(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពងចាម នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរៀបចំបានរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី៥ អាណត្តិទី៣ ឆ្នាំ២០២៣ នៅបរិវេណមុខវត្តសុវណ្ណគិរីជើងឆ្នុក ស្ថិតក្នុងភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក ហៃ ងួនលី និងលោក គន់ សុភា អភិបាលរងខេត្តកំពង់ចាម ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត តំណាងមន្ទីរអង្គភាពជុំវិញខេត្ត សមាជិកក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

លោក ហៃ ងួនលី បានឱ្យដឹងថា ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺជាឧបករណ៍ដ៏មានសារៈសំខាន់មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋទាំងបុរស និងស្ត្រី ក្នុងកិច្ចដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ។

វេទិកានេះគឺដើម្បីផ្ដល់ព័ត៌មានដល់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ សហគមន៍ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអំពីសកម្មភាពនានារបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្តក្នុងការឆ្លើយតបទៅនឹងសំណើទាំងឡាយរបស់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងសហគមន៍ប្រជាពលរដ្ឋ ប្រមូល ពិភាក្សាអំពីសំណើ និងមតិយោបល់នានាសម្រាប់សកម្មភាពឆ្នាំខាងមុខ ដែលមានការចូលរួមរបស់សមាជិកក្រុមប្រឹក្សា គណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សា គណៈអភិបាលក្រុង-ស្រុក សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ រួមទាំងតំណាងសហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធដទៃទៀត។

សូមបញ្ជាក់ថា អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់បានឆ្លើយតប និងបកស្រាយបំភ្លឺនូវសំណួរ និងសំណូមពរបានចំនួន៧សំណួរ និងសំណូមពរដែលនៅសេសសល់៦ទៀត ត្រូវបានយកទៅពិភាក្សា ដោះស្រាយនៅពេលក្រោយតាមប្រភេទរដ្ឋបាលនីមួយៗ៕