(ភ្នំពេញ)៖ លោក Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា បានបង្ហាញបំណងជួយគាំទ្រកម្ពុជា ក្នុងការសម្របសម្រួលរាល់ឯកសារករណីដែលកម្ពុជា ត្រូវការថវិកាពីមូលនិធិអារ៉ាប៊ីសាអូឌីត សម្រាប់ការអភិវឌ្ឍ SFD។
ការលើកឡើង របស់លោក Mohammed Ismaeil A. Dahlwy ក្នុងឱកាសដែលលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅការិយាល័យរបស់លោកបណ្ឌិត រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោក Mohammad Ismaeil A.Dahlway បានអបអរសាទរជូនចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តីថ្មី សម្រាប់កម្ពុជា និងបានកោតសរសើរដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ឱកាសដល់ថ្នាក់ដឹកនាំឥស្លាមកម្ពុជា ជាច្រើនរូប ចូលរួមចំណែកការងារជាមួយរដ្ឋាភិបាល ដែលនេះបានបង្ហាញឲ្យឃើញយ៉ាងពិតប្រាកដពី សុខដុមនីយកម្ម និងសេរីភាពពេញលេញនៅកម្ពុជា។
ជាមួយគ្នានោះ លោកបណ្ឌិត បានសម្ដែងអារម្មណ៍រីករាយចំពោះដំណើរទស្សនៈកិច្ចរបស់ ឯកឧត្ដមឯកអគ្គរាជទូត ដែលនេះបញ្ជាក់ពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត។ លោកបានស្នើសុំដល់រាជរដ្ឋាភិបាលប្រទេសអារ៉ាប៊ីសាអូឌីត ឲ្យជួយសម្រួលបន្ថែមទៀត នូវអាហារូបករណ៍សម្រាប់និសិត្សកម្ពុជា គម្រោងសាងសង់វិហារ សាលារៀន និងគម្រោងមនុស្សធម៌ជាដើម ដើម្បីចូលរួមអភិវឌ្ឈនៅកម្ពុជា។
លោក អូស្មាន ហាស្សាន់ ក៏បានស្នើសុំក្នុងការបង្កើនចំនួនអ្នកធ្វើហាជ្ជី (ធ្វើបុណ្យធម្មយាត្រា) សម្រាប់កម្ពុជា ដើម្បីឲ្យប្រជាពលរដ្ឋឥស្លាមកម្ពុជាមានឱកាសទៅធ្វើបុណ្យហាជ្ជីបានច្រើន ក្នុងការបំពេញកាតព្វកិច្ចដ៏សំខាន់នេះ។ លោកក៏បានលើកឡើងពីសន្ទុះ នៃការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា ដូចជាវិស័យពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម អប់រំ និងវិស័យផ្សេងៗទៀត។
លោកបណ្ឌិត បានស្នើឲ្យភាគីប្រទេសអារ៉ាប៊ីសាអ៊ូឌីត ជួយសហការ និងផ្សព្វផ្សាយដល់ប្រជាជន សហគ្រិន អ្នកវិនិយោគ នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ឲ្យមកវិនិយោគ លើវិស័យនានា រួមទាំង វិស័យហាឡាល កសិកម្ម និងឧស្សាហកម្ម ដោយកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការជាមួយប្រទេស អារ៉ាប៊ីសាអ៊ូឌីត។
ជាកិច្ចឆ្លើយតប ភាគីអារ៉ាប៊ីសាអូឌីត ពិតជាមានបំណងក្នុងការសហការជាមួយកម្ពុជាដើម្បីផលប្រយោជន៍រួម ហើយឥលូវនេះ អារ៉ាប៊ីសាអូឌីតបាន និងកំពុងខិតខំប្រឹងប្រែង ក្នុងការបើកស្ថានទូតរបស់ខ្លួនឲ្យមាននិវេសនដ្ឋាននៅរាជធានីភ្នំពេញ ឲ្យបានឆាប់តាមដែលអាចធ្វើបាន ដើម្បីពង្រឹង និងសម្រួលរាល់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អារ៉ប៊ីសាអីឌីត ឲ្យបានកាន់តែល្អប្រសើរ លើគ្រប់វិស័យ៕