(បន្ទាយមានជ័យ​)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​ ដឹកនាំដោយលោក​វរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ មេបញ្ជាការ​មូលដ្ឋានអាវុធហត្ថក្រុង​ បានដឹកនាំកម្លាំងចុះប្រតិបត្តិការភ្លាមៗ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីលួចលុយ និងពាក់ព័ន្ធគ្រឿងញៀន នៅវេលាម៉ោង ២៣និង០០នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចសួនមានជ័យ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា។

ការចាប់ខ្លួនជនសង្ស័យទាំង២នាក់ បានធ្វើឡើងយោងតាមពាក្យបណ្តឹងជនរងគ្រោះឈ្មោះ ចៅ ស៊ាវម៉ី ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក​វរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ មេបញ្ជាការ​មូលដ្ឋានអាវុធហត្ថក្រុង​សិរីសោភ័ណ បានឱ្យដឹងថា​ ជនសង្ស័យទាំង២នាក់​រួមមាន៖

*ទី១៖ ឈ្មោះ​ អង់ ម៉ុន អាយុ៣៧ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ
*ទី២៖ ឈ្មោះ​ ទូច លីជ្រុយ (តេវ) អាយុ២៤ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

វត្ថុតាងចាប់យកមាន៖ ទូរស័ព្ទដៃម៉ាក VIVO ពណ៌ទឹកប៊ិច ចំនួន១គ្រឿង,​ ប្រាក់ខ្មែរ ចំនួន៣០០,០០០រៀល និងប្រាក់ដុល្លារ ចំនួន២០ដុល្លារ,​ ម៉ូតូម៉ាកនិច ពណ៌ស គ្មានផ្លាកលេខ ចំនួន០១គ្រឿង, ទូរស័ព្ទម៉ាក NOKIA ចុចពិល ចំនួន១គ្រឿង,​ គ្រឿងញៀនមេតំហ្វេតាមីនម្សៅក្រាមសថ្លាចំនួន០១កូនថង់កិប។

លោកវរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ បន្តថា​ នៅថ្ងៃនោះ ក្រុមជនសង្ស័យបាននាំគ្នាធ្វើសកម្មភាព លួចយកកាបូបប្រាក់ និងទូរស័ព្ទដៃដែលជនរងគ្រោះ ខណៈទៅមើលការតាំងពិព័រណ៌នៅសួនមានជ័យ ភ្លាមៗជនរងគ្រោះ បានរាយការណ៍ជូនកងកម្លាំងអាវុធហត្ថប្រចាំការនៅទីនោះ លោកក៏បានដឹកនាំកងកម្លាំងដោយផ្ទាល់ចុះស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យ២នាក់ភ្លាមៗ ព្រមទាំងដកហូតវត្ថុតាងម៉ូតូ១គ្រឿង និងកាបូបលុយរបស់ជនរងគ្រោះ នាំយកមកកាន់មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ ដើម្បីចាត់ការតាមនីតិវិធី។

ក្រោយឃាត់ខ្លួន​ និងសួរចម្លើយ ជនសង្ស័យ​បានសារ​ភាពថា​ ពួកខ្លួនពិតជាបានលួចកាបូបលុយ​ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ពិតប្រាកដមែន។​ ដោយផ្អែកលើចម្លើយសារភាព​ ជនសង្ស័យត្រូវបានកម្លាំង មូលដ្ឋានអាវុធហត្ថក្រុង​ បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត​ ចាត់ការបន្តតាមនីតិវិធី​។

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មើស ​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ធ្វើឡើងក្រោមបទបញ្ជាលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា​ ឆ្នាំ​២០២៣​នេះ​ អនុវត្តតាមនីតិវិធី​។ ចំណែកវត្ថុតាងរបស់ជនរងគ្រោះ​ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ​ ប្រគល់ជូនម្ចាស់ដើមវិញ៕