(ភ្នំពេញ)៖ ប្រធានាធិបតីបារាំង លោក Emmanuel MACRON បានប្តេជ្ញាចិត្តក្នុងការជួយដល់វិស័យវប្បធម៌ ជាពិសេសគម្រោងការជួសជុល និងការពង្រីក សារមន្ទីរជាតិ និងគម្រោងជួសជុលរូបព្រះវិស្ណុធ្វើពីសំរឹទ្ធ ដើម្បីយកមកតាំងនៅប្រទេសបារាំង ជាមួយនឹងវត្ថុបុរាណមួយចំនួនទៀត។
ការប្ដេជ្ញាចិត្ដនេះ ធ្វើឡើងក្នុងឱកាសនៃព្រះរាជទស្សនកិច្ចផ្លូវការរបស់ព្រះមហាក្សត្រកម្ពុជា នៅសាធារណរដ្ឋបារាំង ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ គ្រាជួបព្រះរាជសវនាការជាមួយ លោក Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នៅវិមាន Élysée នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្នុងព្រះរាជសវនាការនោះ ព្រះករុណា ព្រះមហាក្សត្រ ក៏បានថ្លែងអំណរគុណចំពោះបារាំង ដែលបានដើរតួនាទីសំខាន់ក្នុងការបន្តយន្តការអន្ដររដ្ឋាភិបាលស្ដីពី ការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្រ្ដតំបន់អង្គររយៈពេល១០ ឆ្នាំបន្ថែមទៀត (២០២៣-២០៣២) ដែលយន្តការនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៣ ក្រោមការផ្តួចផ្តើម និងអំពាវនាវនៃ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»។ គំនិតផ្តួចផ្តើមនេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាគ្រប់ជំនាន់ចាត់ទុកជាអាទិភាព ទាំងក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទាំងរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
បើតាម លោក Emmanuel MACRON រាជរដ្ឋាភិបាលបារាំងបានប្តេជ្ញាចិត្តក្នុងការជួយដល់ វិស័យវប្បធម៌ ជាពិសេស គម្រោងការជួសជុល និងការពង្រីក សារមន្ទីរជាតិ និងគម្រោងជួសជុលរូបព្រះវិស្ណុធ្វើពីសំរឹទ្ធ ដើម្បីយកមកតាំងនៅប្រទេសបារាំង ជាមួយនឹងវត្ថុបុរាណមួយចំនួនទៀត។ លោក Emmanuel MACRON បានចាត់ទុកថា ជោគជ័យនៃយន្តការអន្ដររដ្ឋាភិបាលស្ដីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្រ្ដតំបន់អង្គរ គឺជាគំរូនៃពហុភាគីនិយម។
តបនឹងព្រះរាជសំណើរបស់ ព្រះករុណា ព្រះមហាក្សត្រ លោកប្រធានាធិបតីបារាំង ក៏បានសន្យាទៀតថា នឹងបញ្ជូនអ្នកបច្ចេកទេសមកសិក្សា និងជួសជុលព្រះរាជដំណាក់ Pavillon Napoleon III នៅក្នុងបរិវេណព្រះបរមរាជវាំងផងដែរ៕