(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តបទបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត, លោកវរសេនីយ៍ទោ ញ៉ាន អ៊ុយអ៊ាង អធិការរងទទួលការងារសណ្តាប់ធ្នាប់សាធារណៈក្រុងប៉ោយប៉ែត និងលោកវរសេនីយ៍ត្រី ព្រំ ឧត្តម អធិការរងជំនួយការផ្នែកសណ្ដាប់ធ្នាប់សាធារណៈ នគរបាលក្រុង, លោកអនុសេនីយ៍ឯក ស៊ិន ដូនី នាយផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ ដឹកនាំកម្លាំងនគរបាលក្នុងផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍បន្ត ចុះធ្វើការរៀបចំសណ្តាប់ធ្នាប់ តាមដងផ្លូវសំខាន់ៗនៅក្នុងទីប្រជុំជន ជាពិសេស ចំណុចផ្សារត្រីប៉ោយប៉ែត ក្រោយបងប្អូនប្រជាពលរដ្ឋអាជីវករលក់ដូរមួយចំនួន នៅតែមិនគោរពអនុវត្តតាមការណែនាំរបស់កម្លាំងសមត្ថកិច្ច លក់ដូរបណ្តាលឲ្យកកស្ទះផ្លូវ។

សូមបញ្ជាក់ថា កម្លាំងនគរបាលផ្នែកសណ្តាប់ធ្នាប់សាធារណៈ តែងតែបានបន្តចុះរៀបចំសណ្តាប់ធ្នាប់ នៅចំណុចផ្សារត្រី ដោយបានអប់រំណែនាំបងប្អូនអាជីវករ ដែលដាក់តាំងលក់ សម្ភារ និងទំនិញផ្សេងៗ ដែលរំលោភបំពាន លើទ្រូងផ្លូវធ្វើអាជីវកម្ម ផ្ទាល់ខ្លួន បង្កឲ្យមានការកកស្ទះ និងប៉ះពាល់សណ្តាប់ធ្នាប់ សុវត្ថិភាព ចរាចរណ៍ និងដើម្បីងាយស្រួលធ្វើដំណើរទាំងអស់គ្នា។

ឆ្លៀតក្នុងឱកាសនោះ នគរបាលសណ្ដាប់ធ្នាប់សាធារណៈ បានទទូចឲ្យបងប្អូនប្រជាពលរដ្ឋដែលលក់ដូរមួយចំនួន ដែលបានយកចិញ្ចើមផ្លូវដើម្បីរកចំណូលផ្ទាល់ខ្លួន គួរគិតពីផលប៉ះពាល់ដល់អ្នកដទៃផង ហើយក៏បានហាម ចាប់ពីថ្ងៃនេះតទៅ ត្រូវដាក់លក់ដូរឲ្យមានរបៀបរៀបរយ មិនឲ្យដាក់លក់ដូរនៅលើដងផ្លូវសាធារណៈទៀតទេ ចៀសវាងការកកស្ទះនៅលើដងផ្លូវជុំវិញផ្សារត្រីប៉ោយប៉ែត និងគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើងផងដែរ៕