(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំការប្រឡងជ្រើសរើសសមាសភាពគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ដើម្បីឱ្យបម្រើការងារនៅតាមគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ទាំង២៥ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

យោងតាមផែនការមេ, ការប្រឡងជ្រើសរើសសមាសភាពគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ត្រូវប្រព្រឹត្តទៅនៅគ្រប់រាជធានីខេត្ត។

ដើម្បីឱ្យការប្រឡងនេះ ប្រព្រឹត្តទៅប្រកបដោយភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ គ.ជ.ប បានចាត់តាំងសមាជិក និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ចុះជ្រើសរើសដោយផ្ទាល់ នៅតាមរាជធានី ខេត្តទាំង២៥។ ដោយឡែកសម្រាប់កញ្ចប់វិញ្ញាសារនៃការប្រឡងត្រូវក៏ត្រូវបានរក្សាទុកយ៉ាងមានសុវត្ថិភាព គ្មានបេក្ខជនណាម្នាក់អាចដឹងសំណួរមុនការប្រឡងបានឡើយ។

លោក តុប ឬទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស គ.ជ.ប បានគូសបញ្ជាក់ថា ការប្រលងជ្រើសរើសមន្ត្រីដើម្បីបម្រើការងារ គឺផ្អែកទៅលើសមត្ថភាពច្បាស់លាស់ បម្រើឱ្យការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅពេលខាងមុខនេះ។

លោកបានបន្តថា បើទោះបីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ជាការបោះឆ្នោតអសកលមែន តែ គ.ជ.ប បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការបោះឆ្នោតនេះ មានតម្លាភាព។

ខេត្តដែលត្រូវរៀបចំការប្រឡងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ មានចំនួន១៣ខេត្ត រួមមាន៖ ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តសៀមរាប ខេត្តកោះកុង ខេត្តកំពត ខេត្តស្វាយរៀង ខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្តត្បូងឃ្មុំ ខេត្តឧត្តរមានជ័យ ខេត្តព្រះសីហនុ ខេត្តកណ្តាល និងខេត្តព្រះវិហារ។

ដោយឡែករាជធានីខេត្តដែលរៀបចំការប្រឡងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ មានចំនួន១២ រាជធានីខេត្ត រួមមាន៖ ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តព្រៃវែងខេត្តមណ្ឌលគិរី ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តបន្ទាយមានជ័យ ខេត្តកែប និងរាជធានីភ្នំពេញ។

សូមជម្រាបជូនថា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ គ.ជ.ប បានប្រកាសជ្រើសរើសសមាសភាព គធ.ខប ចំនួន ១៧៥រូប ជាមន្ត្រីជាប់កិច្ចសន្យា រយៈ ពេលខ្លី ឱ្យបម្រើការងារនៅតាម គធ.ខប សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

សមាសភាព គធ.ខប ដែលត្រូវប្រឡងជ្រើសរើស សម្រាប់រាជធានី ខេត្តនីមួយៗ មានចំនួន ០៧រូប ដែលមានមុខតំណែងដូចខាងក្រោម៖

១៖ ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ចំនួន ០១រូប
២៖ អនុប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ចំនួន ០១រូប
៣៖ សមាជិកទទួលបន្ទុកផ្នែករដ្ឋបាល ចំនួន ០១រូប
៤៖ សមាជិកទទួលបន្ទុកផ្នែកហិរញ្ញវត្ថុ ចំនួន ០១រូប
៥៖ សមាជិកទទួលបន្ទុកផ្នែកប្រតិបត្តិការបោះឆ្នោត និងបច្ចេកទេស ចំនួន ០១រូប
៦៖ សមាជិកទទួលបន្ទុកផ្នែកសេវាកម្មច្បាប់ វិវាទកម្ម និងសន្តិសុខបោះឆ្នោត ចំនួន ០១រូប
៧៖ សមាជិកទទួលបន្ទុកផ្នែកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ ចំនួន ០១រូប៕