(ភ្នំពេញ)៖ ដោយមានការពន្យល់ និងណែនាំ ពីអាជ្ញាធររាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ, សមាគមជយលាភីបញ្ញាជនកម្ពុជា បានឯកភាពថា នឹងមិនធ្វើការហែក្បួនដាក់ញ្ញត្តិទៅរដ្ឋសភា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ខាងមុខ ដូចដែលបានស្នើឡើយ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ អាជ្ញាធរភ្នំពេញបានកោះអញ្ជើញតំណាងសមាគមជយលាភីបញ្ញាជនកម្ពុជា ដើម្បីប្រជុំពាក់ពន្ធ័ទៅនឹងសមាគមនេះ មានគម្រោងធ្វើការដង្ហែក្បួន មហាជនចូលរួមប្រមាណ១ម៉ឺននាក់ នៅព្រឹកថ្ងៃទី២២ សីហា ២០១៦ ដើម្បីដាក់ញ្ញត្តិទៅរដ្ឋសភា។
លោកបានបន្ថែមថា បន្ទាប់ពីការសម្របសម្រួលមក សមាគមជ័យលាភីបញ្ញាជនកម្ពុជា ដែលមានតំណាងដោយ លោក រស់ សារ៉ុម បានសម្រេចថានឹងមិនមានការហែក្បួនឡើយ ហើយពួកគេនឹងចាត់តំណាងតែពីនាក់ ដើម្បីនាំញត្តិនេះ ដាក់ នៅរដ្ឋសភាតែម្តង។
សូមជំរាបថា តាមគម្រោងញត្តិ សមាគមជ័យលាភីបញ្ញាជនកម្ពុជាដើម្បីជូនរដ្ឋសភា មានខ្លឹមសាររួមមាន៖
១.ស្នើរាជរដ្ឋភិបាលកម្ពុជា អនុវត្តយ៉ាងម៉ឹងម៉ាត់ច្បាប់ស្ដីពីសញ្ញាតិនៃព្រះរាជាណាចក្រកម្ពុជា
២.ស្នើររដ្ឋសភា បង្កើតនិងអនុម័តច្បាប់ អនុញ្ញាតអោយពលករចំណាកស្រុកក្រៅប្រទេស បានចូលរួមឈ្មោះបោះឆ្នោត និងបោះឆ្នោតនៅតាមបណ្តាប្រទេស ដែលពួកគេធ្វើការងារ។
៣.ស្នើរស្ថាប័តនីតិបញ្ញត្តិ កុំជ្រៀតជ្រែកកិច្ចការ និងដំណើរការនីតិវិធីស្ថាប័នតុលាការ៕