(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ទៅលើសុខុមាលភាព និងការអប់រំរបស់ប្រជាពលរដ្ឋតាំងពីដើមទី ក្នុងនោះការគិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋគឺតាំងពីមុនពេលកើត ហើយពេលកើតមកត្រូវគិតទាំងការអប់រំ ទាំងការជួយការបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ដូចនេះនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នាឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការកម្មវិធីនយោបាយចំនួនពីរក្នុងវិស័យការងារ ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់កម្មករ និយោជិត។ កម្មវិធីនយោបាយទាំងពីរនេះរួមមាន៖ ១៖ របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គល និយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកបេឡាជាតិរបបសន្តិសុខសង្គម, ២៖ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ការយកចិត្តទុកដាក់លើសុខុមាលភាព និងការអប់រំរបស់ប្រជាពលរដ្ឋយើង យើងគិតតាំងពីដើមទី សុខភាពយើងគិតតាំងពីមុនកើត ហើយពេលកើតមកហើយត្រូវគិតទាំងការអប់រំ ទាំងការជួយការបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ ហើយការបង្កើតនេះឃើញថា ការសិក្សាកន្លងទៅតាមការរាយការណ៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឃើញថា សិស្សដែលបានចូលទៅរៀនថ្នាក់បឋម បើសិនបានឆ្លងកាត់នូវមត្តេយ្យមួយជំហ៊ានមុន គឺងាយស្រួល និងងាយចាប់បាន»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ការរៀបចំនូវមត្តេយ្យសហគមន៍ និងទារកដ្ឋាននេះក៏បានចូលរួមចំណែកក្នុងការយកចិត្តទុកដាក់ទៅលើសុខុមាលភាពរបស់ទារក ជួយបំប៉នគ្រប់គ្រងទាំងការហូបចុក និងការបង្ហាត់បង្រៀនផ្សេងៗដែលអាចនិយាយបានថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់តាំងពីដើមទីតែម្តង ដែលអាចជួយដល់កម្មការិនីដែលមានកូនតូច អាចបំពេញការងារបានផងដែរ ដោយសារកូនមានអ្នកថែទាំ និងមានគ្រូដែលមានជំនាញច្បាស់លាស់ ក្នុងការថែទាំ និងអប់រំបឋមដល់កូចចៅខ្លួន និងទទួលបានបញ្ញាញាណគ្រប់គ្រាន់ អាហារូបត្ថម្ភគ្រប់គ្រាន់ និងមានមូលដ្ឋានដើម្បីប្រកួតប្រជែង។
នាឱកាសនេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ការលើកកម្ពស់ជំនាញ សមត្ថភាព និងឥរិយាបថការងារ និងផលិតភាពជាមួយការលើកកម្ពស់កិច្ចការគាំពារសង្គម ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាគោលដៅអតិភាពខ្ពស់ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងគោលបំណងពង្រឹងភាពប្រកួតប្រជែង និងការធានាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ការបង្កើតការងារបានកាន់តែប្រសើរ និងការបង្កើនប្រាក់ចំនូលប្រកបដោយស្ថេរភាព ព្រមទាំងបញ្ជៀសបាននូវហានិភ័យ និងផលប៉ះពាល់អវិជ្ជមានណាមួយដែលកើតមានឡើងជាយថាហេតុ ដើម្បីឆ្លើយតបនឹងបញ្ហាជំនាញ និងអនាគត់នៃការងារផងដែរ៕