(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់ទុកការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដើម្បីឲ្យមានចំណេះដឹង ចំណេះធ្វើ អាចស្វែងរកការងារ ឬបង្កើតការងារដោយខ្លួនឯង ប្រៀបដូចជាការបង្រៀនឲ្យពួកគេចេះស្ទួចត្រី និងមានភាពម្ចាស់ការលើជីវិតរបស់ខ្លួន ជាមួយជំនាញច្បាស់លាស់។
ក្នុងឱកាសអញ្ជើញជាអធិបតីភាព អញ្ជើញប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការ កម្មវិធីនយោបាយចំនួនពីរក្នុងវិស័យការងារ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់កម្មករ និយោជិត នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្មវិធីនេះ នឹងធ្វើឲ្យយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ មានជីវភាពល្អប្រសើរ ដោយរក្សាបាននូវស្ថេរភាព និងកំណើន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ជារួមការដាក់ចេញនូវកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ គឺជាខិតខំរបស់រាជរដ្ឋាភិបាល ដើម្បីជួយបងប្អូនប្រជាពលរដ្ឋនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យអាចមានចំណេះដឹង ចំណេះធ្វើ អាចស្វែងរកការងារ ឬបង្កើតការងារដោយខ្លួនឯង ប្រៀបដូចជាការជីកស្រះឲ្យធំ ដើម្បីចិញ្ចឹមត្រី និងបង្រៀនឲ្យបងប្អូនចេះស្ទួចត្រី ឬនឹងផ្ដល់ឱកាស និងសិទ្ធិ និងជម្រើសជូនបងប្អូនដើម្បីចាប់ត្រីដោយខ្លួនឯង»។
បើតាមប្រសាសន៍របស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី, នេះជាមធ្យោបាយយូរអង្វែងដែលជួយគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ រួចចាកផុតពីភាពក្រីក្រ ក្លាយជាគ្រួសារដែលមានជំនាញមួយអាចប្រកបការងារ និងមុខរបរបង្កើនជាចំណូលយូរអង្វែង និងមានលទ្ធភាពចូលរួមនៅក្នុងប្រព័ន្ធសន្ដិសុខសង្គមនៅពេលណាមួយនៅថ្ងៃអនាគត។ ភាពមានជំនាញគ្រប់គ្រាន់ នឹងផ្ដល់លទ្ធភាពកាន់ខ្ពស់ដល់ប្រជាពលរដ្ឋគ្រប់រូប អាចចូលរួមចាប់យកឱកាស និងទទួលយកផលប្រយោជន៍ពីកំណើនសេដ្ឋកិច្ចបានគ្រប់រូប សំដៅឆ្លើយតបតាមសេចក្ដីប្រាថ្នារបស់ខ្លួន ដែលមានប្រាក់ចំណូល និងកម្រិតជីវភាពកាន់តែខ្ពស់ និងការរស់នៅប្រកបដោយសេចក្ដីថ្លៃថ្នូរស៉ីវិល័យ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា តាមរយៈការដាក់ចេញនូវកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យទូទាំងប្រទេស ដែលមានចំនួនប្រមាណ១.៥លាននាក់ នៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនេះ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈមួយដែលមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ២០ម៉ឺនរៀល គឺជាវិធានការបង្រួមវិសមភាពសេដ្ឋកិច្ចមួយ ប្រកបដោយប្រសិទ្ធភាព និងបរិយាប័ន ដោយឈរលើអាទិភាពគន្លឹះទី១ «មនុស្ស» និងគោលដៅយុទ្ធសាស្ដ្រទី៣ «សមធម៌» នៃយុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី១ សំដៅសម្រេចឲ្យបាននូវគោលកាត់បន្ថយភាពក្រីក្រក្នុងអត្រាទាបជាង១០ភាគរយ និងបន្ដខិតខំទាញទម្លាក់អត្រាភាពក្រីក្រ ឲ្យស្ថិតនៅក្នុងកម្រិតជាអប្បរមា។
កម្មវិធីនេះ នឹងធ្វើឲ្យយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ មានជីវភាពល្អប្រសើរ ដោយរក្សាបាននូវស្ថេរភាព និងកំណើន។ កម្មវិធីនេះមានចក្ខុវិស័យច្បាស់លាស់ និងមុតស្រួច ក្នុងការផ្ដល់ជំនាញប្រចាំជីវិតពិតប្រាកដ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដើម្បីទទួលបានឱកាសការងារ និងបង្កើតការងារដោយខ្លួនឯងប្រកបដោយភាពម្ចាស់ការ មានគុណភាព និងផលិតភាពខ្ពស់សម្រាប់ផ្គត់ផ្គង់ និងឆ្លើយតបបានតាមតម្រូវការទីផ្សារការងារ។ ជារួមការអនុវត្តកម្មវិធីនេះ នឹងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់គ្រួសារ នៃយុវជនគោលដៅឲ្យបានប្រសើរ និងចាកផុតពីបន្ទាត់នៃភាពក្រីក្រ។
សម្ដេចគូសបញ្ជាក់ថា ច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងជួយឧបត្ថម្ភសាច់ប្រាក់ ដល់គ្រួសារក្រីក្រ ប្រមាណជាង៧០ម៉ឺនគ្រួសារ និងគ្រួសារងាយរងហានិភ័យជាច្រើនម៉ឺនគ្រួសារទៀត ដែលការជួយឧបត្ថម្ភនេះ ប្រៀបដូចជាការឲ្យត្រីទៅបងប្អូនប្រជាពលរដ្ឋដែលអាចឲ្យបងប្អូនអាចរស់បាននៅក្នុងស្ថានភាពលំបាកចំពោះមុខ ប៉ុន្ដែមិនគ្រប់គ្រាន់ទេសម្រាប់ការកសាងជីវភាពរឹងមាំប្រកបដោយចីរភាពនោះទេ។
ដូច្នេះការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ នៅទូទាំងប្រទេស មានតួនាទីចម្បងបី ទី១៖ ផ្ដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ, ទី២៖ ជួយកាត់បន្ថយគំលាតជំនាញ និងលើកកម្ពស់ផលិតភាពនៅក្នុងសកម្មភាពផលិតកម្ម និងអាជីវកម្ម ខណៈដែលកម្ពុជាកំពុងខិតខំប្រែក្លាយពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មដោយពឹងផ្អែកទៅលើជំនាញ និងទី៣៖ ជំរុញកំណើនសេដ្ឋកិច្ចខ្ពស់តាមរយៈការផ្ដល់នូវកម្លាំងពលកម្មជំនាញ ដើម្បីគាំទ្រការអភិវឌ្ឍឧស្សាហកម្ម ដែលមានតម្លៃបន្ថែមខ្ពស់ជាងមុន៕