(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានថ្លែងថា តាមរយៈកម្មវិធីសមធម៌សុខាភិបាល និងការដាក់ឱ្យអនុវត្តន៍កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព នឹងពង្រីកវិសាលភាពអ្នកទទួលបានការគាំពារផ្នែកសុខភាពរហូតដល់ទៅប្រមាណ ៩លាននាក់។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ពេលអញ្ជើញប្រកាសដាក់ឱ្យអនុវត្តន៍​ជាផ្លូវ​ការ កម្មវិធីនយោបាយ២ រួមមាន៖ ១៖ របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គល និយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកបេឡាជាតិរបបសន្តិសុខសង្គម និង២៖ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ។

សម្តេចធិបតី មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «ការអនុវត្តកម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត នឹងជួយពង្រីកគ្រប់ដណ្តប់ប្រជាជនសរុប ចំនួន ៥លាននាក់ បូកបន្ថែមរបបថែទាំងសុខភាព តាមមូលនិធិសមធម៌ សុខាភិបាលជូនគ្រួសារងាយរងហានិភ័យ ដែលខ្ញុំបានប្រកាសដាក់ឲ្យដំណើរការ កាលពីថ្ងៃទី២៤ ខែតុលា កន្លងទៅនេះ គ្រប់ដណ្តប់ប្រជាជនសរុបប្រមាណជាង ៤លាននាក់។ កម្មវិធីទាំងពីរ រួមបញ្ចូលគ្នានឹងពង្រីកសេវាថែទាំសុខភាពដល់ប្រជាជនចំនួនជាង ៩លាននាក់ ដែលឆ្ពោះទៅរកការគ្រប់ដណ្តប់សុខភាពជាសកល»

បើតាមប្រសាសន៍សម្តេចធិបតី នេះជាការបង្ហាញថា រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ថែទាំសុខភាពរបស់កម្មករនិយោជិត ដោយមិនទាន់នរណាម្នាក់ចោល ដោយមិនបានព្យាបាល ពេលមានជំងឺឡើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដែរថា ប្រជាពលរដ្ឋត្រូវចំណាយជាមធ្យមក្នុងមួយខែចន្លោះពី ១៥ដុល្លារ ទៅ២០ដុល្លារ ឬស្មើ ២៥០ដុល្លារក្នុងមួយឆ្នាំទៅលើបញ្ហាសុខភាព។

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងទៀតថា កន្លងមកតាមរយៈការខិតខំអនុវត្តដោយជោគជ័យនូវអនុសាសន៍ ទាំង១០ចំណុច របស់សម្តេចតេជោ ប្រាក់ឈ្នួលអប្បរមារបស់បងប្អូនកម្មករនិយោជិត បានកើនឡើងជាលំដាប់ ជាបន្តបន្ទាប់ រួមទាំងអត្ថប្រយោជន៍ផ្សេងៗបន្ថែមទៀត ការកាត់បន្ថយការចំណាយរបស់បងប្អូនកម្មករនិយោជិត ដោយបានបង្កើត និងពង្រីកវិសាលភាព បេឡាជាតិរបបសន្តិសុខសង្គម ជាបន្តបន្ទាប់ ដោយតម្រូវឲ្យនយោជកបង់ជំនួសកម្មករនិយោជិត ១០០ភាគរយ នៅក្នុងការថែទាំងសុខភាព គ្រោះថ្នាក់ការងារជួយបង់ ៥០ភាគរយ ក្នុងប្រាក់សោធន ដែលជាហេតុធ្វើឲ្យបងប្អូនកម្មករនិយោជិត អាចរក្សាបាននូវសន្តិសុខចំណូល និងកាត់បន្ថយហានិភ័យទាំងឡាយ នៅក្នុងអំឡុងពេលមានការងាររហូតដល់ពេលចូលនិវត្តន៍។ ដោយឡែក កម្មករនិយោជិតជាស្ត្រី ទទួលបានការយកចិត្តទុកដាក់ និងគាំពារទាំងមុនពេលសម្រាល ពេលសម្រាល និងក្រោយពេលសម្រាលកូន។

សម្តេចធិបតី បានបន្តថា រាជរដ្ឋាភិបាល បានដាក់ឲ្យអនុវត្តជាបន្តបន្ទាប់ នូវរបបសន្តិសុខសង្គម ក្នុងនោះផ្នែកហានិភ័យការងារ នៅឆ្នាំ២០០៨ ទីពីរផ្នែកថែទាំងសុខភាព នៅឆ្នាំ២០០៦ និងទីបី ប្រាក់សោធន នៅឆ្នាំ២០២២។ ទាំងនេះ សុទ្ធតែបានបង្ហាញថា ការអនុវត្តរបបសន្តិសុខសង្គម គឺជាការយកចិត្តទុកដាក់ដ៏ចម្បង របស់រាជរដ្ឋាភិបាល ក្នុងការជួយប្រជាពលរដ្ឋ ឲ្យទទួលបានអត្ថប្រយោជន៍ នៅក្នុងការគាំពារគ្រោះថ្នាក់ការងារ ការថែរក្សាសុខភាព ការទទួលបានប្រាក់សោធន ដូចមន្ត្រីរាជការសាធារណៈដែរ ដែលពីមុនមកមិនមានអនុវត្តនោះទេ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា កម្មវិធីថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត ដែលប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនៅថ្ងៃនេះ មានវិសាលភាពអនុវត្តចំពោះ៖ ទី១ បុគ្គលស្វ័យនិយោជ និងទី២ អ្នកទទួលបន្ទុកក្នុងសមាជិកបេឡាជាតិរបបសន្តិសុខសង្គម រួមមាន ប្តី ឬប្រពន្ធ និងកូនក្នុងបន្ទុក ដើម្បីឲ្យបងប្អូនដែលជាបុគ្គលស្វ័យនិយោជ និងអ្នកនៅក្នុងបន្ទុកសមាជិកបេឡាជាតិរបបសន្តិសុខសង្គម កូនក្រោមអាយុ ១៨ឆ្នាំ ប្តី ឬប្រពន្ធ ដែលមានអាយុ ៦០ឆ្នាំចុះ អាចបង់ភាគទានបេឡាជាតិរបបសន្តិសុខសង្គម ផ្នែកភាគទានស្ម័គ្រចិត្តបាន។ ការពង្រីកវិសាលភាពនេះ ដើម្បីឆ្លើយតបនឹងកំណើននៃតម្រូវការ និងសេចក្តីប្រាថ្នា ការចង់ក្លាយជាសមាជិក បសស ពីបងប្អូននៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសបុគ្គលស្វ័យនិយោជ ព្រមទាំងពីសំណាក់សមាជិក បសស ដែលប្រាថ្នាចង់បានការថែទាំដល់សមាជិកគ្រួសារខ្លួនផង ពីព្រោះបច្ចុប្បន្ននេះ បសស បានក្លាយជានិមិត្តរូបនៃសុខភាព និងការរីកចម្រើនរបស់ប្រជាជន និងកម្មករនិយោជិត ដែលបានកាត់បន្ថយបន្ទុកចំណាយ និងពង្រឹងស្ថិរភាព និងការព្យាករណ៍នៃចំណូល និងធ្វើឲ្យប្រសើរឡើង នូវសុខភាពរបស់ខ្លួន៕