(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការដាក់ឱ្យអនុវត្តកម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព គឺឆ្លើយតបនឹងប្រាថ្នារបស់ប្រជាពលរដ្ឋ ពិសេសការគាំទ្រជីវភាពនៅពេលមានគ្រោះថ្នាក់ការងារ ការថែទាំសុខភាព ការទទួលបានប្រាក់សោធន ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រកម្ពុជានោះទេ។

ការថ្លែងបែបនេះរបស់សម្ដេចធិបតីធ្វើឡើងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្ដេចធិបតីបានថ្លែងថា ការអនុវត្តរបបសន្តិសុខសង្គម គឺជាការអនុវត្តដោយយកចិត្តទុកដាក់ដ៏ចម្បងរបស់រាជរដ្ឋាភិបាលក្នុងការជួយប្រជាពលរដ្ឋឱ្យទទួលបានអត្ថប្រយោជន៍ ពិសេសការគាំទ្រជីវភាពនៅពេលមានគ្រោះថ្នាក់ការងារ ការថែទាំសុខភាព ការទទួលបានប្រាក់សោធនដូចមន្ត្រីរាជការសាធារណៈដែរ ដែលពីមុនមកមិនមានអនុវត្តនោះទេនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។

សម្ដេចធិបតីបានបន្តថា កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ដែលប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃនេះ មានវិសាលភាពអនុវត្តចំពោះបុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស រួមមានប្ដីឬប្រពន្ធ និងកូនក្នុងបន្ទុក ដើម្បីឱ្យពលរដ្ឋដែលជាបុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស គឺកូនក្រោមអាយុ១៨ឆ្នាំ ប្ដីឬប្រពន្ធដែលមានអាយុ៦០ឆ្នាំចុះ អាចបង់ភាគទានផ្នែកថែទាំសុខភាពបាន។

សម្ដេចធិបតីបានថ្លែងយ៉ាងដូច្នេះថា «ការពង្រីងវិសាលភាពនេះគឺដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការ និងសេចក្ដីប្រាថ្នាចង់ក្លាយជាសមាជិក ប.ស.ស ពីពលរដ្ឋនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពិសេសបុគ្គលស្វ័យនិយោជន៍ ព្រមទាំងសមាជិក ប.ស.ស ដែលប្រាថ្នាចង់បានការថែទាំសុខភាពដល់សមាជិកគ្រួសាររបស់ខ្លួនផងដែរ ពីព្រោះបច្ចុប្បន្ននេះ ប.ស.ស បានក្លាយជានិម្មិតរូបសុខភាព និងការរីកចម្រើនរបស់ប្រជាជន និងកម្មករនិយោជិត ដែលបានជួយកាត់បន្ថយបន្ទុកចំណាយ ពង្រឹងស្ថិរភាព និងការព្យាករណ៍ចំណូល ធ្វើឱ្យប្រសើរឡើងនូវសុខភាពរបស់ពួកគាត់»

បុគ្គលស្វ័យនិយោជន៍ និងសមាជិក ប.ស.ស រួមមានប្ដីឬប្រពន្ធ និងកូនក្នុងបន្ទុក អាចទទួលបានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដោយគ្រាន់តែបង់ភាគទាន២.៦%នៃប្រាក់ចំណូលជាប់ភាគទាន៦០ម៉ឺនរៀល ដែលស្មើនឹង១៥,៦០០រៀល។ ការចូលរួមជាសមាជិក ប.ស.ស ផ្នែកថែទាំសុខភាព ទាំងរបបភាគទាន កាតព្វកិច្ច និងរបបភាគទានដោយស្ម័គ្រចិត្ត អនុញ្ញាតឱ្យកម្មករនិយោជិតទទួលបានអត្ថប្រយោជន៍ជាច្រើន។

តាមការសិក្សាស្រាវជ្រាវកន្លងមក កម្មករនិយោជិត ឬពលរដ្ឋម្នាក់ត្រូវចំណាយ២៥០ដុល្លារក្នុង១ឆ្នាំ ឬចន្លោះពី១៥-២០ដុល្លារក្នុងមួយខែ ក្នុងករណីមិនមានរបបថែទាំសុខភាព នេះក៏ធ្វើឱ្យកម្មករនិយោជិត ឬប្រជាពលរដ្ឋមួយចំនួនមិនហ៊ានទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យញឹកញាប់នោះទេ ដោយសារនេះជាការចំណាយផ្ទាល់ខ្លួន រហូតបណ្ដោយខ្លួនឱ្យមានជំងឺដល់ដំណាក់កាលធ្ងន់ធ្ងរពិបាកនឹងព្យាបាល កត្តានេះមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់លំនឹងជីវភាពគ្រួសារតែប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់ផលិតភាពការងារ និងច្រវាក់ផលិតកម្មរបស់ស្ថាប័ន រោងចក្ររបស់ខ្លួនផងដែរ។

បើតាមលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈតាមរយៈកម្មវិធីនេះ បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. រួមមាន ប្តីឬប្រពន្ធ និងកូនក្នុងបន្ទុក អាចទទួលបានសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រនៅគ្រប់ពេទ្យដែលជាដៃគូរបស់ ប.ស.ស. បន្ថែមពីលើមន្ទីរពេទ្យរដ្ឋ។ បុគ្គលស្វ័យនិយោជន៍ ជាស្ត្រីដែលបង់ភាគទានបាន៩ខែជាប់គ្នា នឹងទទួលបានប្រាក់បំណាច់លម្ហែមាតុភាពនៅពេលសម្រាលកូន និងវិភាជន៍ប្រាក់បូជាសពនៅពេលទទួលមរណភាពផងដែរ៕