លូវទេសចរណ៍ធម្មជាតិព្រៃភ្នំ ក្បែរជើងភ្នំប្រាសាទព្រះវិហារផងដែរ។

លោកប្រធានមន្ទីរបានបន្តថា ការជួសជុលកំណាត់ផ្លូវខេត្ត២ PVH៣ ឡើងវិញនេះ គឺក្រុមការងារជួសជុល ថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារកៀរសម្រួល ស្រោចទឹក កិនបង្ហាប់ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរធ្វើដំណើរបានស្រួល។

លោក សំ លាងទ្រី បានថ្លែងទៀតថា ក្រោមការណែនាំពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានយកចិត្តទុកដាក់ធ្វើការជួសជុល ថែទាំផ្លូវដែលគ្រប់គ្រងដោយមន្ទីរមិនឱ្យមានគ្រលុកសំបុកមាន់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។រហូតមកដល់ថ្ងៃនេះមន្ទីរបានធ្វើការជួសជុល ថែទាំផ្លូវខូចខាតដោយជំនន់ទឹកភ្លៀងរួចរាល់១០០%បានជាច្រើនខ្សែ និងផ្លូវខ្លះទៀតកំពុងដំណើរការជួសជុល នឹងរួចរាល់១០០%នៅពេលដ៏ខ្លីខាងមុខនេះ។

លោក សំ លាងទ្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវថ្នល់ប្រយោជន៍ឱ្យការប្រើប្រាស់បានយូរអង្វែង ដោយបញ្ឈប់ការចាក់ដីខ្ពស់ជាងផ្លូវ ចាក់ដីលុបលូ ប្រឡាយតាមដងផ្លូវ កុំយកដីចំណីផ្លូវធ្វើអាជីវកម្មគ្រប់ប្រភេទ និងមិនត្រូវដឹកជញ្ជូនទំនិញលើសទម្ងន់ដែលច្បាប់បានកំណត់ជាដាច់ខាត ពិសេសសូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា៕