Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វៀតណាម និង អូស្ត្រាលី ប្រឈមមុខជម្លោះការទូត ដោយសារការហាមឃាត់ពិធីរំលឹកខួបសង្គ្រាមនៅ Long Tan

18-08-2016 14:40

(វៀតណាម)៖ ពិធីបុណ្យមួយដែលអូស្ត្រាលីប្រារព្ធឡើង ដើម្បីរំលឹកខួបទី ៥០ឆ្នាំ​ ក្នុងសង្គ្រាមវៀតណាមនោះ បានឈាន ទៅរកជម្លោះផ្នែកការទូតរវាងប្រទេសទាំងពីរ ខណៈដែលរដ្ឋាភិបាល ទីក្រុងហាណូយ បានហាមឃាត់ជនជាតិ អូស្ត្រាលី មិនឲ្យចូលទៅក្នុងតំបន់ Long Tan ដើម្បីប្រារព្ធពិធី។ នេះបើតាមការចេញផ្សាយ​​នៅមុននេះបន្តិចដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០១៦។

នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Malcolm Turnbull បានចំណាយពេលរហូតដល់ទៅ ១១ម៉ោង ដើម្បីរៀបចំសំណើ ទៅកាន់សមភាគីវៀតណាមគឺលោក Nguyen Xuan Phuc ជំនួសឲ្យក្រុមគ្រួសារអតីតកងទ័ពអូស្ត្រាលីប្រមាណ ១,០០០នាក់ ដែលបានធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ប៉ុន្តែពួកគេត្រូវបានអាជ្ញាធរវៀតណាមរារាំង ដោយអះអាងថាពិធីបែបនេះ ជាការប្រមាថប្រជាជនវៀតណាម។

ក្រោយការពិភាក្សាគ្នារវាងមេដឹកនាំទាំងពីរ ទើបអ្វីៗបានវិលទៅរកភាពប្រសើរឡើងវិញ។ លោក Turnbull បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃព្រហស្បតិ៍នេះ ពីទីក្រុង Canberra ថា «ខ្ញុំសូមថ្លែងអំណរគុណដល់ នាយករដ្ឋមន្ត្រីវៀតណាម ដែលបានស្វាគមន៍ខ្ញុំកាលពីយប់មិញ និងឈានដល់ការ អនុញ្ញាតឲ្យមានការរៀបចំ ពិធីបុណ្យ និងអនុញ្ញាតឲ្យក្រុមគ្រួសារអតីតយុទ្ធជន ដែលបានធ្វើដំណើរទៅកាន់ប្រទេសវៀតណាមនោះ បានចូលរួម ពិធីដើម្បីគោរពវិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់នៅទីនោះ រាប់សិបឆ្នាំមកហើយ»

គួរបញ្ជាក់ថា កម្មវិធីបុណ្យខាងលើនេះ ពីដំបូងឡើយត្រូវបានគ្រោងរៀបចំឡើង ដោយមានកិច្ចសហការជាមួយនឹង រដ្ឋអំណាចវៀតណាម ប៉ុន្តែវាត្រូវបានផ្អាកទៅវិញ បន្ទាប់ពីអាជ្ញាធររារាំង។ ដោយមានកិច្ចអន្តរាគមន៍ ពីស្ថានទូត អូស្ត្រាលី ទៅកាន់រដ្ឋាភិបាលទីក្រុងកង់បេរ៉ានោះ ទើបកិច្ចចរចា សុំការអនុគ្រោះត្រូវបានធ្វើឡើងរវាងនាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ៕