(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក Eddie Maskell-Pedersen នាយការិយាល័យអនុព័ន្ធយោធាអង់គ្លេសថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា

នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញចូលជួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ អគ្គនាយករងនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព តំណាងនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។

ជាមួយគ្នានោះ លោកវរសេនីយ៍ឯក Eddie Maskell-Pedersen បានលើកឡើងថា លោកក៏ធ្លាប់ជាជួបពិភាក្សាការងារជាមួយអង្គការសហប្រជាជាតិផងដែរ និងបានយល់កាន់តែស៊ីជម្រៅអំពីហានិភ័យនៃប្រតិបត្តិការរក្សាសន្តិភាព នៅតាមតំបន់បេសកកម្ម។

លោកមានមោទនភាពយ៉ាងខ្លាំងចំពោះភាពក្លាហាននៃកងកម្លាំងមួកខៀវកម្ពុជា ដែលចូលរួមក្នុងវិស័យរក្សាសន្តិភាព ជាពិសេសកិច្ចសហប្រតិបត្តិការបោសសម្អាតមីន។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានបង្ហាញពីការគាំទ្រ និងចង់ជួយកម្ពុជាឱ្យសម្រេចបានជោគជ័យ ក្នុងគម្រោងកម្ពុជាគ្មានមីន ក្នុងឆ្នាំ២០២៥។

ឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះការមកដល់របស់ លោកវរសេនីយ៍ឯក Eddie Maskell-Pedersen និងបានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនចក្រភពអង់គ្លេស ដែលតែងយកចិត្តទុកដាក់ក្នុងកិច្ចសហប្រតិបត្តិការ ដោះមីន កូវីដ-១៩ និងជាពិសេស កិច្ចសហប្រតិបត្តិការរក្សាសន្តិភាព។

ទន្ទឹមនោះ ឧត្តមសេនីយ៍ទោ ក៏បានថ្លែងអំណរគុណដល់ចក្រភពអង់គ្លេស ដែលបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្នុងបេសកកម្ម UNTAC មកកម្ពុជា នាឆ្នាំ១៩៩១-១៩៩៣ និងបានពលីនូវយុទ្ធជនម្នាក់ផងដែរ។

ឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ បានបន្តថា បន្ទាប់ពី១៣ឆ្នាំក្រោយ នៃការទទួលកម្លាំងរក្សាសន្តិភាព អសប កម្ពុជា​ បានក្លាយជាប្រទេសបញ្ជូនកម្លាំងមួកខៀវ ចូលរួមប្រតិបត្តិការរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ គិតចាប់ពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូនកម្លាំងនៃកងយោធពលខេមរភូមិន្ទទៅ១០ប្រទេស ក្នុង១២បេសកកម្ម សរុបចំនួន ៩០២៧នាក់ នារី ៧២៩នាក់ ខណៈបច្ចុប្បន្នកម្លាំង ៨៤៨ នាក់ ស្រី ១៤៤ នាក់ កំពុងបំពេញបេសកកម្មនៅ ៥ប្រទេស ដូចជា សាធារណរដ្ឋស៊ូដង់ខាងត្បូង ម៉ាលី លីបង់ អាហ្រ្វិកកណ្តាល និងកុងហ្គោ។

ក្នុងនាមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ រីករាយជាខ្លាំងចំពោះទឹកចិត្តរបស់ភាគីចក្រភពអង់គ្លេស។ ឧត្តមសេនីយ៍ទោ ក៏បានស្នើសុំដល់ភាគីចក្រភពអង់គ្លេសជួយផ្តល់វគ្គហ្វឹកហ្វឺនវែង-ខ្លីបន្ថែម ទៅលើជំនាញបោសម្អាតមីន ភាសា ការបញ្ជា Drones រួមទាំងការផ្លាស់ប្តូរទស្សនកិច្ចរវាងប្រទេសទាំងពីរផងដែរ។

លោកវរសេនីយ៍ឯក Eddie Maskell-Pedersen រីករាយនឹងទទួលយកសំណើរខាងលើ ដើម្បីបញ្ជូនទៅថ្នាក់ដឹកនាំចក្រភពអង់គ្លេស៕