(ភ្នំពេញ)៖ ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោកស្រី សឿន ចរិយា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនអនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនម្នាក់ និងបក្ខពួក៤នាក់ទៀត ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមបទចោទ «ចាប់ និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ជំរិតយកប្រាក់)»

អនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងបក្ខពួកសរុប៥នាក់នោះរួមមាន៖ ទី១៖ឈ្មោះ វ៉ាន់ កុសល ភេទប្រុស (ឋានន្ដរស័ក្ដិ ឧត្តមសេនីយ៍ទោ), ទី២៖ ឈ្មោះ ជួន លឹមហេង ភេទប្រុស, ទី៣៖ ឈ្មោះ អុន សំអូន ភេទប្រុស, ទី៤៖ ឈ្មោះ នេត សុខុម ភេទប្រុស និងទី៥៖ ឈ្មោះ ឈាវ ស៊ីដេត ភេទប្រុស។

មន្ដ្រីសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ការសម្រេចឃុំខ្លួននេះ គឺធ្វើឡើងបន្ទាប់ពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ក្រុមជនត្រូវចោទខាងលើ ពីបទ «ចាប់ និងបង្ខាំងដោយខុសច្បាប់ មានស្ថានទម្ងន់ទោស (ជំរិតយកប្រាក់)» រួចមក, ជនត្រូវចោទទាំង៥នាក់ ត្រូវបានបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរដើម្បីសួរនាំ និងចាត់ការបន្តទៀត។

ទាក់ទិនករណីនេះ លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានរៀបរាប់អំពីដំណើររឿងថា៖

កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ក្រុមជនសង្ស័យខាងលើ ព្រមទាំងបក្ខពួក បានធ្វើសកម្មភាពឃាត់រថយន្តរបស់ជនរងគ្រោះជាជនជាតិចិន ចំនួន៣ករណី៖

*ករណីទី១៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង២២៖០០នាទី ក្រុមជនសង្ស័យ និងបក្ខពួក បានធ្វើសកម្មភាពឃាត់រថយន្តម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2AW-2116 និងឃាត់ខ្លួនជន រងគ្រោះជាជនជាតិចិនចំនួន៤នាក់ នៅចំណុចម្តុំក្បាលថ្នល់ ខណ្ឌចំការមន រាជធានីភ្នំពេញ យកទៅមន្ទីរប្រឆាំងគ្រឿងញៀនដើម្បីធ្វើការឆែកឆេរ ដោយរកឃើញម្សៅពណ៌ទឹកក្រូច ចំនួន១កញ្ចប់ថង់តូចនៅក្នុងរថយន្ត រួចចោទ ប្រកាន់ជនរងគ្រោះថា បានរក្សាទុកគ្រឿងញៀន។

បន្ទាប់មក ក្រុមជនសង្ស័យបានបញ្ជូនជនរងគ្រោះទាំង៤នាក់ ទៅបន្ទប់ឃាត់ខ្លួនជាបណ្តោះអាសន្នដើម្បីបង្ខាំងជនរងគ្រោះ បន្ទាប់មកក្រុមជនសង្ស័យបានទៅជួបជនរងគ្រោះ និងចរចាររឿងតម្លៃ ក្នុងការដោះលែងឲ្យមានសេរីភាព ដោយតម្រូវឲ្យបង់ប្រាក់ក្នុងមួយនាក់ ១០,០០០ដុល្លារ ជាថ្នូរនឹងការដោះលែង។ រហូតមកដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង៥៖០០នាទី ក្រុមជនសង្ស័យ បានទៅជួបជនរងគ្រោះម្តងទៀត ហើយក៏បានធ្វើការសម្របសម្រួល ឲ្យជនរងគ្រោះបង់ប្រាក់ត្រឹម ចំនួន១៥,០០០ដុល្លារ ដើម្បីជាថ្នូរនឹងការដោះលែងឲ្យមានសេរីភាពវិញ។

