(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌសែនសុខ បានចុះបង្ក្រាបនៅតាំងហ្គេម Online យីហោ «បញ្ញា២ណេត» នៅថ្ងៃទី១៨ ខែសីហាឆ្នាំ២០១៦ ដែលបង្កប់ការភ្នាល់បាល់ ហើយសម្រាប់ប្រតិបត្តិការនេះកម្លាំងអាជ្ញាធរបានធ្វើការ ដកហូតសម្ភារ និងលុយមួយចំនួនធំ។ ទីតាំងហ្គេមនេះស្ថិតនៅផ្ទះលេខ៥៦ ផ្លូវសហព័ន្ធរុស្សីភូមិចុងថ្នល់ ខាងកើតសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប្រតិបត្តិការចុះបង្ក្រាបទីតាំងហ្គេមខាងលើនេះ ដឹកនាំដោយ លោកសាំង សុភៈវិចិត្រ អភិបាលរងខណ្ឌ តំណាងលោកអភិបាលខណ្ឌសែនសុខ និងលោក ទុំ ហៀង ប្រធានការិយាល័យវប្បធម៌ខណ្ឌ និងលោក មៃ មន តំណាងចៅសង្កាត់ទឹកថ្លា និងលោក លឹម សុង នាយរងប៉ុស្តិ៍ទឹកថ្លា និងសណ្តាប់ធ្នាប់ជាច្រើនរូបទៀត។
ម្ចាស់ទីតាំងឈ្មោះជា លាងហឿន ភេទប្រុសអាយុ៤១ឆ្នាំ មុខរបរបើកទីតាំងហ្គេមនិងស្នាក់នៅផ្ទះលេខ១៧១ E0 ផ្លូវ២១៥ សង្កាត់ផ្សារដើមគរខណ្ឌទួលគោក ត្រូវបានចាប់ខ្លួនអមជាមួយ សម្ភារហ្គេមកុំព្យូទ័រចំនួន២៥ ស៊ីវីយូចំនួន២៥ លុយដុល្លារចំនួន២១៤៤$ និងលុយខ្មែរចំនួន២៥០០០០០រៀល។
ការចុះបង្ក្រាបនេះធ្វើឲ្យប្រជាពលរដ្ឋ ក្នុងមូលដ្ឋានពិតជាមានការសាទរចំពោះចំណាត់ការ របស់លោកអភិបាលខណ្ឌសែនសុខ ទៅលើទីតាំងហ្គេម Online ខាងលើនេះ និងសំណូមឲ្យលោកមេត្តា ជួយបោសសំអាតទីតាំងហ្គេមអនឡាញ ឲ្យអស់ផងក្នុងខណ្ឌសែនសុខនេះ ពីព្រោះនៅមានច្រើនកន្លែងទៀត។ បច្ចប្បន្នសម្ភារហ្គេមអនឡាញខាងលើ ត្រូវបានដកហូតយកទៅរក្សាទុក នៅសាលាខណ្ឌសែនសុខ ចាត់ការបន្តទៀត៕