*ករណីទី២៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២៣៖០០នាទី មានជនជាតិចិនចំនួន៤នាក់ ជិះរថយន្តម៉ាក TOYOTA RALLY HILUX REVO ពាក់ស្លាកលេខភ្នំពេញ 2BB-0037 ចេញពីណាហ្គាវើលភេទប្រុស ឈ្មោះ LI LEI ភេទប្រុស ឈ្មោះ LI YUNSHUAI ភេទប្រុស និងឈ្មោះ HU BANGCAI ភេទប្រុស រួចបានធ្វើការវាយខ្នោះចូលក្នុងរថយន្ត បញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការឆែកឆេរដោយរកឃើញម្សៅពណ៌សចំនួន១កញ្ចប់ថង់តូច រួចចោទប្រកាន់ជនរងគ្រោះថា បានរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងបានបញ្ជូនជនរងគ្រោះទៅបន្ទប់ឃាត់ខ្លួនជាបណ្តោះអាសន្នដើម្បីបង្ខាំង។

លុះដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង៥៖០០នាទី ក្រុមជនសង្ស័យបានទៅជួបជនរងគ្រោះ ដើម្បីចរចារពីតម្លៃក្នុងការដោះលែងឲ្យមានសេរីភាពវិញ ដោយតម្រូវឲ្យបង់ប្រាក់ក្នុងម្នាក់ចំនួន ១០,០០០ដុល្លារ ជាថ្នូរនឹងការដោះលែង។ ក្រោយបង្ខាំងអស់ជាង១យប់ ក្រុមជនសង្ស័យបានមកចរចារពីតម្លៃក្នុងការដោះលែងឲ្យមានសេរីភាពម្តងទៀត ពេលនោះជនរងគ្រោះឈ្មោះ ZHU JIWANG បានយល់ព្រមប្រគល់ទូរស័ព្ទរួមទាំងលេខសម្ងាត់គណនីធនាគារ ABA ទៅឲ្យក្រុមជនសង្ស័យ។

ក្រុមជនសង្ស័យបានឆែកឃើញមានទឹកប្រាក់ចំនួន ៣៣,០០០ដុល្លារ បន្ទាប់មកក្រុមជនសង្ស័យបានឲ្យជនរងគ្រោះទាំង៤នាក់ ធ្វើលិខិតផ្ទេរសិទ្ធិដើម្បីទៅដកប្រាក់ពីធនាគារ ABA ដោយក្រុមជនសង្ស័យបានផ្ទេរប្រាក់តាមរយៈ E-CASH ដើម្បីឲ្យក្រុមជនសង្ស័យអាចដកប្រាក់បាន។ បន្ទាប់ពីដកប្រាក់បានហើយក្រុមជនសង្ស័យបានបង្ខំឲ្យជនរងគ្រោះ ធ្វើលិខិតប្រគល់ប្រាក់ក្រោមរូបភាពជូនជាសាគុណ ក្នុងការដោះលែង។ ក្នុងករណីនេះ ក្រុមជនសង្ស័យបានយកប្រាក់ពីជនរងគ្រោះសរុបចំនួន ៤២,៧០០ដុល្លារ និងដកហូតប្រាក់យ័ន្តចំនួន ២,២០០យ័ន្ត ដើម្បីជាថ្នូរនឹងការ ដោះលែងឲ្យមានសេរីភាពវិញ។

* ករណីទី៣៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង២២៖២៥នាទី ជនរងគ្រោះជនជាតិចិនឈ្មោះ ZHANG BOHAN ភេទប្រុស និងមិត្តភក្តិរួមដំណើរជាជនជាតិចិន ចំនួន៣នាក់ បានជិះរថយន្តម៉ាក RANG ROVER ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2AP-5777 បានចេញពីផ្ទះលេខD18 ផ្លូវDAWIN បុរីវីរជន (កោះពេជ្រ) គោលបំណងទៅខុនដូរ CITY DINES ត្រូវបានក្រុមជនសង្ស័យប្រើប្រាស់រថយន្ត៤គ្រឿង និងម៉ូតូ១គ្រឿង ធ្វើសកម្មភាពស្ទាក់ភ្លង់ដោយអាវុធ AK47 នៅចំណុចមុខសារមន្ទីរព្រះឥសានវរ្ម័ន ផ្លូវ១០៦ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប៉ុន្តែករណីនេះពុំបានសម្រេចដោយហេតុថា ជនរងគ្រោះបានបើករថយន្តគេចខ្លួនរួច៕